អន្តរជាតិ
មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ថៃ អាច​ស្នើសុំ​រថយន្ត​ការពារ​គ្រាប់កាំភ្លើង​ដើម្បី​ការពារ​ខ្លួន​
09, Feb 2017 , 2:03 pm        
រូបភាព
​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ជាតិ​ថៃ (NACC) បានចេញ​បទបញ្ញត្តិ​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ថ្នាក់​ខេត្ត អាច​ស្នើសុំ​រថយន្ត​ធ្វើដំណើរ​មាន​សមត្ថភាព​ការពារ​គ្រាប់កាំភ្លើង​អំឡុងពេល​បំពេញការងារ​របស់ខ្លួន​។ ការផ្ដល់​សិទ្ធិ​ស្នើសុំ​នេះ ធ្វើឡើង​ដើម្បី​ការពារ​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​នៅក្រោម ដែល​ប្រឈមមុខ​គ្រោះថ្នាក់​ដល់​ជីវិត​ខ្ពស់​ពេល​អនុវត្ត​ភារកិច្ច​របស់ខ្លួន​។



​យោងតាម​បទបញ្ញត្តិ​ថ្មី​របស់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ជាតិ​ជាតិ មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ថ្នាក់​ខេត្ត​រួមមាន​ប្រធាន និង​សមាជិក​គណៈកម្មាធិការ អាច​ស្នើសុំ​ឡាន​ការពារ​គ្រាប់​បាន ប្រសិនបើ​ពួកគេ​ចង់បាន​ការពារ​ពេលធ្វើ​ការងារ​។ បញ្ញត្តិ​ដដែល​បន្តថា មិន​ត្រឹមតែ​មន្ត្រី​ថ្នាក់ខ្ពស់​ទេ សូម្បីតែ​បុគ្គលិក​ដែល​ធ្វើការ​ជាមួយ​ពួកគេ ក៏មាន​សិទ្ធិ​ស្នើសុំ​ឡាន​ការពារ​គ្រាប់​ដែរ​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ថ្នាក់​ខេត្ត​មាន​សមាជិក​ចំនួន​៣ ទៅ​៥​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ថ្នាក់​ខេត្ត​ទូទាំងប្រទេស​មាន​ប្រហែល​៣០០​នាក់​។ ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​មន្ត្រី​ធ្វើការ​នៅតាម​អនុគណៈកម្មាធិការ​ដែល​សរុបទៅ​មាន​ដល់​ជាង​១​ពាន់​នាក់​ឯណោះ​។ នេះ​មានន័យថា បើ​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ទាំងនេះ ស្នើសុំ​ឡាន​ការពារ​គ្រាប់​ដូចគ្នា រដ្ឋាភិបាល​ថៃ​ត្រូវ​ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​ទិញ​ឡាន​ការពារ​គ្រាប់ ទុក​បម្រើ​ការងារ​។​

​មិនតែប៉ុណ្ណោះ គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ថ្នាក់ជាតិ​ថៃ ក៏​ផ្ដល់​សិទ្ធិ​ឲ្យ​ស្ថាប័ន​ផ្សេងទៀត​ដែល​ធ្វើការ​ជាមួយ​ខ្លួន ស្នើសុំ​ឡាន​ការពារ​គ្រាប់​ដូចគ្នា​ដែរ​។ ប្រភពព័ត៌មាន​ដដែល​បន្តថា ស្ថាប័ន​ទាំងនោះ ត្រូវ​ប្រាប់​ពី​មូលហេតុ និង​ត្រូវដាក់​សំណើសុំ​ឡាន​តាមរយៈ​ថ្នាក់លើ​របស់​ពួកគេ​។​

​យ៉ាងណាក្ដី គេ​មិនទាន់​ដឹងថា បទបញ្ញត្តិ​ថ្មី​នេះ អាច​នឹង​ត្រូវបាន​អនុវត្ត​យ៉ាងណាដែរ ខណៈ​អនាគត​របស់​គណៈកម្មាធិកា​រ​ប្រឆាំង​អំពើពុករលួយ​ថ្នាក់​ខេត្ត កំពុងស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់ ព្រោះ​ក្រុមការងារ​ព្រាង​ច្បាប់​ថ្មី ចង់​លុបចោល​គណៈកម្មាធិការ​នេះ​។ គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ ចង់​ឲ្យ NACC ទទួលខុសត្រូវ​ករណី​ពុករលួយ​ប្រព្រឹត្ត​ដោយ​មន្ត្រីជាន់ខ្ពស់ ហើយ​ករណី​ពុករលួយ​ថ្នាក់​ខេត្ត អាច​ដោះស្រាយ​ដោយ​ស្ថាប័ន​ផ្ទាល់​បាន​ហើយ​។​

​ជាការ​ពិត ប្រឆាំង​អំពើពុករលួយ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​ថ្នាក់ក្រោម ព្រោះ​ពួកគេ​តែង​រង​ការ​គំរាម​ពី​សំណាក់​បុគ្គល​មានអំណាច​។ ជារឿយៗ ពួកគេ​ប្រឈម​មុខការ​គំរាម​សម្លាប់​ជីវិត ឬក៏​ត្រូវ​លប​វាយប្រហារ​ជាដើម ដូច្នេះហើយ​បានជា​គណៈកម្មការ​ថ្នាក់ជាតិ​ថៃ សម្រេច​ចេញ​បញ្ញត្តិ​ថ្មី​ដើម្បី​ការពារ​សុវត្ថិភាព​មន្ត្រី​ខ្លួន​។​

​រយៈពេល​ចុងក្រោយ​នេះ របប​យោធា​ថៃ បាន​បង្កើន​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​យ៉ាងខ្លាំង រហូតដល់​ពិចារណា​អនុវត្ត​ទោស​ប្រហារជីវិត​មន្ត្រី​មាន​កំហុស​ពុករលួយ​ទៀតផង​។ កន្លងមក ទោស​ធ្ងន់​បំផុត​នៃ​ករណី​ពុករលួយ គឺមាន​ត្រឹម​ជាប់ពន្ធនាគារ និង​បង់ប្រាក់​ពិន័យ​ប៉ុណ្ណោះ ចំណែក​ការប្រហារជីវិត​វិញ ក៏​អនុវត្ត​លើ​ទោស​ធ្ងន់​ដូចជា​ជួញដូរ​គ្រឿងញៀន​, រំលោភ និង​ក្បត់ជាតិ​ជាដើម​៕


Tag:
 ​ថៃ​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com