អន្តរជាតិ
ដូណាល់ ត្រាំ ជួបទីប្រឹក្សារដ្ឋចិន ពិភាក្សារឿងជំនួបប្រធានាធិបតីអាមេរិក-ចិន
× ចាប់តាំងពីយុទ្ធនាការរកសំឡេងឆ្នោត ដល់ការឈ្នះឆ្នោតប្រធានាធិបតីរបស់លោក ដូណាល់់ ត្រាំ ទំនាក់ទំនងរវាងមហាអំណាចអាមេរិក និងចិន បានដើរលើផ្លូវរដាក់រដុបយ៉ាងខ្លាំង។ លោក ត្រាំ បានរិះគន់ក្រុងប៉េកាំងខ្លាំងតាំងពីរឿងទម្លាក់ថ្លៃប្រាក់យ័ន, នយោបាយចិនតែមួយ រហូតដល់រឿងកូរ៉េខាងជើងទៀតផង។ ប៉ុន្តែចាប់ពីការនិយាយទូរសព្ទរវាងលោក ត្រាំ និងប្រធានាធិបតី ស៊ី ជិនពីង នៅដើមខែកុម្ភៈមក ទំនាក់ទំនងនេះមានភាពប្រសើរជាងមុន ហើយមេដឹកនាំទាំងពីរទំនងជាជិតជួបគ្នាផង។
ទីប្រឹក្សារដ្ឋចិន យ៉ាង ជាឈី (Yang Jiechi) បានទៅដល់អាមេរិកនៅថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីទស្សនកិច្ចពីរថ្ងៃនៅទីនោះ។ លោក បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់រួមទាំងមន្ត្រីផ្នែកសន្តិសុខ ដើម្បីពិភាក្សាលើទំនាក់ទំនងមហាអំណាចពិភពលោកទាំងពីរ។ ទីប្រឹក្សារដ្ឋចិនរូបនេះ ក៏បានជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមានក៏ដូចជាអនុប្រធានាធិបតី Mike Pence ផងដែរ។
លោក យ៉ាង ជាឈី ជាមន្ត្រីជាន់ខ្ពស់ចិនដំបូងគេដែលជួបជាមួយប្រធានាធិបតីអាមេរិក។ មានតំណែងទីប្រឹក្សារដ្ឋទទួលបន្ទុកកិច្ចការការបរទេស លោក យ៉ាង មានឥទ្ធិពលខ្លាំងជាងរដ្ឋមន្ត្រីការបរទេស វ៉ាង យី ទៅទៀតក្នុងជួររដ្ឋាភិបាលចិនលើការងាការទូត។ ដូច្នេះហើយបានជាលោកប្រធានាធិបតី ស៊ី ជិនភីង បញ្ជូនលោកទៅកាន់អាមេរិកមុន ដើម្បីស្ទាបស្ទង់រដ្ឋបាលអាមេរិកថ្មី និងពិភាក្សាលើលទ្ធភាពនៃជំនួបមេដឹកនាំប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិក និយាយថា ជំនួបពិភាក្សារវាងទីប្រឹក្សារដ្ឋចិន និងមន្ត្រីអាមេរិក ផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងការរៀបចំជំនួបរវាងលោក ត្រាំ និងលោក ស៊ី ។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទនៃជំនួបលើកដំបូងនេះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា រដ្ឋធានីប៉េកាំង ឬរដ្ឋធានីវ៉ាស៊ីនតោនធ្វើម្ចាស់ផ្ទះជំនួបនេះមុនដែរ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិន លោក យ៉ាង ជាឈី បានប្រាប់ប្រធានាធិបតីអាមេរិកថា ចិនមានបំណងពង្រឹងទំនាក់ទំនងគ្រប់កម្រិតជាមួយអាមេរិក ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែប្រសើរដែរ។ យ៉ាងណាក្ដី លោកក៏សង្កត់ធ្ងន់បែបបញ្ឆិតបញ្ឆៀងថា ភាគីទាំងពីរ ក៏ត្រូវគោរពផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ដ្បិតទំនាក់ទំនងល្អរវាងអាមេរិក និងចិន ក៏ផ្ដល់ប្រយោជន៍ដល់ពិភពលោកទាំងមូលដែរ។
តាំងពីដើមមកនោះ លោក ត្រាំ តែងតែរិះគន់ចិនមិនឈប់មាត់ឡើយ។ លោកចោទប្រកាន់ថា ចិនបានទម្លាក់ប្រាក់យ័នដើម្បីកេងចំណេញសេដ្ឋកិច្ច ដែលលោក ត្រាំ ចាត់ទុកជារឿងអយុត្តិធម៌ ហើយលោកក៏បាន រិះគន់សកម្មភាពយោធារបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង ព្រមទាំងចោទចិនថាមិនជួយធ្វើអ្វីសោះដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ អ្វីគួរភ្ញាក់ផ្អើលនោះ លោកបែរជាចង់ឲ្យចិនធ្វើសម្បទានសេដ្ឋកិច្ច ជាថ្នូរនឹងការបន្តអនុវត្តនយោបាយចិនតែមួយទៅទៀត៕
Tag:
ដូណាល់ ត្រាំ
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com