ជាតិ
រដ្ឋាភិបាល​បង្កើត​ការិយាល័យ​ប្រមូល និង​ទទួល​ពាក្យបណ្តឹង​ពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​
14, Feb 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យ​អាជ្ញាធរ​ប្រមូល និង​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​នានា នៅ​ទូទាំងប្រទេស ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ជូន​ពួកគេ​វិញ​។ អនុក្រឹត្យ​រដ្ឋាភិបាល​ធ្វើឡើង មុន​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ខាង​ម​មុខ​។​



​ប្រមុខ​រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​បង្កើត​ការិយាល័យ ប្រជាពលរដ្ឋ នៅ​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​លើកកម្ពស់​អភិបាលកិច្ច​ល្អ ការផ្តល់សេវា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជូន​ប្រជា​ល​រដ្ឋ នៅ​ថ្នាក់មូលដ្ឋាន​។​

​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ មាន​តួនាទី​ភារកិច្ច​ប្រមូល និង​ទទួល​ពាក្យបណ្តឹង​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឬ​បញ្ជូន​ពាក្យបណ្តឹង ទាំងឡាយ​ដែល​មិន​ស្ថិតនៅក្នុង​សមត្ថកិច្ច​របស់ខ្លួន ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី ពិនិត្យ​តាមដាន និង​ដោះស្រាយ ឬ​ផ្តល់ព័ត៌មាន​ដល់​ម្ចាស់​ពាក្យបណ្តឹង​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​។​

​បន្ថែម​លើសពីនេះ អនុក្រឹត្យ​បង្គាប់​មន្ត្រី​ការិយាល័យ​នេះ ត្រូវ​ផ្តល់ព័ត៌មាន​អំពី​លទ្ធផល​ដោះស្រាយ​បណ្តឹង និង​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ អំពី​យន្តការ​សម្រុះសម្រួល​ដោះស្រាយ បណ្តឹង​រដ្ឋបាល​ត្រឡប់​ដល់​ប្រជាពលរដ្ឋនៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​ជាប្រចាំ​។ ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត ចែកចេញជា​ពីរ​ផ្នែក រួមមាន ផ្នែក​ទទួល​ពាក្យបណ្តឹង និង​កិច្ចការរដ្ឋបាល និង​ផ្នែក​ច្បាប់​និង​ស៊ើបអង្កេត​៕


Tag:
 ហ៊ុន សែន​
  រដ្ឋបាល​
  បណ្តឹង​
© រក្សាសិទ្ធិដោយ thmeythmey.com