ជាតិ
សេដ្ឋកិច្ច
ផ្ទះ​តម្លៃ ២៣៥០០​ទៅ​ជាង ៣​ម៉ឺន​ដុល្លារ​សម្រាប់​អ្នកមាន​ចំណូល​ទាប​និង​មធ្យម ចាប់ផ្ដើម​សង់​នៅ​ខែឧសភា​
05, Mar 2017 , 1:05 pm        
រូបភាព
រូបថតពីហ្វេសប៊ុក​លោក ជា សុផារ៉ា
រូបថតពីហ្វេសប៊ុក​លោក ជា សុផារ៉ា
ដោយ:
 
​ភ្នំពេញ​៖ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប (Bun Ches Group) និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ នៅ​ថ្ងៃទី​២​ខែមីនា បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ដើម្បី​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​មធ្យម​។


​បើតាម លោក ផៃ សុ​ម៉ៃ ប្រធាន​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ក្រុមហ៊ុន​នឹង​អនុវត្ត​គម្រោង​របស់ខ្លួន​លើ​ផ្ទៃដី ៨២​ហិកតា ចាប់ពី​ខែឧសភា​ឆ្នាំនេះ និង​ត្រូវ​បញ្ចប់​ក្នុង​ចន្លោះពេល​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ លើ​ទីតាំង​ស្ថិតក្នុង​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល មាន​ចម្ងាយ ២១​គីឡូម៉ែត្រ​ពី​វត្តភ្នំ រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥  (​ទីតាំង​គម្រោង​មាន​ចម្ងាយ ៤០០​ម៉ែត្រ​ពី​ផ្លូវជាតិ​)​។  
 
​លោក ផៃ សុ​ម៉ែ បន្ត​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា ក្រុមហ៊ុន​នឹង​សាងសង់​ផ្ទះ​ចំនួន ៥៣៤០​ល្វែង ក្នុងនោះ​ប្រភេទ​ផ្ទះ​ទំហំ ៤,១​ម៉ែត្រ​គុណ​១៣​ម៉ែត្រ​មាន​ចំនួន ៨៦៤​ខ្នង និង​ផ្ទះ​ទំហំ ៥,១​ម៉ែត្រ​គុណ​៧,២​ម៉ែត្រ​មាន ៤៤៧៦​ខ្នង និង​មាន​ដី​លំហ​មុខក្រោយ ៥​ម៉ែត្រ​។ លោក បន្ថែមថា ក្នុង​គម្រោង​នេះ​មាន​សួនច្បារ ចំណត និង​ផ្សារ និង​នៅក្បែរ​ទីតាំង​គម្រោង​មាន​សាលារៀន និង​មន្ទីរពេទ្យ​របស់​រដ្ឋ ដែល​បង្ក​ភាព​ស្រួល​ដល់​អ្នក​ចូលទៅ​រស់នៅ​ទីនោះ​។ 
  
 
​ចំពោះ​តម្លៃ លោក ផៃ សុ​ម៉ៃ អះអាងថា ផ្ទះ​ទាំងនេះ​នឹងត្រូវ​លក់​ក្នុងតម្លៃ ២៣៥០០ ទៅ ៣១៨៧៩​ដុល្លារ​ក្នុង​១​ល្វែង​។ លោក​បញ្ជាក់ថា អតិថិជន​ត្រូវ​បង់ប្រាក់​កក់​៣០​ភាគរយ​នៃ​តម្លៃ​ផ្ទះ ដោយ​១​ខែ​ត្រូវ​បង់​១០​ភាគរយ​សម្រាប់​៣​ខែ​ដំបូង និង​នៅសល់ ៧០​ភាគរយ​ទៀត​អតិថិជន​អាច​បង់​រំ​លួស​រហូតដល់​២០​ឆ្នាំ ដោយ​១​ខែ​ត្រូវ​បង់​ពី ១៤០ ទៅ​ជាង ១៦០​ដុល្លារ ជាមួយ​អ​ត្រ​ការប្រាក់ ៨,៥​ភាគរយ​ក្នុង​១​ឆ្នាំ​។ លោក​បន្ថែមថា អ្នក​នៅ​លីវ និង​មានគ្រួសារ​ដែលមាន​ចំណូល​ទាប​និង​មធ្យម​អាច​ទិញ​ផ្ទះ​នេះ​បាន​ដូចគ្នា តែ​ក្រុមហ៊ុន​លោក​ផ្ដល់​អាទិភាព​ដល់​មន្ត្រីរាជកា​រ ហើយ​ទិញ​បាន​រយៈពេល​៥​ឆ្នាំ​ទើប​អាច​លក់បាន​។ 
 
​ប្រធាន​គម្រោង​រូបនេះ ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក​ដែលមាន​លោក ប៊ុន ជេស្ឋ ជា​ប្រធាន សម្រេច​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ​នេះ​ឡើង គឺ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភា​ក្រីក្រ​របស់​ពលរដ្ឋ និង​ផ្ដល់​លទ្ធភាព​ដល់​អ្នកមាន​ចំណូល​ទាប​និង​មធ្យម​មានផ្ទះ​នៅ​សមរម្យ​។ លោក សុ​ម៉ៃ បន្តថា ចំពោះ​កិច្ចសហការ​រវាង​ក្រុមហ៊ុន និង​ក្រសួង​រៀបចំ​ដែនដី គឺ​ខាង​ភាគី​ក្រុមហ៊ុន​ជា​អ្នក​បោះទុន​សាងសង់ តែ​លោក​មិនអាច​បញ្ជាក់បាន​ពី​ដើមទុន​នោះទេ ហើយ​ខាង​ក្រសួង​នឹង​ជួយ​រៀបចំ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ទឹកស្អាត អគ្គិសនី និង​សម្រួល​នីតិវិធី​រដ្ឋបាល​ផ្សេងៗ​។ 
 
​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះ MOU នោះបាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖«​សូម​អបអរសាទរ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​អគ្គនាយកដ្ឋាន​លំនៅឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ សំដៅ​ចូលរួម​សម្រេច​ចក្ខុវិស័យ​នៃ​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន​ក្នុងការ​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ ទទួលបាន​លំនៅឋាន​ក្នុងតម្លៃ​សមរម្យ​សម្រាប់​រស់នៅ​ប្រកបដោយ​សុខមាលភាព សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ ជាពិសេស ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ​»​។​
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប  គឺជា​ក្រុមហ៊ុន​ទី​២​ហើយ បន្ទាប់ពី​ក្រុមហ៊ុន Worldbridge Land របស់លោក សៀ ឫទ្ធី ដែល​បាន​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី បោះទុន​សាងសង់​ផ្ទះ​សម្រាប់​អ្នកមាន​ចំណូល​ទាប​និង​មធ្យម​។ ក្រុមហ៊ុន Worldbridge Land កំពុងដំណើរការ​គម្រោង​របស់ខ្លួន​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល​៕



Tag:
 ផ្ទះ​តម្លៃ​សមរម្យ​
  ប៊ុន ជេស្ឋ គ្រុប​
© រក្សាសិទ្ធិដោយ thmeythmey.com