អន្តរជាតិ
លោក​ត្រាំ​ទាមទារ​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់ថា​លោក​អូ​បា​ម៉ា​បំពាន​អំណាច​ស៊ើបអង្កេត
06, Mar 2017 , 7:39 pm        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​បានទាមទារ​ឲ្យ​គណៈកម្មការ​ស៊ើប​ការសម្ងាត់​របស់​សភា​ស៊ើបអង្កេត​ទៅលើ ថា​តើ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បំពាន​ទៅលើ​អំណាច​ស៊ើបអង្កេត​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មុនពេល​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា​ឬ​យ៉ាងណា​។​



​ការស៊ើបអង្កេត​នេះ​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ទៅលើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅក្នុង​ការបោះឆ្នោត​របស់​អាមេរិក​។
​លោក Sean Spicer អ្នកនាំពាក្យ​សេត​វិមាន​បាន​មានប្រសាសន៍ថា​៖ «​សេចក្តីរាយការណ៍​នានា​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​ដែល​អាច​ទាក់ទិន​នឹង​នយោបាយ​មុនពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦ ពិត​ជាមាន​បញ្ហា​ខ្លាំងណាស់​»​។​

​ដោយ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់ លោក ត្រាំ កាលពី​ថ្ងៃ​សៅរ៍​បាន​ចោទប្រកាន់​លោក អូ​បា​ម៉ា ថា​បាន​លួច​ថត​សំឡេង​ទូរស័ព្ទ​របស់លោក​នៅឯ​ទីស្នាក់ការ​អគារ ត្រាំ នៅក្នុង​ទីក្រុង​ញូវយ៉ក មួយខែ​មុនពេល​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា​។ ការចោទប្រកាន់​នេះ​ត្រូវបាន​ទីប្រឹក្សា​ម្នាក់​របស់​អតីត​ប្រធានាធិបតី លោក អូ​បា​ម៉ា ច្រានចោល​ថា «​ជា​រឿង​មិន​ពិត​»​។​

​លោក James Clapper អតីត​ប្រធាន​ក្រុម​ស៊ើប​ការសម្ងាត់​បាន​ថ្លែងប្រាប់​ទូរទស្សន៍ NBC ក្នុង​កម្មវិធី Meet the Press កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​ពុំមាន​សកម្មភាព​លួច​ថត​សំឡេង​លោក​ប្រធានាធិបតី ឬ​ក្នុងនាម​លោក​ជា​បេក្ខជន​ម្នាក់ ឬ​ប្រឆាំងនឹង​យុទ្ធនាការ​របស់លោក​នៅ​ពេលនោះ​នោះទេ​»​។

​លោក Clapper បាន​មានប្រសាសន៍​បន្តថា ពុំមាន​ដីកា​បង្គាប់​ពី​តុលា​ការដែល​អនុញ្ញាត​ឲ្យ​មានការ​លួច​ថត​សំឡេង​របស់លោក ត្រាំ មុនពេល​ឬ​ក្រោយ​ការបោះឆ្នោត​នោះទេ​។​

​លោក​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ថ្មី​បានចាប់ផ្តើម​ការងារ​ថ្ងៃអាទិត្យ​របស់លោក ជាមួយនឹង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ដែលមាន​លក្ខណៈ​បង្ខូច​កេរ្តិ៍ឈ្មោះ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និង​លោក អូ​បា​ម៉ា​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com