កីឡាជាតិ
សហព័ន្ធ​កីឡាបាល់ទះ​បន្ថែម​សមាសភាព​អនុប្រធាន និង​សមាជិក​ក្នុង​អាណត្តិ​ថ្មី​
13, Mar 2017 , 9:00 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​បន្ថែម​សមាសភាព​ដែលមាន​តួនាទី​ជា​អនុប្រធាន​ចំនួន​៨​រូប និង​សមាជិក​ពីររូប​ដើម្បី​ដឹកនាំ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទះ​ក្នុង​អាណត្តិ​ថ្មី ខណៈ​លោក នេ​ត សាវឿន បន្ត​តួនាទី​ជា​ប្រធាន​។ ការបន្ថែម​នេះ ធ្វើឡើង​ក្នុង​មហាសន្និបាត​បូកសរុប​ការងារ​អាណត្តិ​ទី​៤ និង​ដាក់​ទិសដៅ​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៧ ខែមីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​(NOCC)​។

 
​ដើម្បី​ជួយ​ពង្រឹង និង​អភិវឌ្ឍន៍​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន សម្រាប់ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ក្នុង​អាណត្តិ​ថ្មី​(២០១៧-២០២១) បាន​បន្ថែម​សមាសភាព​អនុប្រធាន​ចំនួន​៨​រូប និង​សមាជិក​២​រូប​។ ភាគច្រើន​នៃ​សមាសភាព​ទាំងនេះ​សុទ្ធសឹង​ជា​អ្នក​ស្នេហា​កីឡា និង​ជា​អ្នកមាន​តួនាទី​ខ្ពស់ និង​សម្បូរ​ទ្រព្យធន​។ 
 
​សមាសភាព​អនុប្រធាន​ទាំង​៨​រូបនោះ​រួមមាន លោក​ឧកញ៉ា ខូវ ស​ម្បិ​ត្ត​, ឧកញ៉ា សុខ ហុង​, ឧកញ៉ា ជាម ឃុន​ណាត​, ឯកឧត្តម ស សុខា​, ឯកឧត្តម គង់ វិបុល​, ឯកឧត្តម ឌី វិជ្ជា​, ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ និង​ឯកឧត្តម ប៊ូ ជុំ​សេរី​។ រីឯ​សមាសភាព​សមាជិក​ទាំង​ពីររូប គឺ​ឯកឧត្តម ឆាយ គឹម​ខឿន និង​លោក រស់ ឈុន​អៀង​។ 
 


​ជាមួយគ្នា​នេះ ដើម្បី​រួមចំណែក​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​សូចនាករ​ឲ្យ​បានច្បាស់លាស់ ដើម្បី​អនុវត្តន៍​ឲ្យ​ស្របតាម​ផែនការមេ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ដូច្នេះ​ដើម្បី​អភិវឌ្ឍន៍​រួមគ្នា លោក បានដាក់​ចេញ​នូវ​គោលការណ៍​៤​ចំណុច​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​អនុវត្តន៍​។​
 
​គោលការណ៍​ទាំង​៤​នោះ​រួមមាន​ទី​១. ការងាររដ្ឋបាល​កីឡា គឹ​សហព័ន្ធ​ត្រូវមាន​ទំនាក់ទំនង​សាធារណ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ក្នុងនោះ សហព័ន្ធ​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​គណៈកម្មការ​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ស្រុក ជាពិសេស​ត្រូវមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​សហព័ន្ធ​អន្តរជាតិ​អាស៊ាន​, អាស៊ី និង​អន្តរជាតិ​ពិភពលោក ដើម្បី​សុំ​ការជួយ​ខាង​បច្ចេក និង​សម្ភារ​ផ្សេងៗ​។ 
 
​ទី​២. ការគ្រប់គ្រង​ការរៀបចំ​ព្រឹត្តិការណ៍​ឲ្យ​ប្រកបដោយ​គោលការណ៍ Fair Play និង​ក្រមសីលធម៌​កីឡា គឹ​សហព័ន្ធ​ត្រូវ​រៀបចំ​ដោយ​យុត្តិធម៌ តម្លាភាព និង​គណនេយ្យភាព​ទៅតាម​កម្រិត​បច្ចេកទេស និង​ការហ្វឹកហាត់​របស់​កីឡាករ​។ ប៉ុន្តែ​ប្រសិនបើ​ការគ្រប់គ្រង​មិនបាន​ល្អ វា​នឹងធ្វើ​ឲ្យ​ការប្រកួត​បង្ក​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង​រវាង​ក្លិប និង​ក្លិប​។​
 
​ទី​៣. ការអភិវឌ្ឍ​បច្ចេកទេស ត្រង់ចំណុច​នេះ​បែង​ចែកជា​ពីរ គឺ​បច្ចេកទេស​ជំនាញ និង​បច្ចេក​ទូទៅ​។ សហព័ន្ធ​ត្រូវធ្វើ​ការបែងចែក​ពី​សមត្ថភាព​របស់​កីឡាករ គ្រូបង្វឹក ចៅក្រម និង​អាជ្ញាកណ្តាល ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ខាង​ផ្នែក​បច្ចេកទេស​ឲ្យ​មានការ​រីកចម្រើន​ទៅតាម​កម្រិត​នីមួយៗ​។ 
 


​និង​ទី​៤. ការទំនាក់ទំនង​ទីផ្សារ គឹ​សហព័ន្ធ​ត្រូវ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ និង​ការឧបត្ថម្ភ​ផ្សេងៗ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន រី​ស្ថាប័នរដ្ឋ​ផ្សេងៗ ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល និង​ការប្រកួត​ជើងឯក​ផ្សេងៗ​ដែលជា​ទំនួល​ខុសត្រូវ​របស់ខ្លួន​ក្រៅពី​ទំនួល​ខុសត្រូវ​របស់ NOCC និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ 
 
​ទន្ទឹមនឹងនេះ លោក នេ​ត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​គាំទ្រ​ការលើកឡើង​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​បាន​យក​គោលការណ៍​ទាំងនោះ​ដាក់បញ្ចូល​ក្នុង​ផែនការ​របស់​សហព័ន្ធ​ដើម្បី​អនុវត្តន៍​ក្នុង​អាណត្តិ​ថ្មី​។​
 
​បើ​យោងតាម​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​រូបនេះ នៅក្នុង​អាណត្តិ​ទី​៥​នេះ លោក​នឹង​បង្កើត​ឲ្យ​មាន​ក្រុម​បាល់ទះ​នារី​ដែលជា​ប្រភេទ​វិញ្ញាសា​សក្តានុពល​របស់​កម្ពុ​ជានា​ទស្សវត្សរ៍​៦០ និង​៧០​។ ហើយ​លោក​នឹង​ជំរុញ​ឲ្យ​វិស័យ​កីឡាបាល់ទះ​នេះ​មាននៅ​គ្រប់​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​។  
 


​តាមរយៈ​ការបោះឆ្នោត​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមីនា សមាជិក​ប្រតិ​ប​ត្ត​ដែល​ត្រូវ​មក​ដឹកនាំ​អាណត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុ​ជាមាន​២៣​រូប​។ ក្នុងនោះ​លោក នេ​ត សាវឿន ជា​ប្រធាន​, លោក ស សុខា​, លោក គង់ វិបុល​, លោក ប៊ូ ជុំ​សេរី​, លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ​, លោក ឌី វិជ្ជា​, លោក ខូវ សម្បត្តិ​, លោក សុខ ហុង​, លោក ជាម ឃុន​ណាត​, លោក វុ​ធ ផល្លី​, ឡាក់ សំអាត​, លោក សំ សោភាន់ និង​លោក ជា ចំរើន ជា​អនុប្រធាន​។​
 
​លោក បឹង គឹម​តោ អគ្គលេខាធិការ​, លោក ឆាយ គីម​ខឿន​, លោក តែម ម៉ឺន​, លោក យ៉េត រ៉ា​ហ្សា​ក់​, លោក ស ថេត​, លោក ឆឹង យ៉ៅ​យ៉េន​, លោក ម៉ាង វិបុល​, លោក ញ៉ែម ជិន​ឌី​, លោក កៅ យ៉ាន់ និង​លោក រស់ ឈុន​អៀង ជា​សមាជិក​៕

Tag:
 បាល់ទះ​
  នេ​ត សាវឿន​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com