អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ថា​ការបណ្ដេញ​ទូត​កូរ៉េខាងជើង​ដើម្បី​ការពារ​កិត្តិយស​ប្រទេស​
06, Mar 2017 , 4:38 pm        
រូបភាព
លោក Kang Chol ទូតកូរ៉េខាងជើង​ប្រចាំម៉ាឡេស៊ី
លោក Kang Chol ទូតកូរ៉េខាងជើង​ប្រចាំម៉ាឡេស៊ី
​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​និយាយ​ការពារ​ការបណ្ដេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង Kang Chol ចេញពី​ទឹកដី​ម៉ាឡេស៊ី ជុំវិញ​ការអធិប្បាយ​មិន​សមរម្យ​របស់​អគ្គរ​ដ្ឋ​ទូត​រូបនេះ​ក្នុង​ឃាតកម្ម​លោក គីម ជុង​ណាំ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​។ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប បាន​ហៅ​ចំណាត់ការ​រដ្ឋាភិបាលរ​ប​ស់លោក ជា​ជំហរ​ដ៏​រឹងមាំ​ដើម្បី​ការពារ​មុខមាត់​ម៉ាឡេស៊ី ដែល​រង​ការចោទប្រកាន់​ពី​សំណាក់​កូរ៉េខាងជើង​ថា​ព្យាយាម​បំបាក់​ខ្លួន​។​



​ទំនាក់ទំនង​ការទូត​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង បាន​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រកាស​ដាក់​អគ្គរដ្ឋទូត​កូរ៉េខាងជើង Kang Chol ជា​ជន​មិន​ត្រូវបាន​ស្វាគមន៍ និង​ត្រូវ​រៀបចំ​បង្វេច​ចេញពី​ទឹកដី​ម៉ាឡេស៊ី​នៅត្រឹម​ល្ងាច​ថ្ងៃទី​៦ ខែមីនា​។ ម៉ាឡេស៊ី មិន​ពេញចិត្ត​ឡើយ​ដែល​លោក គីម ជុង​ណាំ បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រូវធ្វើឃាត​លើទឹក​ដី​ខ្លួន ហើយ​ថែមទាំង​ស្លាប់​ដោយសារ​ធាតុគីមី​ហាមឃាត់​ទៅទៀត​។

​ការបណ្ដេញចេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង ធ្វើឡើង​ក្រោយ​ម៉ាឡេស៊ី​មិន​ទទួលបាន​ពាក្យ​សុំទោស​ជា​លាយលក្ខណ៍អក្សរ​ពី​មន្ត្រី​ទូត​ជាន់ខ្ពស់​កូរ៉េខាងជើង ដែល​ប្រើពាក្យ​មិន​សមរម្យ​លើ​ការស៊ើបអង្កេត​ករណី​ឃាតកម្ម គីម ជុង​ណាំ ។ លោក Kang Chol បាន​រិះគន់​ការស៊ើបអង្កេត​របស់​អា​ជ្ញា​ធរ​ម៉ាឡេស៊ី ដោយបាន​ចោទប្រកាន់ថា ម៉ាឡេស៊ី ចូល​ដៃ​ជាមួយ​សត្រូវ​កូរ៉េខាងជើង ដើម្បី​បង្ខូច​មុខមាត់​ខ្លួន​។ ម្យ៉ាងទៀត​នោះ កូរ៉េខាងជើង​ក៏​មិន​ទទួលស្គាល់​សព​លោក គីម ជុង​ណាំ ជា​សព​បងប្រុស​មេដឹកនាំ​ខ្លួន​ដែរ​។​

​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​និយាយប្រាប់​អ្នករាយការណ៍​ព័ត៌មាន​នៅ​ថ្ងៃទី​៦ ខែមីនា ថា កូរ៉េខាងជើង គួរតែ​សុំទោស​ម៉ាឡេស៊ី ប៉ុន្តែ​លោក​មិន​រំពឹងថា កូរ៉េខាងជើង​សុំទោស​ឡើយ ដូច្នេះហើយ​បាន​ម៉ាឡេស៊ី​ដាក់​ទូត​កូរ៉េខាងជើង​ជា​ជន​មិន​ត្រូវបាន​ស្វាគមន៍​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​និយាយទៀតថា ចំណាត់ការ​របស់លោក គឺ​ដើម្បី​ការពារ​មុខមាត់​ប្រទេសជាតិ ព្រោះ​គ្មាន​នរណា​អាច​បំពាន​ម៉ាឡេស៊ី​ឡើយ​។​

​ទាក់ទិន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​បញ្ជាក់ថា ម៉ាឡេស៊ី ចាត់វិធានការ​ម្ដង​មួយ​ជំហាន​សិន និង​រង់​ចាំមើល​សកម្ម​ភាព​របស់​កូរ៉េខាងជើង ទើប​ឆ្លើយ​បន្តទៀត​។ នៅពេលនេះ រដ្ឋាភិបាល​បាន​ហៅ​អគ្គរដ្ឋទូត​របស់ខ្លួន​មកវិញ​ដែរ ហើយក៏​ទើបតែ​បញ្ឈប់​ការអនុញ្ញាត​ឲ្យ​ជនជាតិ​កូរ៉េខាងជើង​ចូល​ទឹកដី​ម៉ាឡេស៊ី​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​ទៀត​ដែរ​។ 

​ទាក់ទង​សំណុំរឿង​ឃាតកម្ម គីម ជុង​ណាំ វិញ មកទល់ពេលនេះ​មានតែ​ស្ត្រី​២​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​តុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់​ផ្លូវការ ខណៈ​អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​តាមរក​ចាប់ខ្លួន​ជនជាតិ​កូរ៉េខាងជើង​ច្រើន​នាក់​ទៀត ដែល​ជាប់​សង្ស័យ​ក្នុង​សំណុំ​រឿងនេះ​។ កាលពី​សប្ដាហ៍​មុន ក្រុង​កូ​ឡា​ឡាំ​ពួរ ក៏បាន​ដោះលែង​ជនជាតិ​កូរ៉េខាងជើង​ដែរ ព្រោះ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដាក់បន្ទុក ហើយ​ជននេះ​ក៏ត្រូវ​បាន​បណ្ដេញ​ចេញពី​ទឹកដី​ម៉ាឡេស៊ី​ដែរ​៕  


Tag:
 ម៉ាឡេស៊ី​
  កូរ៉េខាងជើង​
  Najib Razak
© រក្សាសិទ្ធិដោយ thmeythmey.com