អន្តរជាតិ
ស៊ុយអែត​សម្រេច​អនុវត្ត​កាត​ព្វ​យោធា​ឡើងវិញ ព្រោះ​ខ្លាច​រុស្ស៊ី​ឈ្លានពាន​
03, Mar 2017 , 9:59 pm        
រូបភាព
​ស៊ុយអែត បានសម្រេច​ប្រើប្រាស់​កាតព្វកិច្ច​យោធា​ឡើងវិញ​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​របស់ខ្លួន ក្រោយ​ផ្អាក​ការអនុវត្ត​ច្បាប់​នេះ​ចាប់ពី​ឆ្នាំ​២០១០​។ រដ្ឋាភិបាល​ក្រុង​ស្តុក​ខុម​អះអាងថា ការយក​កាតព្វកិច្ច​យោធា​នេះ​មក​អនុវត្ត​ឡើងវិញ​គឺ​ដើម្បី​ធានា​ពី​សន្តិសុខ​និង​សុវត្ថិភាព​ប្រទេស​របស់ខ្លួន ការពារ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ពី​ខាងក្រៅ​ជាពិសេស សកម្មភាព​របស់​រុស្ស៊ី​។



​រយៈពេល ៧​ឆ្នាំ​ក្រោយពេល​សម្រេច​ផ្អាក​ការអនុវត្ត​កាតព្វកិច្ច​យោធា នា​ខែមីនា​នេះ រដ្ឋាភិបាល​ស៊ុយអែត​បានប្រកាសថា ខ្លួន​នឹង​អនុវត្ត​វិធានការ​នេះ​ឡើងវិញ​។ ពាក់ព័ន្ធ​បញ្ហា​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ស៊ុយ​អ៊ែត  Peter Hulqvist បាន​បញ្ជាក់ថា ការសម្រេច​គ្រប់យ៉ាង​វា​ទាក់ទង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។

​ស៊ុយអែត​មិនដែល​ស្គាល់​សង្គ្រាម​ឡើយ​អស់​រយៈពេល​ជាង ២០០​ឆ្នាំ​មកនេះ ហើយ​រដ្ឋ​មួយ​នេះ​ក៏​មិន​ស្ថិតក្នុង​ក្រុម​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដែរ​។ ប៉ុន្តែ​បញ្ហា​សន្តិសុខ​កើនឡើង​ខ្លាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ស៊ុយអែត​ចាំបាច់​ត្រូវ​ការកសាង​កម្លាំង​ទ័ព​របស់ខ្លួន​ឡើងវិញ​។ ក្នុងចំណោម​បញ្ហា​សន្តិសុខ​ដែល​ស៊ុយអែត​បារម្ភ​ខ្លាំងជាងគេ​នោះ​មាន​រុស្ស៊ី​ដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​ការពារជាតិ​ស៊ុយ​អ៊ែត​បានបញ្ជាក់​ដូច្នេះ​ថា​៖« យើង​ស្ថិតក្នុង​បរិបទ​សន្តិសុខ​ដែល​រុស្ស៊ី​បាន​ក្រសោប​យក​ទឹកដី​គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន​។ ហើយ​ពួកគេ​កំពុង​ធ្វើ​សមយុទ្ធ​នៅក្បែរៗ​ទឹកដី​យើង​»​។​

​ចាប់ពី​ឆ្នាំ ២០១៤​មក ពេលដែល​រុស្ស៊ី​លើកទ័ព​ចូល​អ៊ុយ​ក្រែ​ន​និង​ក្រសោប​យក​ទឹកដី​គ្រី​មៀ  ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​ដូចជា​ស៊ុយអែត​នេះ​បារម្ភ​ខ្លាំង​ពី​អនាគត​របស់ខ្លួន ព្រោះ​គេ​រំពឹងថា​រុស្ស៊ី​អាច​នឹង​វាតទី​បន្ថែមទៀត​។ នេះ​ក៏ដោយ​សារ ស៊ុយអែត​ត្រូវការពារ​ខ្លួនឯង​ផ្ទាល់ ព្រោះ​រដ្ឋ​នេះ​មិនមែនជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ ដែល​អាច​ទទួលបាន​ជំនួយ​ពី​ប្រទេស​សម្ព័ន្ធមិត្ត​ពេល​រង​ការវាយប្រហារ​ឡើយ​។ 

​មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ពន្យល់​បន្ថែម​ផងដែរ​ថា នាពេល​បច្ចុប្បន្ន​កងទ័ព​ស៊ុយអែត​ត្រូវ​ជ្រើសរើស​ពឹង​ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ ហើយ​វា​លំបាក​ក្នុងការ​បំពេញ​កន្លែង​ទំនេរ​ក្នុង​អង្គភាព​កងទ័ព​នីមួយៗ​។ ដូច្នេះហើយ​វា​ជា​រឿង​ចំ​បាច់​ដែល​ប្រទេស​នេះ​ត្រូវ​ចាប់ផ្តើម​អនុវត្ត​កាត​ព្វ​យោធា​ឡើងវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​តាមពិតទៅ ស៊ុយអែត​ចាប់ផ្តើម​អនុវត្ត​កាតព្វកិច្ច​យោធា​កាលពី​ឆ្នាំ ១៩០១ និង​ផ្អាក​ទៅវិញ​ឆ្នាំ ២០១០​។ ក្រោយ​ការបញ្ចប់​កាតព្វកិច្ច​យោធា ការងារ​ជា​ទាហាន​មិន​ត្រូវបាន​យុវវ័យ​ចាប់អារម្មណ៍​ឡើយ​។ ការសម្រេច​អនុវត្ត​កាតព្វកិច្ច​យោធា​ឡើងវិញ​នេះ​ធ្វើឡើង​ដោយមាន​ការសម្រេច​ពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​។ យោងតាម​សេចក្តីសម្រេច​នេះ រាល់​ប្រជាជន​ស៊ុយអែត​ទាំងស្រី​ទាំងប្រុស ដែល​កើត​ក្នុង​ឆ្នាំ ១៩៩៩ ឬ​ក្រោយ​នោះ​គ្រប់​លក្ខខណ្ឌ​ចូល​បម្រើ​យោធា​នេះ​។ កាត​ព្វ​យោធា​នេះ​មាន​រយៈពេល​សរុប ១១​ខែ ហើយ​ការអនុវត្ត​កា​ត្វ​កិច្ច​យោធា​ជា​ផ្លូវការ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ ១​មករា​ឆ្នាំ ២០១៨​ខាងមុខ​។

​ក្នុង​រយៈពេល​ប្រហែល ២០​ឆ្នាំ​ចុង​ក្រោយនេះ ស៊ុយអែត​ក៏​មិនសូវ​ខ្វាយខ្វល់​រឿង​ធ្វើ​ទំនើបកម្ម​យោធា​ដែរ​។ ថវិកា​យោធា​ត្រូវបាន​កាត់បន្ថយ​ដោយ​រដ្ឋាភិបាល​យល់ឃើញ​ថា វា​ជា​រឿង​មិនចាំបាច់​និង​ខ្ជះខ្ជាយ​។ ថវិកា​ភាគច្រើន​ត្រូវបាន​គេ​បង្វែរ​ទៅ​ជួយ​ប្រតិបត្តិ​ការការពារ​សន្តិ​ភាព​នោប​រទេស និង​សកម្មភាព​ពាក់ព័ន្ធ​ផ្សេងទៀត មិនមែនជា​ការធ្វើ​ទំនើបកម្ម​វិស័យ​យោធា​ឡើយ​៕


Tag:
 ស៊ុយអែត​
 ​ រុស្ស៊ី​
  Peter Hulqvist
  កាតព្វកិច្ច​យោធា
© រក្សាសិទ្ធិដោយ thmeythmey.com