អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ព្រលះ​បណ្ដាញសារព័ត៌មាន​ដែល​ផ្សាយ «​ព័ត៌មាន​មិន​ពិត​»
17, Feb 2017 , 10:19 pm        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ខ្លាំងៗ​ដាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​សរសេរ​វាយប្រហារ​រដ្ឋបាល​ថ្មី​របស់លោក ជាពិសេស​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​តែម្ដង​។ ក្នុង​សន្និសីទកាសែត​នៅ​សេត​វិមាន​ថ្ងៃទី​១៦ ខែកុម្ភៈ ធ្វើឡើង​ដើម្បី​បង្ហាញ​បេក្ខភាព​រដ្ឋមន្ត្រី​ការងារ​ថ្មី លោក ត្រាំ បានបង្ហាញ​អាកប្បកិរិយា​ខឹងច្រឡោត​ខ្លាំង​ដែល​មិន​ធ្លាប់មាន​។ ហើយ​លោក​ក៏​ថែមទាំង​ការពារ​រដ្ឋបាល​លោក ដែល​ទទួល​មរតក​ដ៏​រញ៉េរញ៉ៃ​ពី​រដ្ឋបាល​ចាស់​។



​កាន់តំណែង​មិនទាន់បាន​មួយខែ​ស្រួលបួល​ផង រដ្ឋបាល​ថ្មី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជួបប្រទះ​រឿងរ៉ាវ​ជាច្រើន ដែល​សារព័ត៌មាន​អាមេរិក​សរស​រថា រដ្ឋបាល​ថ្មី កំពុង​ជួប​បញ្ហា​ហើយ​។ ទំនង​ទ្រាំ​នឹង​សារព័ត៌មាន​មិនបាន លោក​ប្រធានាធិបតី ត្រាំ ក៏​ព្រលះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្ងន់ៗ និង​ចោទប្រកាន់​បណ្ដាញសារព័ត៌មាន​ថា​គ្រប់គ្រង​លែង​បាន​ហើយ​។ ហើយ​លោក​ក៏បាន​ប្រកាស​ផ្ដល់ព័ត៌មាន​ដោយ​ត្រង់​ទៅកាន់​ប្រជាជន ដោយ​មិនចាំបាច់​ឆ្លង​អ្នកកាសែត​ឡើយ​។​

​ក្នុង​សន្និសីទកាសែត​រយៈពេល​ជាង​១​ម៉ោង​នៅ​សេត​វិមាន ប្រធានាធិបតី​រូបនេះ​អួតអាង​ថា រយៈពេល​ជិត​១​ខែ​នេះ រដ្ឋបាល​ថ្មី​របស់លោក ដំណើរការ​ទៅមុខ​ល្អប្រសើរ ព្រោះ​ស្ថានភាព​រកស៊ី​មាន​អំណោយផល ហើយ​ទីផ្សារ​ភាគហ៊ុន​ក៏មាន​កើនឡើង​ដែរ​។ លោក បាន​ទាត់​ចោលការ​របាយការណ៍​ជាច្រើន​បង្ហាញថា រដ្ឋបាល​ថ្មី​របស់លោក មាន​បញ្ហា​ដោយសារ​ការចេញ​បញ្ជា​ហាមឃាត់​ជនអន្តោប្រវេសន៍ និង​ការលាលែង​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ Michael Flynn ដែល​ជាប់​ទាក់ទិន​នឹង​រុស្ស៊ី​នោះ​។​

​ឧ​ត្ត​ម​សេនីយ៍ Flynn ចុះ​ចេញពី​តំណែង ក៏​ព្រោះតែ​ការ​បែកធ្លាយ​ព័ត៌មាន​និយាយ​ទូរ​សព្ទ​ជាមួយ​អគ្គរដ្ឋទូត​រុស្ស៊ី​រឿង​ទណ្ឌកម្ម តាំងពី​ពេល​លោក ត្រាំ មិនទាន់​ចូលកាន់​តំណែង​ទៅទៀត​។ បើតាម​សារព័ត៌មាន CNN លោក ត្រាំ ក៏​រិះគន់​ការ​បែកធ្លាយ​ព័ត៌មាន​នេះ ដោយ​លោក​និយាយថា​៖ «​ការ​បែកធ្លាយ​ព័ត៌មាន​ជា​រឿង​ពិត​។ ប៉ុន្តែ​ព័ត៌មាន​ទាំងនោះ​ជា​រឿង​ក្លែងក្លាយ ហើយ​ខ្ញុំ​មិនដែល​ឃើញ​សារព័ត៌មាន​មិន​ស្មោះត្រង់​ច្រើន​ដូច​ពេល​នេះឡើយ​»​។

​ឆ្លើយតប​នឹង​របាយការណ៍​ថា​រដ្ឋបាល​ថ្មី​ជួប​បញ្ហា លោក​ប្រធានាធិបតី ត្រាំ បែរជា​លើកឡើងថា លោក​បានទទួល​មរតក​ដ៏រ​ញ៉ៃ​រ​ញ៉ៃ​ពី​រដ្ឋបាល​ចាស់​ទៅវិញ​។ ក្នុង​សន្និសីទ​ដែល​មិនបាន​ព្រាងទុក​មុន លោក​បាន​ទម្លាក់កំហុស​ទៅ​រដ្ឋបាល​ចាស់​ថា បន្សល់ទុក​បញ្ហា​ច្រើនណាស់​ទាំង​ក្នុង​រដ្ឋាភិបាល ទាំង​វិស័យសេដ្ឋកិច្ច ព្រមទាំង​លើ​ឆាក​អន្តរជាតិ​ទៀតផង​។ ច្បាស់​ណាស់​ថា រដ្ឋបាល​ចាស់​ដែល​លោក ត្រាំ និយាយ គឺ​រដ្ឋបាល​លោក បា​រ៉ា​ក់់ អូ​បា​ម៉ា តែម្ដង​។​

​តាំងតែ​ពី​ដើម​មក​នោះ ប្រធានាធិបតី​មាន​សាវតារ​ជា​អ្នកជំនួញ​រូបនេះ មិនដែល​ចូលចិត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ហើយ​ជានិច្ច​កាលនោះ លោក​តែង​និយាយ​រិះគន់​ខ្លាំងៗ​លើ​សារព័ត៌មាន​ទាំងនោះ​។ សារព័ត៌មាន​ល្បីៗ​ដូចជា CNN និង The New York Times ជាដើម​សុទ្ធតែ​ធ្លាប់​ត្រូវបាន​លោក ត្រាំ ហៅ​ជា​សារព័ត៌មាន​ក្លែងក្លាយ​ទាំងអស់ ដោយសារ​ផ្សាយ​ព័ត៌មាន​របៀប​រិះគន់​លោក​ខ្លាំងៗ​ពេក​នាពេល​កន្លងមក​៕   


Tag:
 ​ដូ​ណា​ល់ ត្រាំ​
  សារព័ត៌មាន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com