អន្តរជាតិ
រុស្ស៊ី​សង្ឃឹមថា ភាព​តានតឹង​រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់​និង​ចិន មិន​រាលដាល​ពេញ​ពិភពលោក​
09, Feb 2017 , 9:19 am        
រូបភាព
​ប្រេសិត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ លោក Vitaly Churkin បានបង្ហាញ​ក្ដីសង្ឃឹម​ថា ទំនាស់​រវាង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជាមួយ​អ៊ីរ៉ង់ និង​ចិន នឹងមិន​ក្លាយជា​បញ្ហា​ពិភពលោក​ធ្ងន់ធ្ងរ​ឡើយ​។ រយៈពេល​ចុងក្រោយ​នេះ លោក ត្រាំ បាន​ប្រើ​វោហារសាស្ត្រ​ខ្លាំងៗ​ដាក់​អ៊ីរ៉ង់​ជាពិសេស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ព្រមទាំង​បាន​រិះគន់​ចិន​រឿង​តម្លៃ​ប្រាក់​យ័ន និង​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​គេ​ព្រួយបារម្ភ​ថា ភាព​តានតឹង​នេះ អាច​រាលដាល​ពេញ​ខ្លាំង​មិន​ខាន​។​



​តំណាង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ បានបង្ហាញ​ការព្រួយបារម្ភ​ជុំវិញ​ភាព​តានតឹង​ពាក្យសម្ដី​រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់ និង​ចិន នាពេល​ចុង​ក្រោយនេះ​។ លោក Vitaly Churkin ដែលជា​អគ្គរដ្ឋទូត​រុស្ស៊ី បាន​ហៅ​ភាព​តានតឹង​ថ្មីៗ​នេះ ជាការ​ប្រើប្រាស់​អារម្មណ៍​ឆ្លើយតប​នឹង​បញ្ហា​ដែល​កើតឡើង​។ យ៉ាងណាក្ដី លោក​និយាយ​ការពារ​អ៊ីរ៉ង់​ក្នុង​ជម្លោះ​ជាមួយ​អាមេរិក ដោយបាន​លើកឡើង​ពី​តួនាទី​របស់​អ៊ីរ៉ង់​ក្នុងការ​កម្ចាត់​ភេរវកម្ម​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន RT លោក Churkin និយាយ​ការពារ​អ៊ីរ៉ង់​ដែល​ត្រូវ​ប្រមុខ​ការពារជាតិ​អាមេរិក​ចាត់ទុកជា​រដ្ឋ​គាំទ្រ​ភេរវកម្ម ថា​ក្រុង​តេ​ហេ​រ៉ង់ បាន​ដើរតួ​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​ជាមួយ​រុស្ស៊ី​។ អគ្គរដ្ឋទូត​រូបនេះ ក៏បាន​យល់ស្រប​ដែរ​ថា ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ាស៊ីនតោន មាន​ជំហរ​ខុសគ្នា​លើ​បញ្ហា​ជាច្រើន រួមទាំង​តូ​នាទី​របស់​អ៊ីរ៉ង់​នេះ​ផ្ទាល់​។ នេះ​ក៏​ព្រោះ​រុស្ស៊ី​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់ ខណៈដែល​អាមេរិក​មិនត្រូវ​គ្នា​ជាមួយ​អ៊ីរ៉ង់​តែម្ដង​។​

​តាមរយៈ​កិច្ច​សម្ភាស​ដដែល​នោះ អ្នកការទូត​រូបនេះ ក៏បាន​រិះគន់​ការប្រើ​វោហារសាស្ត្រ​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ដែល​លោក​គិតថា​ពឹងផ្អែក​តែ​លើ​អារម្មណ៍ ជាជាង​ការប្រើប្រាស់​ហេតុផល​ដើម្បី​សម្រេចចិត្ត​។ ទំនងជា​សំដៅ​លោក​ប្រធានាធិបតី ត្រាំ លោក Churkin បន្តថា​៖ «​លើ​ឆាក​អន្តរជាតិ អ្នក​ត្រូវ​បែងចែក​ឲ្យ​ដាច់​រវាង​អារម្មណ៍​, អ្វីដែល​អ្នក​ចង់ឃើញ និង​អ្វីដែល​អ្នក​ចង់​ឲ្យ​បាន​ពី​ប្រទេសមួយ​ផ្សេងទៀត​។​»

​ដោយឡែក​លើ​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​អ៊ីរ៉ង់ លោក Churkin ក៏បាន​បង្ហាញ​ការងឿងឆ្ងល់​ដែល​អាមេរិក​ចាត់ទុក​ការសាកល្បង​នេះ​ជា​រឿង​ខុសច្បាប់​នោះ​។ ប៉ុន្តែ​លោក​មិន​គិតថា អ៊ីរ៉ង់​បាន​ល្មើស​បម្រាម​អង្គការសហប្រជាជាតិ​ឡើយ ព្រោះ​បម្រាម​ទាំងនោះ ត្រូវបាន​ព្យួរ​អស់​ទៅហើយ​។ លោក​ក៏បាន​ពន្យល់​ទៀតថា​៖ «​អង្គការសហប្រជាជាតិ បាន​ត្រឹម​ស្នើ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប៉ុណ្ណោះ មិនមែន​ហាមឃាត់​ឡើយ​។​»

​ដូច្នេះ​វា​មានន័យថា តាម​បច្ចេកទេស ឬ​ផ្លូវច្បាប់ អាមេរិក​មិនអាច​និយាយថា អ៊ី​រ៉​ង៉​បំពាន​ការហាមឃាត់​ឡើយ​។ នៅមុននេះ ក្រុង​តេ​ហេ​រ៉ង់​បានប្រកាសថា ខ្លួន​បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ហើយ​អាមេរិក​ក៏បាន​ចោទប្រកាន់ថា អ៊ីរ៉ង់​បាន​ល្មើស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាច​ទាំង​៦ ក៏ដូចជា​បំពាន​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ អាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​ថ្មីៗ​ទៀត​លើ​អ៊ីរ៉ង់​ជាការ​ឆ្លើយតប​ផង​៕


Tag:
 ​រុស្ស៊ី​
  ចិន​
  អ៊ីរ៉ង់​
  Vitaly Churkin
© រក្សាសិទ្ធិដោយ thmeythmey.com