អន្តរជាតិ
មហាក្សត្រ​ថៃ ដក​ឋានៈ​សង្ឃ​ជាន់ខ្ពស់​ដែល​ជាប់ចោទ​លាងលុយកខ្វក់
06, Mar 2017 , 8:39 pm        
រូបភាព
មន្ត្រីសង្ឃជាន់ខ្ពស់ថៃ ព្រះអង្គ Phra Dhammachayo
មន្ត្រីសង្ឃជាន់ខ្ពស់ថៃ ព្រះអង្គ Phra Dhammachayo
​មហាក្សត្រ​ថៃ Maha Vajiralongkorn បានសម្រេច​ព្រះទ័យ​ដក​ឋានៈ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ Phra Dhammachayo ដែលជា​ចៅអធិការ​វត្ត​ក៏មាន​ឥទ្ធិពល បន្ទាប់​មិនបាន​បង្ហាញខ្លួន​ជុំវិញ​ការចោទប្រកាន់ថា​បាន​លាងលុយកខ្វក់ និង​រត់​ភៀសខ្លួន​ថែមទៀត​។ ការដក​ឋានៈ​នេះ ធ្វើឡើង​ស្របពេល​ដែល​អាជ្ញាធរ​ថៃ កំពុង​តាមរក​ចាប់ខ្លួន​ចៅអធិការ​អង្គ​នេះ ដើម្បី​សាកសួរ​សំណុំរឿង​នេះ ប៉ុន្តែ​ក្រុមគាំទ្រ Phra Dhammachayo ចាត់ទុកជា​រឿង​នយោបាយ​សុទ្ធសាធ​។​



​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​៥ ខែ​មីនា ប្រកាសថា ចៅអធិការ​វត្ត​កំពុង​លាក់​ព្រះកាយ Phra Dhammachayo ត្រូវបាន​មហាក្សត្រ​ថៃ Maha Vajiralongkorn ដក​ឋានៈ​ហើយ ទាក់ទង​សំណុំរឿង​លាងលុយកខ្វក់​។ ប៉ូលិស​ថៃ បាន​ឡោមព័ទ្ធ​វត្ត Dhammakaya ដើម្បី​ស្វែងរក​ចាប់ខ្លួន​សង្ឃ Phra Dhammachayo អស់​ពេល​២​សប្ដាហ៍​មកហើយ ប៉ុន្តែ​ប្រតិបត្តិការ​នេះ ត្រូវបាន​រារាំង​ដោយ​ក្រុម​អ្នកគាំទ្រ​ចៅអធិការ​វត្ត​ខាងលើ ដែល​ហៅ​ចំណាត់ការ​មកលើ Phra Dhammachayo ជា​រឿង​នយោបាយ​។​

​ការ​ប្រ​ឈ​មុខ​រវាង​អាជ្ញាធរ និង​ក្រុម​អ្នកគាំទ្រ Phra Dhammachayo នៅឯ​វត្តមាន​ទីតាំង​ក្នុង​ខេត្ត Pathumthani ជា​រឿង​មិន​ធ្លាប់​ក្រោម​ការគ្រប់គ្រង​របស់​យោធា​។ ចៅអធិការ​វត្ត​អង្គ​នេះ មិន​ព្រម​ចូលខ្លួន​ការកោះហៅ​របស់​អាជ្ញាធរ​ឡើយ ហើយ​ទំនងជា​រត់​ភៀសខ្លួន​ចេញពី​វត្ត​បាត់ទៅហើយ​ដែរ​។ ក្រៅពី​រឿង​លាងលុយកខ្វក់ Phra Dhammachayo ក៏​រង​ការចោទប្រកាន់​ផ្សេងទៀត​ដូចជា ទទួល​វត្ថុ​ចោរលួច និង​រុករាន​ដី​ខុសច្បាប់​ដើម្បី​ពង្រីក​ទីតាំង​វត្ត​ជាដើម​។​

​បើតាម​ឯកសារ​ចុះ​ក្នុង​រាជកិច្ច មហាក្សត្រ Maha Vajiralongkorn បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​ទម្លាក់​តំណែង​ចៅអធិការ​អង្គ​នេះ​។ ឯកសារ​ដដែល​នេះ​បញ្ជាក់ថា ដោយសារ Phra Dhammachayo មិន​បង្ហាញខ្លួន សង្ឃ​អង្គ​នេះ​ស័ក្តិសម​កាន់តំណែង​សព្វថ្ងៃ​នេះឡើយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​យ៉ាងណាមិញ ការដកតំណែង​នេះ គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ព្រោះ​ទាំង​រាជវាំង ទាំង​រដ្ឋាភិបាល គ្មាន​សិទ្ធិ​ដកតំណែង​សង្ឃ​ឡើយ​។ តាមច្បាប់​ប្រទេស មានតែ​ក្រុមប្រឹក្សា​សង្ឃ​ជាន់ខ្ពស់​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ដកតំណែង​សង្ឃ​អង្គ​ណាមួយ​បាន​។ មកដល់ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ពី​ទីកន្លែង​លាក់ខ្លួន​របស់​សង្ឃ Phra Dhammachayo នៅឡើយ​ទេ ខណៈដែល​ប៉ូលិស​ចូល​ឆែកឆេរ​បរិវេណ​វត្ត​ជាច្រើនលើក​មក​។

​ស្របពេល​ប៉ូលិស​ថៃ​នៅតែ​បន្ត​ការតាមរក​ចាប់ខ្លួន មនុស្ស​ជំនិត​របស់​ចៅអធិការ​អង្គ​នេះ ដែល​បន្ត​ការពារ​ទីតាំង​វត្ត Dhammakaya បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងឡាយ​។ ពួកគេ​និយាយថា Phra Dhammachayo មាន​អាពាធ​ធ្ងន់​ដែល​មិនអាច​ចេញមុខ​បាន ហើយ​ពួកគេ​ក៏​មិនទាន់​ឃើញ​ព្រះ​ភ័​ក្រ​ព្រះអង្គ​អស់​ពេល​ជា​យូរ​មកហើយ​ដែរ​។ ចំណែក​មន្ត្រីប៉ូលិស និង​អ្នកគាំទ្រ បន្ត​ការប្រឈមមុខគ្នា​ដដែល ដែល​ពេលខ្លះ​មានការ​ប៉ះទង្គិច​គ្នា​ទៀតផង​៕


Tag:
 ថៃ​
  Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com