អន្តរជាតិ
សម្ដេច​ប៉ាប​គ្រិស្ត​កាតូលិក រិះគន់​មី​យ៉ាន់​ម៉ា​រឿង​ធ្វើទុក្ខបុកម្នេញ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​
09, Feb 2017 , 8:39 pm        
រូបភាព
​ប្រមុខ​បុរី​វ៉ា​ទី​កង់ សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស បាន​ថ្កោលទោស​ការ​ធ្វើទុក្ខបុកម្នេញ​ជន​មូស្លីម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ាង​ពី​សំណាក់​កង​ទាហាន​មី​យ៉ាន់​ម៉ា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​បាន​ស្លាប់ និង​រាប់ម៉ឺន​នាក់​ទៀត​រត់ចោល​ផ្ទះសម្បែង​។ ក្នុង​កម្មវិធី​ជួបជុំ​ថ្ងៃទី​៨ ខែកុម្ភៈ ប្រមុខ​សាសនា​គ្រិស្ត​កាតូលិក​អង្គ​នេះ ក៏បាន​បន់ស្រន់​សុំ​សេចក្ដីសុខ​សម្រាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​រត់​ភៀសខ្លួន និង​អ្នក​ដែល​រង​ការ​ធ្វើបាប​ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​។​



​សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស បាន​រិះគន់​ខ្លាំង​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ជុំវិញ​ការធ្វើ​បាប​ជនភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា បន្ទាប់ពី​អង្គការសហប្រជាជាតិ​បញ្ចេញ​របាយការណ៍​បង្ហា​ញ​ថា កងកម្លាំង​យោធា​មី​យ៉ាន់​ម៉ា រំលោភបំពាន ធ្វើទុក្ខ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​។ របាយការណ៍ បានចាត់ទុក​ការរំលោភបំពាន​នេះ​ថា អាច​ក្លាយជា​បទល្មើស​ប្រឆាំង​មនុស្សជាតិ​បាន ខណៈដែល​រដ្ឋាភិបាល​ស៊ីវិល នៅ​មិនទាន់​មាត់ករ​អ្វី​លើ​រឿង​នេះឡើយ​។​

​ក្នុង​ពិធី​ជួបជុំ​ប្រចាំ​សប្ដាហ៍​នៅ​បុរី​វ៉ា​ទី​កង់ សម្ដេច​ប៉ាប​ដែល​តែង​ចេញមុខ​រិះគន់​សកម្មភាព​រំលោភ​បំពាន​ជុំវិញ​ពិភពលោក មាន​ហៅ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ថា​ជាម​នុស្ស​ល្អ ស្រឡាញ់​សន្តិភាព បើទោះជា​ពួកគេ​មិនមែនជា​គ្រិស្ត​សាសនិក​ក៏ដោយ​។ សម្ដេច​ប៉ាប​មានបន្ទូល​ប្រាប់​អ្នកចូលរួម​ទៀតថា​៖ «​ពួកគេ​ទាំងនោះ​ជា​បងប្អូន​របស់​យើង ហើយ​ជាច្រើន​ឆ្នាំ​មកនេះ ពួកគេ​រង​ទុក្ខ​យ៉ាងខ្លាំង​។ ពួកគេ​ត្រូវបានធ្វើ​ទារុណកម្ម និង​សម្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ពួកគេ​អនុវត្តតាម​សាសនា​ឥស្លាម​។​»

​បើតាម​សារព័ត៌មាន The New York Times សម្ដេច​ប៉ាប​ហ្វ្រ​ង​ស៊ី​ស ក៏បាន​ស្នើ​ឲ្យ​អ្នកចូលរួម​ទាំង​អស់ប​ន់​ស្រន់​ឲ្យ «​បងប្អូន​ប្រុស​ស្រី​រ៉ូ​ហ៊ីង​យ៉ា​» ដែល​កំពុង​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា រត់គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ព្រោះ​គ្មាន​នរណា​ចង់បាន​ពួកគេ​ឡើយ​។ សព្វថ្ងៃនេះ ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ត្រូវ​ចាត់ទុកជា​ជន​គ្មាន​រដ្ឋ គ្មាន​ប្រទេស និង​រង​ការ​ធ្វើបាប​យ៉ាងខ្លាំង​ពី​សំណាក់​កងកម្លាំង​មី​យ៉ាន់​ម៉ា​៊​

​ការរិះគន់​ខ្លាំងៗ​របស់​ប្រមុខ​បុរី​វ៉ា​ទី​កង់ ធ្វើឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង ក្រោយ​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នងការ​ទទួល​សិទ្ធិមនុស្ស (OHCHR) ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​រដ្ឋ Rakhine ។ របាយការណ៍​នេះ​បាន​ប្រមូល​ចម្លើយ​ពី​កិច្ច​សម្ភាស​ជាមួយនឹង​ប្រជាជន​ដែល​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ក្រោយ​ការវាយប្រហារ​នៅ​ដើមខែ​តុលា​ឆ្នាំមុន និង​បាន​បង្ហាញថា មានការ​ករណី​រំលោភ សម្លាប់​រាប់បញ្ចូល​ទាំង​ទារក និង​កុមារ ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​។​

​តាម​ចម្លើយ​ដែល​ផ្សាយ​ចេញ​តាម​របាយការណ៍​នោះ កងកម្លាំង​មី​យ៉ាន់​ម៉ា មិន​ត្រឹមតែ​ប្រព្រឹត្ត​បទល្មើស​ប៉ុន្មាន​ខាងលើ​នោះទេ តែ​ពួកគេ​ក៏បាន​ដុត​ផ្ទះសម្បែង សាលារៀន ផ្សារ វិហារ និង​ដីស្រែ​ជនជាតិភាគតិច​ទាំងនោះ និង​ថែមទាំង​មាន​ឃាត់​ក្រុម​ទាំងនោះ​នៅក្នុង​ផ្ទះ ហើយ​ដុត​សម្លាប់​ពួកគេ​តែម្តង​។ ចំណែក​ស្ត្រី​ច្រើនជាង​ពាក់កណ្តាល ដែល​បានផ្តល់​កិច្ចសម្ភាសន៍​នោះ បាន​អះអាងថា ពួកគេ​សុទ្ធសឹងតែ​រង​ការឈឺចាប់​ដោយសារ​ការរំលោភ និង​ហិង្សា​ផ្លូវភេទ​ជាច្រើន​ទម្រង់​ផ្សេងទៀត​។​

​ចំណែកឯ​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី មិនបាន​ចេញ​វិធានការ​ទប់ស្កាត់​រំលោភ​បំពាន​នេះឡើយ​។ ខណៈដែល​ស្ថាន​កា​រ៍​កើន​កម្ដៅ​ខ្លាំង លោកស្រី បាន​ហៅ​អគ្គលេខាធិការ​អាស៊ាន និង​ប្រមុខ​ការទូត​អាស៊ាន​ទាំង​ប្រាំបួន​ផ្សេងទៀត និង​បាន​ត្រឹម​ពន្យល់​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ក្នុងការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌​ទាំង​ទៅកាន់​សហគមន៍​នៅ​រដ្ឋ Rakhine ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​៕


Tag:
 Francis
  រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com