តុលាការ ពន្យារពេល​ប្រកាស​សាលក្រម​លើ​រឿងក្តី​លោក​សម រង្ស៊ី ដែល​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន​

ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ពន្យារពេល​ប្រកាស​សាលក្រម​លើ​រឿងក្តី​លោក​សម រង្ស៊ី ដែល​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន​
17, Mar 2017 , 12:29 pm         1422
រូបភាព
 
​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​សវនាការ​អស់​រយៈពេល​ជាង​២​ម៉ោង នៅ​ថ្ងៃ​សុក្រ​នេះ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​៣០ មីនា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​សំណុំរឿង​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា រដ្ឋាភិបាល​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។
 
​សវនាការ​នា​ព្រឹក​នេះ ដំណើរការ​ទៅដោយ​គ្មាន​វត្តមាន​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងតែ​រស់នៅ​ឯបរ​ទេស ក្រោម​ការហាមឃាត់​ពី​សំណាក់​រដ្ឋាភិបាល មិន​ឲ្យ​វិល​មក​កម្ពុជា​វិញ​។ 
 
​នៅក្នុង​សំណុំរឿង​ខាងលើ លោក សម រង្ស៊ី បាន​រង​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ សំណុំ​រឿងនេះ គឺ​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​លោក សម រង្ស៊ី ចោទ​រដ្ឋាភិបាល នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​។ 
 
​បើ​សរុប​ទាំងអស់ លោក សម រង្ស៊ី រង​បណ្តឹង​រហូតដល់​ទៅ​៨ ឯណោះ​។ ប​ណ្តឺ​ង​ទាំងនោះ សុទ្ធតែ​ប្តឹង​ដោយ​សកម្មជន និង​ថ្នាក់ដឹកនាំ​កំពូលៗ របស់​បក្ស​កាន់អំណាច​។ 
 
​ជុំវិញ​ឃាតកម្ម​លើ​លោក កែម ឡី សមាជិកា​ព្រឹទ្ធសភា​មួយរូប ពី​គណបក្ស សម រង្ស៊ី គឺ​លោកស្រី ថាក់ ឡា​នី ក៏ត្រូវ​បាន​សម្តេច ហ៊ុន សែន ប្តឹង​ផងដែរ​។ លោកស្រី ថាក់ ឡា​នី ត្រូវបាន​តុលាការ​កាត់ទោស​រួចហើយ ដោយ​ឲ្យ​លោកស្រី ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំកន្លះ​។ លោកស្រី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ចាប់តាំងពី​មាន​ក្តីក្តាំ​នេះ​កើតឡើង​។ 
 
​ដោយឡែក លោក គឹម សុខ ដែលជា​អ្នកវិភាគ​នយោបាយ ក៏បាន​រង​បណ្តឹង​ពីស​ម្តេច ហ៊ុន សែន ដែរ​។ ការរង​បណ្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ បាន​និយាយ​ស្រដៀង​នឹង​លោក សម រង្ស៊ី និង​លោកស្រី ថាក់ ឡា​នី ដែរ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ លោក គឺ​ម សុខ ត្រូវបាន​នាំទៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោយពី​មេធាវី​របស់​សម្តេច ហ៊ុន សែន ដាក់​បណ្តឹង​ទៅកាន់​តុលាការ​៕
 
 
Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next