អន្តរជាតិ
Brexit៖ សភា​អង់គ្លេស អនុម័ត​ច្បាប់​បើកផ្លូវ​ដល់​ការចរចា​ចាកចេញ​ជាមួយ​សហភាព​អឺរ៉ុប​
09, Feb 2017 , 11:13 am        
រូបភាព
​សភា​ចក្រភព​អង់គ្លេស ​បោះឆ្នោត​ដោយ​សំឡេងគាំទ្រ​លើសលប់​លើសេចក្ដីព្រាងច្បាប់​មួយ​សំដៅ​ផ្ដល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ចាប់ផ្ដើម​ដំណើរការ​ចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប​។ ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​៨ ខែកុម្ភៈ សមាជិកសភា​មកពី​ស្កុ​តឡែ​ន និង​សមាជិកសភា​ខ្លះ​របស់​បក្ស​ពលករ បាន​បោះឆ្នោត​ប្រឆាំង តែ​មិនអាច​យកឈ្នះ​សំឡេង​ភាគច្រើន​នៃ​បក្ស​អភិរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី Theresa May ឡើយ​។ បន្ទាប់​ពីនេះ សេចក្ដីព្រាងច្បាប់​នេះ​នឹង​បញ្ជូន​បន្តទៅ​សភា​ជាន់ខ្ពស់ មុន​ចេញ​ឲ្យ​អនុវត្ត​ផ្លូវការ​។



​សមាជិកសភា​ចក្រភព​អង់គ្លេស​ចំនួន​៤៩៤​នាក់ បាន​បោះឆ្នោត​យល់ព្រម​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការជូនដំណឹង​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប ដែល​នឹង​ផ្ដល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី Theresa May ចាប់ផ្ដើម​ដំណើរ​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​។ សមាជិកសភា​ចំនួន​១២២​នាក់ ដែល​ភាគច្រើន​ជា​អ្នកគាំទ្រ​ការបន្ត​ជា​សមាជិក​អឺរ៉ុប​មកពី​ស្កុ​តឡែ​ន និង​សមាជិក​បក្ស​ពលករ បាន​ជំទាស់​សេចក្ដីព្រាងច្បាប់​នេះ​។​

​ជំហាន​បន្ទាប់​នោះ សេចក្ដីព្រាងច្បាប់​ដែលមាន​ត្រឹម​ពីរ​មាត្រា​នេះ នឹង​បញ្ជូនទៅ​ជជែក​ដេញដោល​នៅ​សភា​ជាន់ខ្ពស់ ជាទី​ដែល​គណបក្ស​អភិរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី May មិនមាន​សំឡេង​ភាគច្រើន​។ បើទោះជា​កាលបរិច្ឆេទ​ការចរចា​មិនបាន​ចែង​ក្នុង​សេចក្ដីព្រាងច្បាប់​នេះ លោកស្រី May ក៏​បញ្ជាក់​រួចហើយ​ថា លោកស្រី នឹង​ចាប់ផ្ដើម​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon នៅ​ដំណាច់​ខែមីនា ដើម្បី​ចរចា​ការ​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប ដែល​អាច​ប្រើពេល​២​ឆ្នាំ​។ 

​បើតាម​សារព័ត៌មាន BBC មុននឹង​ចាប់ផ្ដើម​ការចរចា​នេះ លោកស្រី​នាយករដ្ឋមន្ត្រី May ក៏​ត្រូវសុំ​ការយល់ព្រម​ពី​សភា​ជាមុនសិន​ដែរ ដ្បិត​តុលាការ​កំពូល​អង់គ្លេស​សម្រេច​ហើយ​ថា សភា​ជា​អ្នកសម្រេច​ចុងក្រោយ​លើ​រឿង​ចាក​ចេញពី​ប្លុក​អង្គការ​២៨​ប្រទេស​នេះ​។ ក្រោយ​ការបោះឆ្នោត​នេះ រដ្ឋមន្ត្រី​ទទួលបន្ទុក​ការចរចា​ចាកចេញ David Davis បាន​ហៅ​ការបោះឆ្នោត​លើក​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ និង​ជា​ពេលដែល​គ្រប់គ្នា​រួមគ្នា​ដើម្បី​ជោគជ័យ​ប្រទេសជាតិ​។​

​អំឡុងពេល​ជជែក​ដេញដោល សមាជិកសភា​បក្ស​ពលករ និង​បក្ស​ជាតិនិយម​ស្កុ​តឡែ​ន បានស្នើ​ឲ្យ​មានការ​កែប្រែ​សេចក្ដីព្រាងច្បាប់​នេះ​។ ពួកគេ​ទទូច​ឲ្យ​បញ្ចូល​ចំណុច​ជាច្រើន​ទៅក្នុង​សេចក្ដីព្រាងច្បាប់​រួមមាន​ការធានា​ពី​ការប្រើប្រាស់​ទីផ្សារ​រួម​របស់​អឺរ៉ុប​ពេល​ចាកចេញ សិទ្ធិ​កម្មករ ក៏ដូចជា​សិទ្ធិ​របស់​ប្រជាជន​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​រស់នៅ​ទឹកដី​អង់គ្លេស​ជាដើម​។

​អ្វីដែល​គួរកត់សម្គាល់​នោះ ប្រធាន​បក្ស​ពលករ Jeremy Corbyn ដែល​គាំទ្រ​ការចាកចេញ បាន​គំរាម​ដាក់ពិន័យ​សមាជិក​សភា​ដែល​ហ៊ាន​បោះឆ្នោត​ប្រឆាំង​សេចក្ដីព្រាងច្បាប់​នេះ​។ ប៉ុន្តែ​បើទោះជា​មានការ​គំរាម​ក្ដី​ពី​សំណាក់​ប្រធាន​បក្ស​ក្ដី សមាជិកសភា​បក្ស​នេះ​ចំនួន​៥២​នាក់ បាន​បោះឆ្នោត​ប្រឆាំង ខណៈដែល​សមាជិក​២​ភាគ​៣ បាន​ធ្វើតាម​ការទាមទា​រ​របស់លោក Corbyn ។ ដោយសារ​មិន​ពេញចិត្ត​រឿងនេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្រមោល Clive Lewis ក៏បាន​លាលែង​ពី​តំណែង​តែម្ដង​៕ 


Tag:
 Brexit
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com