អន្តរជាតិ
ក្រុម​ឧទ្ទាម​ស៊ី​រី ថា លោក​អូ​បា​ម៉ា កុហក​ប្រជាជន​ស៊ី​រី
03, Mar 2017 , 8:59 pm        
រូបភាព
​ប្រធាន​ក្រុម​ចរចា​របស់​ក្រុមប្រឆាំង​ស៊ី​រី ដែល​ចូលរួម​កិច្ចចរចា​សន្តិភាព​ក្រុង​ហ្សឺ​ណែវ បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ថា​បាន​បោកប្រាស់​ប្រជាជន​ស៊ី​រី ព្រោះ​មិនបាន​ចាត់វិធានការ​ប្រឆាំង​អ៊ីរ៉ង់​ដែល​លុកលុយ​ទឹកដី​ស៊ី​រី​។ ក្រុមប្រឆាំង​ស៊ី​រី ក៏​សង្ឃឹមថា រដ្ឋបាល​អាមេរិក​ថ្មី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងមិន​ជាន់​ដាន​ចាស់​របស់​រដ្ឋបាល​លោក អូ​បា​ម៉ា និង​ងាក​មកជួយ​ខ្លួន​ប្រឆាំង​ឥទ្ធិពល​អ៊ីរ៉ង់​។​



​ក្រុម​ឧទ្ទាម​ប្រឆាំង​ស៊ី​រី បាន​រិះគន់​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​មិន​ព្រម​ជួយ​ខ្លួន​ទប់ទល់​អ៊ីរ៉ង់ និង​បាន​បោកប្រាស់​ប្រជាជន​ស៊ី​រី ព្រោះ​លោក​មិនបាន​បង្ខំ​ឲ្យ​ប្រធានាធិបតី Bashar al-Assad ចុះ​ចេញពី​តំណែង​។ ក្រុមប្រឆាំង​ស៊ី​រី ដែល​កំពុង​ចូលរួម​ចរចា​សន្តិភាព​នៅ​ក្រុង​ហ្សឺ​ណែវ រំពឹងថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​កែ​កំហុស​លោក អូ​បា​ម៉ា ដើម្បី​ក្លាយ​ដៃគូរ​គួរ​ឲ្យ​ទុកចិត្ត​ក្នុងការ​ប្រឆាំង​អ៊ីរ៉ង់​។​

​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​ជួប​ជាមួយ​តំណាង​អង្គការ​សហ​ប្រជា​តិ លោក Nasr al-Hariri បាន​ប្រាប់​អ្នកកាសែត​ថា ប្រជាជន​ស៊ី​រី​កំពុង​លះបង់​ជីវិត​របស់ខ្លួន ក៏​ព្រោះតែ​កំហុស​ដ៏​មហន្តរាយ​របស់លោក អូ​បា​ម៉ា​។ លោក អូ​បា​ម៉ា កុហក​ពួកគេ និង​មិនបាន​គោរព​តាម​ការសន្យា​ឡើយ ហើយ​លោក​បែរជា​ស្ងាត់ស្ងៀម​នឹង​ទង្វើ​ឧក្រិដ្ឋ​របស់​ប្រធានាធិបតី Bashar al-Assad ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ក្នុង​អាណត្តិ​របស់ខ្លួន លោក អូ​បា​ម៉ា បាន​សន្យា​ចាប់បង្ខំ​ឲ្យ​លោក Assad ចុះចេញ ព្រោះ​ជម្លោះ​ស៊ី​រី​ដែល​អូសបន្លាយ​ដល់​ឆ្នាំ​ទី​៦ បានសម្លាប់​ប្រជាជន​រាប់ម៉ឺន​នាក់ និង​ជាច្រើន​លាន​នាក់​ទៀត​រត់​ភៀសខ្លួន​។ អំឡុងពេល​សង្គ្រាម​នេះ អាមេរិក ក៏បានផ្ដល់​ការគាំទ្រ​យ៉ាងច្រើន​ដល់​ក្រុម​ឧទ្ទាម​ប្រឆាំង​រួមមាន​ការហ្វឹកហាត់ និង​យុទ្ធោបករណ៍​ជាច្រើន ប៉ុន្តែ​មិនបាន​ជួយ​ប្រយុទ្ធ​ទល់នឹង​ទាហាន​លោក Assad ដែលមាន​រុស្ស៊ី និង​អ៊ីរ៉ង់​នៅ​ពីក្រោយ​ឡើយ​។​

​យ៉ាងណាមិញ ដោយមាន​គាំទ្រ​ខ្លាំង​ពី​រុស្ស៊ី លោក Assad នៅតែ​បន្ត​កាន់អំណាច​ពេញដៃ ហើយ​កងទ័ព​របស់លោក ក៏បាន​ដណ្ដើម​កាន់កាប់​ទឹកដី​បានមក​វិញ​យ៉ាងច្រើន​ទៀតផង​។ ចូល​មកដល់​អាណត្តិ​លោក ត្រាំ អាមេរិក​ក៏​មិនសូវ​ផ្ដោត​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​លើ​បញ្ហា​ស៊ី​រី ហើយ​លោក​ថែមទាំង​ចង់​បញ្ឈប់​ការគាំទ្រ​លើ​ក្រុម​ឧទ្ទាម​ទៅទៀត​។ ដោយសារ​រឿងនេះ អនាគត​ស៊ី​រី សឹងតែ​ធ្លាក់​ទៅ​ក្រោម​កណ្ដាប់​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ទៅហើយ​។

​ខណៈដែល​ក្រុង​វ៉ាស៊ីនតោន​ដកខ្លួន រុស្ស៊ី​បានក្លាយ​ជា​តួឯក​ដើម្បី​ជួយ​បញ្ចប់​ជម្លោះ​ស៊ី​រី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ខណៈដែល​ចំណាយ​ទាំង​លុយ​, ទ័ព និង​សព្វាវុធ​អស់​ច្រើនសន្ធឹក ក្រុង​មូ​ស្គូ​កំពុង​រិះរក​មធ្យោបាយ​បញ្ចុះបញ្ចូល​ភាគី​ទាំងសងខាង​ធ្វើ​សម្បទាន​បន្ថែម​សម្រាប់​ការបង្កើត​ដំណោះស្រាយ​នយោបាយ​ឲ្យ​ឆាប់ ប៉ុន្តែ​ក្រុម​ឧទ្ទាម​ដែល​បន្ត​ចិញ្ចឹមចិត្ត​បណ្តេញ អាសាដ ចេញពី​តំណែង​ដើម្បី​មានការ​បោះឆ្នោត​៕


Tag:
 ស៊ី​រី​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com