អន្តរជាតិ
ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អាចបង្កើត​ស្ថាប័ន​ពិសេស​ស៊ើបអង្កេត​រឿង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​
03, Mar 2017 , 2:26 pm        
រូបភាព
បេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Yanghee Lee
បេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Yanghee Lee
ដោយ: ថ្មីៗ
​បេសកជន​ពិ​សស​អង្គការសហប្រជាជាតិ​ប្រចាំ​មី​យ៉ាន់​ម៉ា​បានស្នើ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ពិ​សេសមួយ​សម្រាប់​ទទួល​ខុសត្រូវ​សំណុំ​s​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា​។​ការស្នើសុំ​នេះ​កើតឡើង​ស្រប​ពេលដែល​មី​យ៉ាន់​ម៉ា​កំពុង​រង​ការចោទប្រកាន់​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​និង​បណ្តា​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ថា បាន​បំពាន​សិទ្ធិ​ជនជាតិភាគតិច​ឥស្លាម រ៉ូ​ហ៊ីង​យ៉ា​ធ្ងន់ធ្ងរ​។​



​បេសកជន​ពិសេស​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​លោកស្រី Yanghee Lee បានធ្វើ​សំណើរ​មួយ​ក្នុង​របាយការណ៍ខ្លួន​នា​ថ្ងៃ ២​មីនា ដើម្បី​សុំ​បង្កើត​គណៈកម្មការ​ពិ​សេសមួយ​ស៊ើបអង្កេត​ករណី​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា​។ បើសិនជា​មានការ​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មែន គណៈកម្មការ​ពិសេស​នេះ​ជា​គណៈកម្មការ​ស៊ើបអង្កេត​ខ្ពស់បំផុត​មួយ​ដែលមាន​ភារកិច្ច​ស៊ើបអង្កេត​ករណី​រំលោភសិទ្ធិ​មនុស្ស​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​សម្តី​លោកស្រី​តាម​របាយការណ៍​ដាក់​ចូលទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នោះ លោកស្រី បេសកជន​ពិសេស​នេះ​ទទូច​សុំ​ឲ្យ​ក្រុមប្រឹក្សា​ទាំងមូល​ដែលមាន​ប្រទេស​សមាជិក​ចំនួន ៤៧​នោះ ចូលរួម​បង្កើត​គណៈកម្មការ​នេះ​ឡើង​ដើម្បី​ស្វែងរក​ភស្តុតាង​និង​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​, ការអនុវត្ត​គោលនយោបាយ និង​ច្បាប់​ដែលមាន​លក្ខណៈ​រើសអើង​ចំពោះ​ប្រជាជន​ភាគតិច​រ៉ូ​ហ៊ីង​យ៉ានា​រដ្ឋ​រ៉ា​ក់​ឃី​ន នោះ​។​

​បេសកជន​រូបនេះ​បាន​បន្តថា ការ​ស៊ើប​អ​ងេ្ក​ត​ក៏ត្រូវ​ផ្តោត​សំខាន់​លើ​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​កាលពី​ឆ្នាំ ២០១២ ឆ្នាំ ២០១៤ និង ការបង្ក្រាប​និង​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ាង​កាលពី​ខែតុលា​ឆ្នាំ ២០១៦ ពី​សំណាក់​ក្រុម​យោធា​ផងដែរ​។ បើតាម​សកម្មភាព​បំពារបំពាន​សិទ្ធិមនុស្ស​នេះ​វា​អាច​ស្មើនឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ថែម​ទៀតផង​។​

​កន្លងមក​ការិយាល័យ​សិទ្ធិមនុស្ស​បាន​បញ្ចេញរ​បាយ​ការណ៍​ស៊ើបអង្កេត​មួយ​ក្នុង​សំណុំរឿង​មី​យ៉ាន់​ម៉ា​ដែរ ដោយ​របាយការណ៍​នោះ​បង្ហាញថា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ក្នុងនោះ​មាន​ទាំង​ការរំលោភ​សម្លាប់ និង​ធ្វើ​ទារុណកម្ម​ព្រៃផ្សៃ​លើ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ថែមទៀត​ក្នុង​ប្រតិបត្តិការ​កាលពី​ខែតុលា​។

​ប៉ុន្តែ​មី​យ៉ាន់​ម៉ា​បាន​ទាត់ចោល​របាយការណ៍រ​បស់​អង្គការសិទ្ធិមនុស្ស​នេះ ដោយ​អះអាងថា ខ្លួន​មិនបាន​ប្រព្រឹត្ត​អំពើ​ទាំង​អម្បាលម៉ាន​ដូច​ការចោទប្រកាន់​ឡើយ​។ រដ្ឋាភិបាល​នេះ​ក៏​ថែមទាំង​ហៅ​របាយការណ៍​នេះ​ថា​ជា​របាយការណ៍​មិន​ត្រឹមត្រូវ និង​លម្អៀង​ផងដែរ​។​

​យ៉ាងណាក៏ដោយ ការ​ឈានទៅ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​កម្រិត​ខ្ពស់​នេះ វា​ចាំបាច់​ត្រូវមាន​ការសម្រេច​ពី​សមាជិក​ក្រុមប្រឹក្សា​ទាំងមូល​តាម​ការអនុម័ត​ដំណោះស្រាយ​មួយ​។ គេ​រំពឹងថា​ដំណោះស្រាយ​នោះ​អាច​នឹងត្រូវ​អនុម័ត​ឡើង​នៅ​ចុងខែ​មីនា​នេះ​មុន​ពេលដែល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រចាំឆ្នាំ​ចប់​៕


Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​
  Yanghee Lee
© រក្សាសិទ្ធិដោយ thmeythmey.com