អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ផ្ដាំ​ប្រធានាធិបតី​អ៊ីរ៉ង់​ឲ្យ «​ប្រយ័ត្ន​ខ្លួន​»
11, Feb 2017 , 8:59 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ព្រមាន​មួយ​ទៅកាន់​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ដែល​បាន​គំរាម​អាមេរិក បន្ទាប់ពី​លោក ត្រាំ និយាយថា អ៊ីរ៉ង់ កំពុង​ប្រឡែង​លេង​ជាមួយ​ភ្លើង​នោះ​។ ពី​ក្នុង​សន្និសីទកាសែត​លើ​យន្តហោះ Air Force One នៅ​ថ្ងៃទី​១០ ខែកុម្ភៈ លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ឲ្យ​ប្រធានាធិបតី Rouhani ប្រុងប្រយ័ត្ន​។ ប៉ុន្តែ​លោក​ក៏​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ភាសា​គំរាម​នេះ​ទេ​។



​ខណៈដែល​កំពុងធ្វើដំណើ​រលើ​អាកាស​តាម​យន្តហោះ Air Force One ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ឆ្លៀត​ពេលនេះ​ធ្វើ​សន្និសីទកាសែត​មួយ​។ អ្នកកាសែត​ក៏បាន​សួរថា លោក​គិត​យ៉ាងណា ជុំវិញ​ការអធិប្បាយ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ក្នុងពេល​គម្រប់​ខួប​៣៨​ឆ្នាំ​នៃ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ឆ្នាំ​១៩៧៩ ក្នុង​រដ្ឋធានី​តេ​ហេ​រ៉ង់​។ លោក Rouhani បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ថា អ្នកណា​ដែល​និយាយ​គំរាម​អ៊ីរ៉ង់ ប្រាកដជា​ស្ដាយក្រោយ​មិន​ខាន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​អាមេរិក ដែល​កំពុង​រង​ការរិះគន់​ពី​សំណាក់​អន្តរជាតិ​ដោយសារ​ក្រិ​ត្យ​ហាមឃាត់​លំហូរ​ជនអន្តោប្រវេសន៍​ឥស្លាម​៧​ប្រទេស បាន​ឆ្លើយតប​នឹង​សំណួរ​នេះ​ថា​៖ «​គាត់ (​លោក​ប្រធានាធិបតី Rouhani) គួរតែ​ប្រយ័ត្ន​ខ្លួន​ទៅ​»​។ លោក ដូ​ណា​ល់ ត្រាំ ឆ្លើយ​របៀប​ព្រមាន​ដូចនេះ ខណៈ​លោក​កំពុងធ្វើដំណើរ​ទៅកាន់ Mar-a-Lago រដ្ឋ Florida ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ។​

​គួរ​បញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេ​ហេ​រ៉ង់ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ជាពិសេស​ចាប់តាំងពី​ការសាកល្បង​មី​ស៊ី​លពី​សំណាក់​អ៊ីរ៉ង់​មក​នោះ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស និង​ប្រកាសថា ខ្លួន​ដាក់​អ៊ីរ៉ង់​ស្ថិតក្រោម​ការត្រួតពិនិត្យ​ក្រោយ​អ៊ីរ៉ង់​បាញ់​សាកល្បង​មី​ស៊ី​ល​។ ហើយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​តែម្ដង​។​

​នៅ​ថ្ងៃទី​៣ ខែមករា ប្រធានាធិបតី​អាមេរិក ក៏បាន​ប្រើ​ទំព័រ Twitter របស់លោក​ព្រមាន​ក្រុង​តេ​ហេ​រ៉ង់ ដែល​មិន​ខ្វល់ខ្វាយ​ពី​ការព្រមាន​លើក​មុនៗ​របស់លោក ហើយ​លោក​ក៏​មិន​ដូច​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ​។ លោក ដូ​ណា​ល់ ត្រាំ បានសរសេរថា​៖ «​អ៊ីរ៉ង់ កំពុង​ប្រលែង​លេង​ជាមួយ​ភ្លើង​។ អ៊ីរ៉ង់ មិនបាន​គិតថា រដ្ឋបាល​ប្រធានាធិបតី អូ​បា​ម៉ា ចិត្តល្អ​ដាក់ខ្លួន​កម្រិតណា​ឡើយ​។ ប៉ុន្តែ​ខ្ញុំ នឹងមិន​ចិត្តល្អ​ដូច​លោក អូ​បា​ម៉ា ឡើយ​»​។

​ក្រុង​តេ​ហេ​រ៉ង់ តាមរយៈ​ប្រមុខ​ការទូត Mohammad Javad Zarif ក៏បាន​ប្រតិកម្ម​វិញ​ភ្លាមៗ​ដែរ​។ លោក Javad Zarif ក៏បាន​សរសេរ​លើ​គណ​នី Twitter របស់លោក​វិញ​ថា អ៊ីរ៉ង់ មិន​ខ្លា​ចការ​គំរាម​របស់​ប្រធានាធិបតី​អាមេរិក​ឡើយ​។ អ៊ីរ៉ង់ ក៏​នឹងមិន​ចាប់ផ្ដើម​សង្គ្រាម​ដែរ តែ​អ៊ីរ៉ង់ នឹង​ប្រើប្រាស់​សមត្ថភាព​ផ្ទាល់ខ្លួន ដើម្បី​ទប់ទល់​ពី​ការគំរាមកំហែង​ណាមួយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com