អន្តរជាតិ
ក្រៅពីលក់អាវុធដាច់ រុស្ស៊ីអួតថាខ្លួនសាកល្បងអាវុធ ១៦២ប្រភេទក្នុងសង្គ្រាមស៊ីរី
× រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាក់ប្រាប់សមាជិកសភាឌូម៉ាថា កងទ័ពរុស្ស៊ីបានសាកល្បងអាវុធចំនួន ១៦២ប្រភេទក្នុងពេលអន្តរាគមន៍ក្នុងជម្លោះស៊ីរីកន្លងមក។ កន្លងមករុស្ស៊ីក៏បានទទួលស្គាល់ផងដែរថា ការអន្តរាគមន៍ក្នុងជម្លោះស៊ីរីដើម្បីប្រឆាំងភេរវកម្មបានជួយឲ្យអាវុធខ្លួនមានទីផ្សារកាន់តែច្រើន។
វាមិនមែនជារឿងចម្លែកទេដែលរុស្ស៊ីអួតអាងពីប្រសិទ្ធភាពក្នុងការប្រឆាំងភេរវកម្ម ដោយចូលអន្តរាគមន៍យោធារបស់ខ្លួននៅក្នុងទឹកដីស៊ីរីចាប់ពីចុងឆ្នាំ ២០១៥មកនោះ។ តែលើកនេះរុស្ស៊ីបានប្រកាសជាសាធារណថាខ្លួនក៏បានយកសង្គ្រាមស៊ីរីដើម្បីសាកល្បងសព្វាវុធច្រើនប្រភេទរបស់ខ្លួនដូចគ្នា។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រាប់ទៅកាន់សភាជាន់ទាបឌូម៉ានៅចុងខែកុម្ភៈដោយលោកត្រូវបានស្រង់សម្តីដោយសារព័ត៌មាន NPR ថា សព្វាវុធប្រហែល ១៦២ប្រភេទមានគ្រប់ធុនត្រូវបានសាកល្បងប្រើប្រាស់ជោគជ័យនៅក្នុងសង្គ្រាមស៊ីរី។
«យើងបានសាកល្បងអាវុធថ្មី និងអាវុធដែលយើងធ្វើទំនើបកម្មចំនួន ១៦២ប្រភេទនៅស៊ីរី។ វាបង្ហាញថា សព្វាវុធយើងមានប្រសិទ្ធភាពខ្ពស់ ហើយអាវុធ ១០ប្រភេទប៉ុណ្ណោះដែលមិនបានបញ្ចេញសមត្ថភាពខ្ពស់ដូចយើងរំពឹងទុកនោះ»។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលអន្តរាគមន៍ក្នុងជម្លោះស៊ីរីក្រោមលេសជួយកម្ចាត់ភេរវកម្មចាប់ពីចុងឆ្នាំ ២០១៥មក។ រុស្ស៊ីបានពង្រាយសព្វាវុធជាច្រើនប្រភេទនិងកងទ័ពជាច្រើនផងទៅស៊ីរី ហើយក្នុងចំណោមសព្វាវុធទាំងនោះមានទាំងនាវាចម្បាំង, នាវាដឹកយន្តហោះ, យន្តហោះចម្បាំង យន្តហើទម្លាក់គ្រាប់បែក និងប្រព័ន្ធខែលការពារមីស៊ីលថែមទៀតផង។
ក្នុងការអន្តរាគន៍ក្រោមស្លាកជួយប្រឆាំងភេរវកម្មនេះ លោក ពូទីន បានសម្រេចគោលដៅនយោបាយដ៏ធំមួយគឹការពាររបបដឹកនាំស៊ីរីរបស់លោក បាសា អាល់អាសាដ ឲ្យរួចផុតពីគ្រោះថ្នាក់និងការតាមយារយីររបស់ក្រុងវ៉ាស៊ីនតោន។ ក្រោមលេសប្រឆាំងភេរវកម្ម លោក ពូទីន បានបញ្ជាទ័ពឲ្យសំពងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ជាបន្តបន្ទាប់ រហូតដល់ក្រុមនេះបាក់ទ័ពបាត់បង់ទីក្រុង Aleppo នៅចុងឆ្នាំ ២០១៦កន្លងមកនេះទៀត។
ត្រឡប់មកវិញ ក្រៅពីអួតរឿងយកសង្គ្រាមស៊ីរីសាកល្បងអាវុធខ្លួន ក្រេមឡាំងកាលពីប៉ុន្មានសប្តាហ៍មុនបានបញ្ជាក់ផងដែរថា ការអន្តរាគមន៍នៅស៊ីរីបានជួយឲ្យអាវុធខ្លួនមានទីផ្សារកាន់តែច្រើនដោយការសំញ៉ែងមហិរិទ្ធិនៃសព្វាវុធរបស់ខ្លួននោះ។ រុស្ស៊ីថែមទាំងប្រឡូយពាក្យថា ការចូលអន្តរាគមន៍នៅស៊ីរីប្រៀបបីដូចជាការផ្សាយពាណិជ្ជកម្មសព្វាវុធដោយមិនគិតថ្លៃដូច្នេះដែរ៕
Tag:
រុស្ស៊ី
Sergei Shoigu
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com