ជាតិ
ការបង្ក្រាប​បទល្មើស​អា​ជីវ​កម្ម​ផ្លូវភេទ និង​ពលករ​ចំណាកស្រុក​ថយចុះ​ប្រមាណ ៤០​ភាគរយ​
15, Feb 2017 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន ថ្លែង​ផ្អែក​តាម​លទ្ធផល​បង្ក្រាប​ថា បទល្មើស​អាជីវកម្ម​ផ្លូវភេទ​បាន​ថយចុះ​ចំនួន ១៨​ករណី ស្មើនឹង ១៩,១៤៨​ភាគរយ និង​ពលករ​ចំណាកស្រុក​ថយចុះ​ចំនួន ១៣២.៣១២​នាក់ ស្មើនឹង ២៩,៣៤​ភាគរយ ក្នុង​ឆ្នាំ​២០១៦ កន្លងទៅនេះ ធៀប​នឹង​ឆ្នាំ ២០១៥ ។​



​លោក នេ​ត សាវឿន នៅតែ​ចាត់ទុក​អំពើ​ជួញដូរ​មនុស្ស ជា​សកម្មភាព​ឧក្រិដ្ឋ ដែលមាន​បណ្តាញ​ស្មុគស្មាញ ដោយសារ​វា​បាន​ពង្រីក​ភូមិសាស្ត្រ​ធ្វើ​សកម្មភាព​កាន់តែ​ធំ​ប្រកបដោយ​ល្បិចកល ស្ទើរ​គ្រប់​ប្រទេស​ក្នុង​តំបន់ និង​ទូទាំងពិភពលោក​។​

​ថ្លែង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​ដំណើរការ​ចំណុច​ខ្ពស់​វាយលុក​បង្ក្រាប​បទ​ល្មើស​ជួញដូរ​មនុស្ស​ឆ្លងដែន​រវាង កម្ពុជា វៀតណាម និង​ឡាវ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ លោក​បាន​បន្ត​ថ្លែងថា ពួកឧក្រិដ្ឋជន​បាន​ទទួលផល ប្រយោជន៍​ពី​ការជួញដូរ​មនុស្ស​ប្រមាណ ១៥០​កោដិ​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ក្នុងនោះ បទល្មើស ៦៨​ភាគរយ ជា​អំពើ​ជួញដូរ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ និង​អំពើ​ជួញដូរ​ផ្លូវភេទ​។​

​បន្ថែម​លើសពីនេះ អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ បាន​ជំរុញ​អាជ្ញាធរ​ប្រទេស​ក្រោម​កិច្ច​សហប្រតិបត្តិ ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​ឆ្លងដែន​ទាំង​៣ ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទៅវិញទៅមក តាមរយៈ​យន្តការ​មាន​ស្រាប់ និង​ពង្រឹង​សកម្មភាព​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន ដើម្បី​បង្កើន​សមត្ថភាព​ប្រឆាំង​ការជួញដូរ​មនុស្ស​ឆ្លងកាត់​ព្រំដែន​រួមគ្នា​។​

​ទន្ទឹមគ្នា លោក​បាន​ជំរុញ​អាជ្ញាធរ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​តំបន់​ជាប់​ព្រំដែន ចុះ​អប់រំ​ប្រជាពលរដ្ឋ​ពី​ផលប៉ះពាល់ ល្បិចកល​របស់​ពួកឧក្រិដ្ឋជន ឬ​មេខ្យល់​ជួញដូរ​មនុស្ស​ផងដែរ​។ តាម​ទិន្នន័យ​ប៉ាន់ស្មាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​ប្រមាណ ២១​លាន​នាក់ បាន​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ មនុស្ស កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​៕


Tag:
 នេ​ត សាវឿន​
  ប៉ូលិស​
  វៀតណាម​
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com