អន្តរជាតិ
Duterte អរគុណ​ចិន​ដែល​ស្រឡាញ់​ហ្វីលីពីន​
09, Mar 2017 , 8:59 pm        
រូបភាព
ប្រធានាធិបតី Rodrigo Duterte ចាប់ដៃប្រធានាធិបតីចិន ស៊ី ជីនភីង (រូបភាព Xinhua)
ប្រធានាធិបតី Rodrigo Duterte ចាប់ដៃប្រធានាធិបតីចិន ស៊ី ជីនភីង (រូបភាព Xinhua)
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​អរគុណ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​ហ្វីលីពីន​ឲ្យ​រីកចម្រើន​ឡើងវិញ តាមរយៈ​ការផ្ដល់​ធនធាន​ហិរញ្ញវត្ថុ​រាប់ពាន់​លាន​ដុល្លារ​។ លោក Duterte ក៏បាន​រម្លឹក​ពី​ការសន្យា​របស់​ចិន ដែល​មក​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ហ្វីលីពីន និង​អនុញ្ញាត​ឲ្យ​ទំនិញ​ហ្វីលីពីន​ហូរ​ចូល​ទីផ្សារ​របស់ខ្លួន​ថែមទៀត​។



«​សូម​អរគុណ​ដែល​ស្រឡាញ់​ពួកយើង និង​ជួយ​យើង​ក្នុងពេល​ជីវិត​ជួប​រឿង​ដ៏​លំបាក​»​។ នេះ​ជាស​ម្ដី​ដឹងគុណ​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ចំពោះ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង​ប្រជាជន​ចិន ដែល​បាន​ផ្ដល់ជំនួយ​អភិវឌ្ឍ​យ៉ាងច្រើន​សម្រាប់​ហ្វីលីពីន​។ លោក​ចាត់ទុក​រឿងនេះ ជា​ជោគជ័យ​នៃ​នយោបាយ​ការបរទេស​ដែល​លោក ហៅថា​នយោបាយ​ឯករាជ្យ បន្ទាប់ពី​ផ្អៀង​ខ្លាំងពេក​លើ​អាមេរិក​អស់​ពេល​ជាច្រើន​ឆ្នាំ​។​

​ថ្លែង​ទៅកាន់​កម្មវិធី​មួយ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ក្រុង​ម៉ានីល​នៅ​ថ្ងៃទី​៨ ខែមីនា ក្រៅពី​អរគុណ​ចិន​ជា​សាធារណៈ លោក Duterte និយាយ​ដែរ​ថា ចិន ក៏មាន​បំណង​ទិញ​ទំនិញ​គ្រប់​ប្រភេទ​ពី​ហ្វីលីពីន ខណៈដែល​ការនាំចេញ​ទៅកាន់​ចិន​កើនឡើង​២​ដង​ឯណោះ​។ លោក​បន្ថែមថា ចិន ក៏​សន្យា​ជួយ​សាងសង់​ផ្លូវ​រថភ្លើង​ភ្ជាប់​ពី​ភាគ​ខាងជើង​ទៅ​ភាគខាងត្បូង​ប្រទេស ដែល​ត្រូវ​ចំណាយ​រាប់ពាន់​លាន​ដុល្លារ​ទៀតផង​។​

​ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​និយាយ​ការពារ​ការផ្លាស់ប្ដូរ​១៨០​ដឺ​ក្រ​នៃ​នយោបាយ​ការបរទេស​របស់លោក ដោយ​ងាក​ចេញពី​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ​អាមេរិក និង​បោះដៃ​ទៅរក​គូប្រជែង​របស់​អាមេរិក គឺ​ចិន និង​រុស្ស៊ី​វិញ​។ ក្នុង​ទស្សនកិច្ច​នៅ​ចិន​កាលពី​ឆ្នាំមុន លោក Duterte បាន​នាំ​មកវិញ​នូវ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ជាង​១៥​ពាន់​លាន​ដុល្លារ និង​ជំនួយ​មនុស្សធម៌​ជាច្រើន​ទៀត​។ មិនតែប៉ុណ្ណោះ លោក ក៏​បន្ទន់​ជំហរ​ដាក់​ចិន រឿង​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​បើតាម​សារព័ត៌មាន ABS-CBN News របស់​ហ្វីលីពីន លោក Duterte អះអាងថា លោក​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុងការ​ផ្លាស់ប្ដូរ​នយោបាយ​ការបរទេស ដែល​ប្រទេស​ផ្សេង​មិនអាច​លូកលាន់​កិច្ចផ្ទៃក្នុង​ហ្វីលីពីន​ទៀតផង​។ ការផ្លាស់ប្ដូរ​នយោបាយ​ការបរទេស​បែបនេះ ធ្វើ​ឲ្យ​លោក​រង​ការរិះគន់​ខ្លាំង​ពី​សាធារណជន ដ្បិត​លោក​បោះបង់​សម្ព័ន្ធមិត្ត​អាមេរិក ប៉ុន្តែ​លោក​និយាយថា លោក​មិន​ខ្វល់​ពី​ការដែល​អ្នកដទៃ​ស្អប់​លោក​ឡើយ​។​

​ខណៈដែល​ទំនាក់ទំនង​ជាមួយ​អាមេរិក​នៅ​ទ្រឹង​គ្មាន​ការរីកចម្រើន​អ្វី​នោះ លោក Duterte ក៏​ប្រឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គូប្រជែង​អាមេរិក​កាន់តែខ្លាំង​ថែមទៀត​។ ក្នុង​ខែឧសភា​ខាងមុខ លោក​នឹង​ទៅ​ទស្សនកិច្ច​លើក​ទី​២​នៅ​ចិន ដើម្បី​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​នៅ​ទីនោះ​។ ហើយ​លោក​ក៏​នឹង​ទៅ​ជួប Idol របស់លោក គឺ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដល់​ទឹកដី​រុស្ស៊ី​ថែមទៀត​ផង​៕ 


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com