ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​ប្រឆាំង មិនទាន់​ឲ្យ​ផ្សាយ​គោលនយោបាយ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ជា​សាធារណៈ
09, Mar 2017 , 8:30 pm         4504
រូបភាព
រូបភាពពីហ្វេសប៊ុករបស់ឯកឧត្តម កឹម សុខា
រូបភាពពីហ្វេសប៊ុករបស់ឯកឧត្តម កឹម សុខា
ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​មន្ត្រី និង​សកម្មជន​គ្រប់រូប កុំ​ឲ្យ​ប្រញាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច ដែល​ទើប​បង្កើតឡើង​កាលពី​សប្តាហ៍​មុន​។ មេបក្ស​ប្រឆាំង បញ្ជាក់ថា គោលនយោបាយ​ទាំងនោះ ត្រូវ​ផ្សាយ​ក្នុង​ផ្ទៃ​គណបក្ស​ជាមុនសិន មុននឹង​ឈានទៅ​ផ្សាយ​ជា​សាធារណៈ​។​



​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​អនុញ្ញាត​ឲ្យ​មន្ត្រី​របស់ខ្លួន រួមទាំង​សកម្មជន​ទាំងអស់ យក​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច ដែល​ទើបតែ​ត្រូវបាន​បង្កើតឡើង ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ នោះទេ​។ ឯកឧត្តម កឹម សុខា បាន​បញ្ជាក់ថា នៅក្នុង​ដំណាក់​ដំបូង គោលនយោបាយ​ទាំងនោះ ត្រូវ​ផ្សព្វផ្សាយ ក្នុង​រង្វង់​គណបក្ស និង​ពន្យល់​ដល់​បេក្ខជន ដែល​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ រួមទាំង​សកម្មជន ដែលជា​ឃោសនិក ជាមុនសិន​។

​ឯកឧត្តម កឹម សុខា បានលើកឡើង​បែបនេះ នៅ​លើក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៧ ។ ប្រធាន​បក្សប្រឆាំង​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​ខ្ញុំ បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ជូន​ដល់ ថ្នាក់ដឹកនាំ ឃោសនិក និង​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់​ជ្រាបថា គោលនយោបាយ​អាទិ​ភាពជា​ផ្លូវការ ដែល​បានអនុម័ត​ដោយ​សមាជ​វិសាមញ្ញ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ គឺ​សម្រាប់តែ​ការផ្សព្វផ្សាយ​ផ្ទៃក្នុង​គណបក្ស គឺ​យើង​មិនទាន់​ឲ្យ​យកទៅ​ឃោសនា​ជា​សាធារណៈ​នៅឡើយ​ទេ​»​។

​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំ​ណុ​នោះ​រួមមាន ការពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​, ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​, ការផ្ដល់​សេវាសាធារណៈ​, ការពង្រឹង​សន្ដិសុខ និង​វិមជ្ឈការ នូវ​គោលនយោបាយ​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ (​ឃុំ​-​សង្កាត់​)៕


Tag:
 CPP
  CNRP
  គោលនយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង