ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ កំណត់​មិន​ឲ្យ​អត្រា​ការប្រាក់​កម្ចី​លើសពី ១៨​ភាគរយ​ក្នុង​១​ឆ្នាំ​
13, Mar 2017 , 8:00 pm        
រូបភាព
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
ដោយ:
ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានកំណត់​​អត្រា​ការប្រាក់អតិបរមា (​ដាក់​ពិ​ដាន​អត្រា​ការប្រាក់​) ត្រឹម ១៨​ភាគរយ ក្នុង​១​ឆ្នាំ ទៅលើ​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ ដែល​ត្រូវអនុវត្ត​ចំពោះ​កម្ចី​ថ្មី ចាប់ពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៧ តទៅ​។ នេះ​បើតាម​ប្រកាស របស់ NBC នៅ​ថ្ងៃទី​១៣​ខែមីនា​នេះ​។​



​ចំពោះ​កម្ចី​ថ្មី និង​កម្ចី​រៀបចំ​ឡើងវិញ  ដែល​ចុះ​កិច្ចសន្យាខ្ចី ចាប់ពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៧ តទៅ គ្រឹះស្ថាន​មី​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ មិន​ត្រូវយក​អត្រា​ការប្រាក់​លើសពី ១៨​ភាគរយ​ក្នុង​១​ឆ្នាំ​ឡើយ​។ បើតាម​ប្រកាស​របស់​ធនាគារជាតិ ការដាក់​ពិ​ដាន​អត្រា​ការប្រាក់​នេះ​មាន​គោលដៅ ការពារ​អតិថិជន​ពី​ការគិត​អត្រា​ការប្រាក់​ខ្ពស់​ពេក​ពី​គ្រឹះស្ថាន និង​ជំរុញ​ការប្រើប្រាស់​ឥណទាន​ឲ្យ​មាន​ប្រសិទ្ធិភាព​។​

ប្រកាស​ដដែល​នេះ​ចែង​ទៀតថា គ្រឹះស្ថាន​ដែល​មិន​គោរព​តាម​ខ្លឹមសារ​នៃ​ប្រកាស​នេះ នឹងត្រូវ​រង​ទណ្ឌកម្ម​ខាង​វិន័យ​តាមច្បាប់​ស្ដីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។​

យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ NBC  ការប្រាក់​កម្ចី​ជា​រៀល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គិត​ជា​មធ្យម​មាន​អត្រា ៣៦​ភាគរយ​ក្នុង​១​ឆ្នាំ ខណៈ​ការ​ប្រាក់កម្ចី​ជា​ប្រាក់​ដុល្លារ​មាន​អត្រា ២៨​ភាគរយ នៅ​ឆ្នាំ​២០១៦ ។ របាយការណ៍​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៦ កម្ពុ​ជាមាន​អ្នក​ខ្ចីប្រាក់​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ចំនួន ១,៩​លាន​អតិថិជន លើ​ទំហំ​ឥណទាន​សរុប​គិត​ជា​ដុល្លារ​ប្រមាណ ៣​ពាន់​លាន ៕



Tag:
 ឥណទាន
  ធនាគារជាតិ
  ការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com