ខ្មែរក្រហម
ជាតិ
ទូតបារាំង និងជប៉ុន ស្នើឲ្យពន្លឿនសវនាការកាត់ទោសជនជាប់ចោទដែលនៅរស់
× ស្ថានទូតបារាំង និងជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាសហប្រធាននៃក្រុមមិត្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្តែងការសោកស្តាយចំពោះមរណភាពរបស់ជនជាប់ចោទ អៀង សារី ដែលបានកើតឡើងមុនការបញ្ចប់ដំណើរការកាត់ក្តី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ចំថ្ងៃដែលលោក អៀង សារី បានទទួលមរណភាពនោះ ស្ថានទូតទាំងពីរបានលើកឡើងថា៖ «ជាងពេលណាៗទាំងអស់ វាជាការបន្ទាន់ដែលតួអង្គពាក់ព័ន្ធនានានៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យសវនាការកាត់ទោសជនជាប់ចោទដែលនៅសល់អាចដំណើរការបានដោយត្រឹមត្រូវ មានប្រសិទ្ធភាព និងលឿនទៅមុខ និងដើម្បីឲ្យយុត្តិធម៌ដែលគេទន្ទឹងរង់ចាំជាយូររហូតមកហើយក្លាយទៅជាការពិតនៅប្រទេសកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាជាតិនៃសាលាក្តីខ្មែរក្រហម បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃម្សិលមិញ ថា ការស្លាប់របស់ជនជាប់ចោទ អៀង សារី វ័យ៨៨ឆ្នាំ នោះ មិនបានប៉ះពាល់ដល់ដំណើរការសំណុំរឿង០០២ឡើយ ព្រោះនេះជាតំណាក់កាលកាត់ក្តី មិនមែនជាតំណាក់កាលប្រមូលព័ត៌មានឡើយ។
លោកស្រី បានអះអាងថា ដំណើរការសំណុំរឿង០០២នឹងបន្តទៅលើជនជាប់ចោទពីររូប គឺ នួន ជា និងខៀវ សំផន៕
© រក្សាសិទ្ធិដោយ thmeythmey.com