អន្តរជាតិ
មហាអំណាច​ចិន​ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច តែ​ប្តេជ្ញា​ការពារ​«​ការបើកចំហ​សេដ្ឋកិច្ច​»
06, Mar 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ពិធី​បើក​អង្គប្រជុំ​សភា​ប្រជាជន​ចិន​លើក​ទី​១៩ ចុង​សប្តាហ៍​កន្លងទៅ នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បានកំណត់​គោលដៅ​សេដ្ឋកិច្ច​ថ្មីរ​របស់​ចិន​គឺ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​មក​ត្រឹម ៦,៥​ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ ២០១៧​នេះ​។​ក្នុង​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​ចិន​បានកំណត់​ផ្លូវ​ដើរ​ថ្មី​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​និង​ការលូតលាស់​របស់ខ្លួន​ផងដែរ ដោយ​ក្នុងនោះ​ចិន​ត្រូវអនុវត្ត​គោលនយោបាយ​កែទម្រង់​ក្រុមហ៊ុន​រដ្ឋ​,​បន្ថយ​សមត្ថភាព​ផលិត​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ទប់ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​បន្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ខាងក្រៅ​។ ចិន​ប្រកាសថា ទោះ​កាលៈទេសៈ​ណាក៏ដោយ ទ្វារ​ដែល​ចិន​បើកចំហរ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ហើយ​មិន​បិទ​ឡើយ ហើយ​ចិន​នៅតែ​ការពារ​សេរីភាព​វូប​នីយកម្មសេដ្ឋកិច្ច​។

 


​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖





​ឆ្នាំ​២០១៧​នេះ ពិ​ភ​លោក​ផ្តោត​ការចាប់អារម្មណ៍ លើ​ទំហំ​ថវិកា​ដែល​មហា​យក្ស​ចិន​គ្រោង​ចំណាយ​លើ​វិស័យ​យោធា​។ គេ​ឃើញថា ថវិកា​ហាក់​ស្តួចស្តើង​ជាង​មុន ព្រោះ​ខ្ទង់ចំណាយ​កើនឡើង​ត្រឹម ៧​ភាគរយ​ប៉ុណ្ណោះ ខណៈដែល​អាមេរិក​ត្រៀម​បង្កើន​លុយ ៥៤​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​វិស័យ​យោធា​របស់ខ្លួន​។

​គេ​ដាក់​ការសង្ស័យថា ការ​ពន្យឺត​ល្បឿន​ទំនើបកម្ម​យោធា ដោយ​បន្ថយ​ខ្ទង់ចំណាយ​លើ​វិស័យ​កងទ័ព មកពី​ចិន​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​។ កំណើនសេដ្ឋកិច្ច​ដែល​ធ្លាប់​កើន​ដល់ ពីរ​ខ្ទង់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ ធ្លាក់​ចុះមក​ត្រឹម​ជាង ៦​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៦​កន្លងទៅ​។   

​ក្នុង​ឆ្នាំ​២០១៦ មហាអំណាច​ចិន​ព្យាករណ៍​ថា ខ្លួន​អាច​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ចន្លោះ​ពី ៦,៥ ទៅ ៧​ភាគរយ ហើយ​ជា​លទ្ធផល​ខ្លួន​អាច​សម្រេចបាន ៦,៧​ភាគរយ​។ ថ្វីបើ​កម្រិត​នេះ​ទាប​ជាង​ឆ្នាំមុនៗ​ក្តី សម្រាប់​អ្នកសេដ្ឋកិច្ច វា​នៅតែ​ជា​កំណើន​មួយ​ខ្ពស់​និង​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ចិន​ទៅ​ពេលខាងមុខ​។​

​ថ្លែង​ក្នុង​ពិធី​បើក​អង្គប្រជុំ​សភា​ប្រជាជន​ប្រចាំឆ្នាំ​លើក​ទី ១៩ នៅ​ចុង​សប្តាហ៍​កន្លងទៅ នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​អះអាងថា ការងារ​ប្រហែល​១៣,១៤ លាន​កន្លែង​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ ហើយ​កំណើនសេដ្ឋកិច្ច​កើន​ដល់ ៦,៧​ភាគរយ​នេះ​ក៏​ដោយសារ​ការកើនឡើង​នៃ​សំណង់​លំនៅដ្ឋាន​, កម្ចី​ធនាគារ និង ទុនវិនិយោគ​របស់រ​ដ្ឋា​ភិ​បាល​ជាដើម​។  មេដឹកនាំ​ចិន​រូបនេះ​កត់សម្គាល់​ផងដែរ​ថា ចិន​មិនអាច​រក្សា​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​បាន​រហ័ស​និង​រក្សា​ការអភិវឌ្ឍ​លឿន​បែប​នេះឡើយ​បើសិនជា​គ្មាន​ស្ថិរភាព​សង្គម​និង​សន្តិភាព​ទេនោះ​។​

​ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៧ នេះ ចិន​មិន​ហ៊ាន​រំពឹង​ខ្ពស់​ទេ​ចំពោះ​កំណើនសេដ្ឋកិច្ច​ខ្លួន​។ លោក Li បាន​បញ្ជាក់ថា  ចិន​រំពឹងថា​នឹង​ទទួលបាន​កំណើនសេដ្ឋកិច្ច​ត្រឹម ៦,៥​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពី​ប្រាប់​ពី​សមិទ្ធផល​សម្រេចបាន​ក្នុង​របាយកាណ៍​ការងារ​រដ្ឋាភិបាល ប្រមុខ​រដ្ឋាភិបាល​ចិន​ខាងលើ​ក៏បាន​ថ្លែងប្រាប់​សមាជិកសភា​ពី​គោលនយោបាយ​រដ្ឋាភិបាល​ត្រូវធ្វើ​បន្ត​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ផងដែរ​។​

​ឆ្នាំ​ថ្មី ចិន​បន្ថយ​វិស័យ​ឧស្សាហកម្ម និង​ចាប់ផ្តើម​កែទម្រង់​ក្រុមហ៊ុន​រដ្ឋ​

​នៅ​ចំពោះមុខ​សមាជិកសភា លោក Li បានលើកឡើង​ពី​គោលដៅ​ធំ​មួយ​ដែល​ចិន​ត្រូវ​បន្ត​អនុវត្ត​ដើម្បី​រក្សា​ការលូតលាស់​នៃ​សេដ្ឋកិច្ច​របស់ខ្លួន ក៏ដូចជា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ផ្នែក​សេដ្ឋកិច្ច​ដែរ​។ ក្រៅពី​គោលនយោបាយ​សារពើពន្ធ និង​រូបី​យ​វត្ថុ អ្វីដែល​ចិន​ត្រូវធ្វើ​បន្ទាប់​គឺ​បន្ថយ​ការចំណាយ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កែទម្រង់​ក្រុមហ៊ុន​រដ្ឋ​ជាដើម​ផង​។​

​ពាកព័ន្ធ​ការបន្ថយ​ការចំណាយ​លើ​វិស័យ​ឧស្សាហកម្ម ប្រមុខ​រដ្ឋាភិបាល​ចិន Li Keqiang បាន​ប្រាប់​សភា​ថា ឧស្សា​កម្ម​ប្រភេទ​ធ្យូងថ្ម និង​ដែកថែប​នេះ​មិន​ផ្តល់​ចំណេញ​សេដ្ឋកិច្ច​ប៉ុន្មាន​ឡើយ​ឡើយ ហើយ​វារ​ស់បាន​ដោយសារ​ជំនួយ​រដ្ឋ​និង​ធនាគារ​ប៉ុណ្ណោះ​។  យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters គណៈកម្មការ​ជាតិ​ដើម្បី​អភិវឌ្ឍ​និង​កែទម្រង់​ចិន បាន​បញ្ជាក់ថា ចិន​នឹង​បិទ ក៏ដូចជា​បញ្ឈប់​គម្រោង​សាងសង់​រោងចក្រ​ធ្យូងថ្ម និង​ដែកថែប​។  បើតាម​គម្រោង រដ្ឋាភិបាល​ចិន​នឹង​បន្ថយ​ការចំណាយ​លើ​ឧស្សា​កម្ម​ធ្យូងថ្ម នឹងត្រូវ​កាត់បន្ថយ​ការផលិត ១៥០​លាន​តោន ខណៈ​ឧស្សាហកម្ម​ដែកថែប​ក៏ត្រូវ​កាត់បន្ថយ​៥០​លាន​តោន​ដែរ​ក្នុង​ឆ្នាំ ២០១៧​នេះ​។

​មួយទៀត ក្រុង​ប៉េកាំង​ចាប់ផ្តើម​ព​ន្លឿ​ន​ការកែទម្រង់​ក្រុមហ៊ុន​រដ្ឋ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​,  និង​ការប្រកួតប្រជែង​ជាដើម​។ សហគ្រាស​រដ្ឋ​ប្រហែល​ច្រើន ១០០ ស្ថិតនៅក្រោម​ការកែទម្រង់​នេះ ហើយ​គេ​រំពឹងថា វា​ជាការ​បើកទ្វារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អាច​ប្រើប្រាស់​ទុន​ដើម្បី​ទ្រទ្រង់​សហគ្រាស​សាធារណៈ ដែល​វា​ជាការ​ពង្រឹង​ភាពជា​ដៃគូ​រវាង​ឯកជន​និង​សាធារណៈ​មិនមែនជា​«​ការធ្វើ​ឯកជន​ភាវូបនីយកម្ម​»​ឡើយ​។​

​យ៉ាងណាក៏ដោយ ការកែទម្រង់​មិន​ធ្លាប់មាន​នេះ ស្ថិតនៅ​លើផ្លូវ​រលាក់​និង​វែងឆ្ងាយ ព្រោះ​គោលនយោបាយ​កែទម្រង់​ក្រុមហ៊ុន​នេះ​ទើប​ត្រូវបាន​ដាក់ចេញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ប៉ុណ្ណោះ​។ ហើយ​គោលការណ៍​ណែនាំ​ពាក់ព័ន្ធ​ការកែទម្រង់​នេះ​ក៏​នៅ​មិនទាន់​ច្បាស់លាស់ ដែល​វា​បង្ក​ការស្ទាក់ស្ទើរ​សម្រាប់​ក្រុមហ៊ុន​ឯកជន​ក្នុងការ​ដាក់ទុន​វិនិយោគ​។ ម្យ៉ាងទៀត វា​ជា​រឿង​លំបាក​ដែរ ក្នុងការ​ទាក់ទាញ​ទុនវិនិយោគ​ឯកជន​ក្នុង​សហគ្រាស​រដ្ឋ​នោះ ដោយសារ​វា​ជាការ​វិនិយោគ​ដែល​ទទួលបាន​ផលចំណេញ​តិច​។​


​ចិន​នៅតែ​បើកទ្វារ​ទទួល​វិនិយោគ​បរទេស និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​

​តាមពិតទៅ ការដោះស្រាយ​បញ្ហា​ប្រឈម​ខាងក្នុង​ស្រុក​មួយ​មុខ​មិន​គ្រប់គ្រាន់​ឡើយ ដែល​វា​មានន័យថា ចិន​ក៏ត្រូវ​រៀបចំខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងក្រៅ​ដូចគ្នា​។ ក្នុងពេល​បើក​អង្គប្រជុំ​សភា​នេះ លោក Li Keqiang ក៏​ទទួលស្គាល់​ផងដែរ​ថា ចិន​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​ខាងក្រៅ​។​

«​ការអភិវឌ្ឍ​របស់​ចិន ត្រូវការ​ឲ្យ​យើង​ត្រៀមខ្លួន​ដើម្បី​ប្រឈម​បញ្ហា​ស្មុគស្មាញ​និង​ស្ថានភាព​លំបាក​នានា​។ សេដ្ឋកិច្ចពិភពលោក​កើនឡើង​យឺតយ៉ាវ​ស្រប​ពេលដែល​ចលនា​ប្រឆាំង​សកលភាវូបនីយកម្ម និង​ការអនុវត្ត​នយោបាយ​គាំពារ​និយម​កំពុង​កើនឡើង​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​ចិន​។​
 
​បច្ចុប្បន្ននេះ ចិន​ហាក់​ស្ថិតក្នុង​ស្ថានភាព​លំបាក​លំបិន​បន្តិច​ដែរ​នៅពេលដែល​ភាពមិនច្បាស់លាស់​កើនឡើង​ក្នុង​បរិបទ​សេដ្ឋកិច្ច​អន្តរជាតិ​។ នេះ​ក៏​ព្រោះថា ចលនា​ប្រឆាំង​សាកលភាវូបនីយកម្ម​, នយោបាយ​គាំពារ​និយម និង នយោបាយ​ប្រជា​ឧបាយ (Populist Policy) ផុសផុល​ឡើង​ពាសពេញ​ពិភពលោក​ជាពិសេស​នៅ​បស្ចិម​លោក​ដូចជា​អាមេរិក​និង​អឺរ៉ុប​ថែមទៀត​។​

​ចិន​ដែល​ទើប​ងាកមើល​ដើរ​លើ​នយោបាយ​សេដ្ឋកិច្ច​សេរី​បើកចំហ​ទ្វារ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេសក្រៅ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ មិន​នឹកស្មានថា បរិបទ​សេដ្ឋកិច្ចពិភពលោក​ប្រែប្រួល​ខ្លាំង​បែបនេះ​ទេ​។ ប៉ុន្តែ​មហាអំណាច​សេដ្ឋកិច្ច​លេខ​រៀង​ទី​២ នេះ​ហាក់បីដូចជា​មិន​រួញរា​ឡើយ ដើម្បី​ដឹកនាំ​សេដ្ឋកិច្ចពិភពលោក​និង​ការពារ​«​សេរីភាព​វូប​នីយកម្ម​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​» ក្នុងពេលដែល​អាមេរិក​ដកថយ​នោះ​។​

​លោក Li Keqiang បានបញ្ជាក់​ច្បាស់​ថា ចិន​នៅតែ​ការពារ​នយោបាយ​សេដ្ឋកិច្ច​បើកចំហរ​ដែល​សំដៅ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​សេរី ហើយ​ចិន​នឹង​ប្រឹងប្រែង​ដើម្បី​ធ្វើយ៉ាងណា​ទាក់ទាញ​វិនិយោគ​បរទេស​ឲ្យ​កាន់តែច្រើន​តាម​ដែល​អាច​ធ្វើបាន​។​

​ក្នុង​របាយការណ៍​ការ​ងារ​រដ្ឋាភិបាល​ចិន​ដែល​លោក Li Keqiang រៀបរាប់​ប្រាប់​សភា​នោះ ក៏មាន​ការលើកឡើង​ពី​តួនាទី​សំខាន់​នៃ​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​ដែល​ជួយ​សម្រួល​ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​តំបន់ ដែល​វា​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំងអស់​ផងដែរ​។


Tag:
 ​ចិន​
  Li Keqiang
  នយោបាយ​គាំពារ​និយម​
  សេរី​ភា​វូប​នី​កម្ម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com