ជាតិ
ស្ពាន​ជ្រៃ​ធំ​ភ្ជាប់​កម្ពុជា​-​វៀតណាម​នឹង​បើក​ដំណើរការ ក្នុង​ខែមេសា ឆ្នាំ​២០១៧​នេះ​
20, Mar 2017 , 8:19 am        
រូបភាព
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។ រូបថត រឿន ភារុន
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។ រូបថត រឿន ភារុន
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​បាន​ឯកភាព​សម្ពោធ​ស្ពាន​ជ្រៃ​ធំ​ដែល​ស្ថិត​ជាប់​ព្រំប្រទល់​ស្រុក​កោះធំ ខេត្តកណ្តាល និង​ខេត្ដ​អាងយ៉ាង វៀតណាម ក្នុង​ខែមេសា ឆ្នាំ​២០១៧​ខាងមុខ​។ នេះ​បើតាម​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​។​



​លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹងថា ភាគី​ទាំងពីរ​បានកំណត់​ពេល​បើកសម្ពោធ​ស្ពាន​ជ្រៃ​ធំ នាពេល​ខាងមុខនេះ ដើម្បី​សាទរ​ខួប ៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ផង​។​

​ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា និង​វៀតណាម​លើក​ទី​១៥ រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក​ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិ​ញ មិញ (Pham Binh Minh) រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម នៅ​ថ្ងៃទី​១៥ ខែមីនា ក្នុង​ទីស្តីការ​ក្រសួងការបរទេស អ្នកនាំពាក្យ​ក្រសួងការបរទេស ជឿជាក់ថា ស្ពាន​នេះ នឹង​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ប្រជាជន​ប្រទេស​ទាំងពី​ថែមទៀត​។​

​គួរ​បញ្ជាក់ថា ស្ពាន​ជ្រៃ​ធំ​មាន​ប្រវែង ៤២៨​ម៉ែត្រ និង​ទទឹង ១៣,៥០ ម៉ែត្រ រួមទាំង​ចំណាយ​ថវិកា​សាងសង់​សរុប ៣៨,៣៩​លាន​ដុល្លារ ក្នុងនោះ កម្ចីសម្បទាន​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ចំនួន ២០,៥៩​លាន​ដុល្លារ​អាមេរិក ថវិកា​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ចំនួន ១៧,៨៣​លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ចំនួន ១,៨៣ លាន​ដុល្លារ​។ ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ ដែល​ឆ្លងកាត់​ព្រែក​ជ្រៃ​ធំ​-​ព្រែកបាក់​ដាយ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤​កន្លងទៅ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យ៉ុង​៕


Tag:
 ប្រាក់ សុខុន​
  Pham Binh Minh
  ជុំ សុន្ទរី​
  ជ្រៃ​ធំ​
  កម្ពុជា​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com