អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ បើ​អាមេរិក​និង​ចិន​វាយ​គ្នា គ្មាន​អ្នកណា​ឈ្នះ​ឡើយ​
08, Feb 2017 , 2:58 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី (Wang Yi) បាន​ប្រាប់​អ្នកកាសែត​ក្នុង​ទីក្រុង​កង់​បេ​រ៉ា ថា នឹង​មិនមាន​អ្នកឈ្នះ​ឡើយ​ក្នុងករណី​ដែល​អាមេរិក និង​ចិន ធ្លាក់ចូល​ជម្លោះ​ជាមួយគ្នា​ដោយ​ចៀស​មិន​រួច​មែន​នោះ​។ រដ្ឋមន្ត្រីការបរទេស​ចិន ថ្លែង​ដូចនេះ​បន្ទាប់ពី​ជំនួប​ជាមួយ​សម​ភាគី​អូស្ត្រាលី Julia Bishop នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ហើយក៏​ចំពេល​ដែល​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន កំពុង​ដើរទៅ​រក​ស្ថានភាព​អាក្រក់​ក្រោម​អាណត្តិ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ទើប​ចូលកាន់​តំណែង​។​



«​ចិន និង​អាមេរិក មិន​អាចមាន​ជម្លោះ​នឹង​គ្នា​ឡើយ ព្រោះ​ភាគី​ទាំងពីរ នឹង​ចាញ់​ដូចគ្នា ហើយ​ភាគី​ទាំងពីរ ក៏​មិនអាច​ឈ្លោះ​គ្នា​ដែរ​។​» នេះ​គឺជា​ការព្រមាន​របស់​ប្រមុខ​ការទូត​ចិន វ៉ាង យី ជុំវិញ​ការធ្លាក់ចុះ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​នាពេល​ចុង​ក្រោយនេះ ចាប់តាំងពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្ដូរ​ជំហរ​នយោបាយ​ការបរទេស​ដាក់​ចិន និង​បាន​ចោទប្រកាន់​ចិន​ថា ទម្លាក់​តម្លៃ​ប្រាក់​យ័ន និង​កសាង​មូលដ្ឋាន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

​ឈរ​អមដោយ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julia Bishop ប្រមុខ​ការទូត​ចិន​រូបនេះ​បាន​ប្រាប់​អ្នកកាសែត​ថា ក្រុង​ប៉េកាំង នៅតែ​ប្ដេជ្ញាចិត្ត​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ដែរ​។ ហើយ​ចិន ក៏​មិន​ចង់​ដឹកនាំ​អ្នកណា ឬ​ជំនួស​តំណែង​មេដឹកនាំ​ពិភពលោក​ណា​អ្វី​ដែរ​។ បើតាម​សម្ដី​លោក វ៉ាង យី ដែល​ផ្សាយ​លើ​គេហទំព័រ​ក្រសួងការបរទេស​ចិន ក្រុង​ប៉េកាំង នៅ​មិនទាន់​តែ​លើ​ការអភិវឌ្ឍ​ខ្លួនឯង​ប៉ុណ្ណោះ​។

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ឆ្លៀត​ពេលនោះ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ក៏​ឆ្លៀត​រិះគន់​នយោបាយ​គាំពារ​និយម​ដែលជា​គោលនយោបាយ​ស្នូល​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ លោក​បញ្ជាក់ថា​៖ «​វា​ជា​រឿង​សំខាន់​ក្នុងការ​អនុវត្ត​សេដ្ឋកិច្ច​បើកចំហ​។ ហើយ​វា​ក៏​ជា​រឿង​សំខាន់​ក្នុងការ​កាច់ចង្កូត​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម ទៅកាន់​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​ប្រទេស​ទាំងអស់ និង​បែងចែក​ផលប្រយោជន៍​ឲ្យ​មាន​និរន្តរ៍ភាព​សម្រាប់​ពិភពលោក​។​»

​តាមពិតទៅ ទំនាក់ទំនង​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន មកដល់​ចំណុច​នេះ តាំងតែ​ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​ខែធ្នូ​មក​។ វា​ជា​លើកដំបូង​ពេល​ជាង​៤០​ឆ្នាំ​មកនេះ ដែល​ប្រធានាធិបតី​អាមេរិក និយាយ​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ ដែល​ចិន​អះអាងថា គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឯករាជ្យ​ជាមួយ​អ្នកណា​ឡើយ ហើយ​បាន​ចាត់ទុកជា​ខេត្ត​មួយ​របស់ខ្លួន​តាំងពីដើម​រៀងមក​។​

​អ្វីដែល​គួរកត់សម្គាល់​នោះ លោក ត្រាំ ក៏​ប្រុង​ឈប់​អនុវត្ត​នយោបាយ​ចិន​តែមួយ និង​បែរជា​ទាមទារ​ឲ្យ​ចិន ធ្វើ​សម្បទាន​ខ្លះ​ដូចជា​សេដ្ឋកិច្ច និង​ការដំឡើង​តម្លៃ​ប្រាក់​យ័ន​ឲ្យ​ខ្ពស់ជាង​បច្ចុប្បន្ន​។ ដោយសារ​រឿងនេះ ក្រុង​ប៉េកាំង ខឹងសម្បារ​យ៉ាងខ្លាំង និង​ទាមទារ​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ថ្មី គោរព​ជំហរ​ដែល​រដ្ឋបាល​អាមេរិក​ចាស់​ធ្លាប់​អនុវត្ត​រហូតមក ដើម្បី​ចៀសវាង​ការប្រឈមមុខគ្នា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​៕ 


Tag:
 ចិន​
  អាមេរិក​
  Wang Yi
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com