ជាតិ
អតីត​អភិបាលក្រុង​បាវិត​លោក ឈូក បណ្ឌិត ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​
08, Feb 2017 , 3:09 pm        
រូបភាព
​ភ្នំពេញ​៖ អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាញ់​កម្មករ​រោងចក្រ​ចំនួន​៣​នាក់ កាលពី​ឆ្នាំ​២០១២​នោះ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ​ហើយ ក្រោយពី​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​តុលាការ អស់​រយៈពេល​១៨​ខែ​។​



​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​លោក នុត សាវ​នា បាន​និយាយថា ការដោះលែង​លោក ឈូក បណ្ឌិត ឲ្យ​មាន​សេរីភាព​វិញ​នេះ គឺ​មិនមែនជា​ការលើកលែងទោស​មុន​ការកំណត់​នោះទេ ពោលគឺ​លោក ឈូក បណ្ឌិត បាន​អនុវត្ត​ទោស​ត្រឹមត្រូវ​តាម​ការកំណត់​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក នុត សាវ​នា បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើតាម​ខ្ញុំ​ដឹង គាត់​(​ឈូក បណ្ឌិត​) បាន​ផុត​ទោស​ហើយ ។ ហើយ​យើង​ក៏​មិនបាន​ដោះលែង​គាត់​មុន​ការកំណត់​ដែរ​»​។​

​លោក ឈូក បណ្ឌិត ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ១​ឆ្នាំកន្លះ និង​បង់ប្រាក់​សងជំងឺចិត្ត​ចំនួន ៣៨​លាន​រៀល ដល់​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ ។ ប៉ុន្តែ​ក្រោយពី​រត់គេចខ្លួន​អស់​រយៈពេល​ជាង ៣​ឆ្នាំ លោក ឈូក បណ្ឌិត សម្រេច​ដើរចូល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សារភាព​ដោយ​ស្ម​គ្រ​ចិត្ត កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៥ ។ ការចូល​ខ្លួន​មក​សារភាព​របស់លោក ឈូក បណ្ឌិត នៅ​គ្រានោះ បន្ទាប់ពីសម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង​ ប្រកាស​ឲ្យ​តាម​ចាប់ខ្លួន ។​

​សូម​រំឭកថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុង​បាវិត បាន​បាញ់​កម្មការិនី​រោងចក្រ​កៅ​រ៉េ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តស្វាយរៀង ចំនួន​៣​នាក់​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​២០ កុម្ភៈ​ឆ្នាំ​២០១២ នៅ​គ្រា​ដែល​កម្មករ​ទាំងនោះ បាន​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ពី​ថៅកែ​រោងចក្រ​។ កម្មការិនី​ទាំង​៣​នាក់​នោះ​គឺ កញ្ញា នុត សា​ខន កញ្ញា កែវ នា និង​កញ្ញា ប៊ុន ចិន្តា​៕


Tag:
 ឈូក បណ្ឌិត​
© រក្សាសិទ្ធិដោយ thmeythmey.com