អន្តរជាតិ
បារាំង​៖ ៥​នាក់ របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ក្នុង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​
09, Feb 2017 , 7:04 pm        
រូបភាព
មនុស្ស​យ៉ាងតិច​៥​នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ​នៅ​ពាយព្យ​ប្រទេស​បារាំង​។ ជា​សំណាងល្អ មិនមាន​ការ​លេច​ធ្លាយ​សារធាតុ​នុយក្លេអ៊ែរ​ក្នុង​ហេតុការណ៍​ផ្ទុះ​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​នេះឡើយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​



​ហេតុការណ៍​ផ្ទុះ​នេះ បានកើត​ឡើង​នៅឯ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Flamanville​។ មនុស្ស​៥​នាក់ ត្រូវ​រាយការណ៍​ថា កំពុង​ទទួល​ការព្យាបាល​ដោយសារ​ពួកគេ​ឈ្លក់ផ្សែង ចំណែក​មនុស្ស​ស្លាប់ មិនមាន​សេចក្ដីរាយការណ៍​ឡើយ​។

​បើតាម​ទីភ្នាក់ងារ AFP រ៉េ​អា​ក់ទ័រ​មួយ​របស់​រោងចក្រ បាន​ឈប់​ដំណើរការ​ជា​បណ្ដោះអាសន្ន​។ លោក Olivier Marmion បាន​ប្រាប់ AFP ថា ហេតុការណ៍​ផ្ទុះ​នេះ កើតឡើង​ដោយសារ​បញ្ហា​បច្ចេកទេស និង​មិនមែនជា​ការផ្ទុះ​ចេញពី​នុយក្លេអ៊ែរ​ឡើយ ដ្បិត​ហេតុការណ៍​ផ្ទុះ​នេះ ចេញពី​បន្ទប់​ម៉ាស៊ីន មិនមែន​កើតចេញពី​ទីតាំង​របស់​នុយក្លេអ៊ែរ​ទេ​។​

​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ Flamanville នេះ ដំណើរការ​ដោយ​ក្រុមហ៊ុន EDF និង​មាន​រ៉េ​អា​ក់ទ័រ​សម្ពាធ​ទឹក​ចំនួន​បី ដោយ​រ៉េ​អា​ក់ទ័រ​នីមួយៗ​អាច​ផលិត​ថាមពល​បាន​១.៣​ជី​ហ្កា​វ៉ាត​អេ​ឡិច​ទ្រិ​ក (1.3 Gwe)​។ ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ទី​១ និង​ទី​២ ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ​១៩៨៦ និង​ឆ្នាំ​១៩៨៧ បន្តបន្ទាប់​គ្នា ចំណែក​រ៉េ​អា​ក់ទ័រ​ទី​៣ នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០១៨ ៕




Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com