អន្តរជាតិ
តុលាការ​ធម្មនុញ្ញ​សម្រេច​បណ្តេញ​ប្រធានាធិបតី​ស្ត្រី​ដំបូង ប៉ាក ហ្គឺ​ន​ហេ ពី​តំណែង​
10, Mar 2017 , 10:13 am        
រូបភាព
​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១០ ខែមីនា បានសម្រេច​ចិត្ត​យល់ព្រម​លើ​ការបោះឆ្នោត​ដកតំណែង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ពី​សំណាក់​សភា​កាលពី​ថ្ងៃទី​៩ ខែធ្នូ ដែល​ធ្វើ​ឲ្យ​លោកស្រី​ក្លាយជា​ប្រធានាធិបតី​ស៊ីវិល​ដំបូង​គេ ត្រូវ​ចាក​ចេញពី​តំណែង​តាមរយៈ​ការបោះឆ្នោត​ទម្លាក់​។ លោកស្រី ប៉ាក ហ្គឺ​ន​ហេ អស់តំណែង​ក៏​ព្រោះតែ​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ ដែល​ជាប់​ពាក់ព័ន្ធ​មនុស្ស​ជាច្រើន​។ ក្រោយ​ការសម្រេច​ក្ដី​នេះ ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី នឹងត្រូវ​រៀបចំ​ក្នុងពេល​៦០​ថ្ងៃ​ទៀត​។​



​បន្ទាប់ពី​ការពិចារណា​រាប់​សប្ដាហ៍​មក តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង បានសម្រេច​ចិត្ត​កាត់ក្ដី​ឲ្យ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ អស់តំណែង​ជា​ប្រធានាធិបតី​ហើយ​។ តុលាការ​កំពូល​នេះ បាន​តម្កល់​ទុកជាបានការ​ល​ទ្ធ​ផល​បោះឆ្នោត​របស់​ស​ភា​ថ្ងៃទី​៩ ខែធ្នូ ហើយ​នេះ​ក៏​ទំនងជា​ការបញ្ចប់​វិបត្តិ​នយោបាយ និង​ការតវ៉ា​ពី​សំណាក់​ប្រជាជន​អស់​ពេល​ជាច្រើន​ខែ​មកនេះ​។​

​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ជា​ប្រធានាធិបតី​ស្ត្រី​ទី​១ របស់​កូរ៉េខាងត្បូង និង​ជា​កូនស្រី​អតីត​មេដឹកនាំ​ផ្ដាច់ការ ប៉ាក ជុង​ហ៊ី ។ ប៉ុន្តែ​វាសនា​របស់​លោកស្រី​បែរជា​មក​បញ្ចប់​ដោយសារតែ​រឿងអាស្រូវ​ពុករលួយ​ជាប់ទាក់ទង​ជាមួយ​មនុស្ស​ជំនិត​របស់​លោកស្រី​ទៅវិញ​។ លោកស្រី​ត្រូវបាន​ចោទថា​បាន​បើកដៃ​ឲ្យ​លោកស្រី Choi Soon-sil លូកលាន់​កិច្ចការរដ្ឋ និង​ប្រើ​ឥទ្ធិពល​លើ​នយោបាយ​ប្រទេសជាតិ​ដើម្បី​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​អ្នក​ទាំង​ពីរបាន​ទាត់ចោល​ការចោទប្រកាន់​នេះ​ដោយ​អះអាងថា ខ្លួន​មិនបាន​ធ្វើ​អ្វី​ខុស​ឡើយ​។​
 
​ពាក់ព័ន្ធ​ការសម្រេច​ដកហូតយក​តំណែង​លោកស្រី ប៉ាក​នេះ ដើម្បី​បញ្ចប់​តំណែង​លោកស្រី​បាន វា​តម្រូវ​ឲ្យ​មាន​ចៅក្រម​តុលាការ​ធម្មនុញ្ញ​យ៉ាងហោចណាស់ ប្រាំមួយ​នាក់​ក្នុងចំណោម​ប្រាំ​បីនាក់​បោះឆ្នោត​គាំទ្រ​។ ចៅក្រម​តុលាការ​នេះ​បានលើកឡើង​មុនពេល​សម្រេច​ដកតំណែង​លោកស្រី​ថា ក្នុងពេល​បំពេញភារកិច្ច​លោកស្រី​បានធ្វើ​ឲ្យ​លេច​ធ្លាយ​ឯកសារ​ជាច្រើន​ដែល​រំលោភ​លើ​បទបញ្ញត្តិ​ស្តីពី​ការរក្សា​ការសម្ងាត់​របស់​មន្ត្រីរ​ដ្ឋ និង​បំពាន​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មិត្ត​ខ្លួន​លូកលាន់​កិច្ចការងារ​រដ្ឋ​។​

«​សកម្មភាព​របស់លោក​ស្រី​ប៉ាក​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្មារតី​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​។ ដូច្នេះ​តុលាការ​សម្រេច​បណ្តេញ​លោកស្រី ប៉ាក ចេញពី​តំណែង​»​។ នេះ​ជាការ​ប្រកាស​របស់​ប្រធាន​តុលាការ​ធម្មនុញ្ញ Lee Jung-Mi​។​


​ក្នុងពេលដែល​តុលាការ​ធម្មនុញ្ញ​កំពុងដំណើរការ​នីតិវិធី​របស់ខ្លួន​នោះ គេ​ក៏​ឃើញ​មាន​ប្រជាជន​កូរ៉េខាងត្បូង​ជា​អ្នកគាំទ្រ​លោកស្រី ប៉ាក រាប់ពាន់នាក់​ប្រមូល​ផ្តុំគ្នា​បាតុកម្ម ប្រឆាំង​ក្រុមបាតុករ​ដែល​តវ៉ា​ចង់​ឲ្យ​មានការ​បណ្តេញ​លោកស្រី ប៉ាក​ពី​តំណែង​ដូចគ្នា​។​

​យ៉ាងណា​ក៏ដោយចុះ ក្នុងនាម​ជា​មេដឹកនាំ​ដែល​ឡើងកាន់តំណែង​តាម​ការបោះឆ្នោត​ប្រជាធិបតេយ្យ​នេះ លោកស្រី ប៉ាក ហ្គឺ​ន​ហេ ក៏ត្រូវ​បាត់បង់​អភ័យឯកសិទ្ធិ​ជា​ប្រធានាធិបតី​ដែរ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​នោះ​លោកស្រី​អាច​នឹងត្រូវ​ប្រឈមមុខ​នឹង​ជាប់​ទោសទណ្ឌ​ថែមទៀត​។ ក្រោយពីមាន​ការព្យួរតំណែង​លោកស្រី នាយករដ្ឋមន្ត្រី Hwang Kyo-ahn បានកាន់តំណែងជាប្រធានា​ធិបតីស្តីទីសិន។ ចំណែកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងត្រូវរៀបចំឡើងក្នុងរយៈពេលពេល​៦០​ ថ្ងៃបន្ទាប់​ពី​ការដក​ហូតតំណែង​នេះ​៕


Tag:
 ប៉ាក ហ្គឺ​ន​ហេ​
  តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​
  Choi Soon-sil
© រក្សាសិទ្ធិដោយ thmeythmey.com