អន្តរជាតិ
លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Tillerson៖ ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​មាន​កម្រិត​ខ្ពស់
19, Mar 2017 , 4:39 pm        
រូបភាព
ដោយ: VOA
​អ្នកការទូត​កំពូល​សហរដ្ឋអាមេរិក​បានធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​ដែលជា​ប្រទេស​ទី​៣​ហើយ​និង​ជា​ប្រទេស​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​នៅ​ទ្វីបអាស៊ី​ដោយ​ផ្តោតលើ​ប្រទេស​កូរ៉េខាងជើង​ហើយ​និង​កម្មវិធី​នុយ​ក្លែ​អ៊ែ​និង​កាំជ្រួច​មី​ស៊ី​ល​ដ៏​ចម្រូងចម្រាស់​របស់​ប្រទេស​នេះ​។​



​លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Rex Tillerson បាន​មានប្រសាសន៍​នៅ​ថ្ងៃ​សៅរ​នេះ​បន្ទាប់ពី​ជំនួប​នៅក្នុង​ទីក្រុង​ប៉េកាំង​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន​អំពី​ការតានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​ស្ថិតក្នុង​ភាពគ្រោះថ្នាក់​មួយ​។​

​អ្នកការទូត​សហរដ្ឋអាមេរិក​រូបនេះ បាន​មានប្រសាសន៍ថា «​ខ្ញុំ​គិតថា យើង​មាន​ទស្សន​រួម​ថា ការតានតឹង​នៅក្នុង​ឧបទ្វីប​នេះ​មាន​កម្រិត​ខ្ពស់​ណាស់​នៅពេល​ន‍េះ​»​។​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​មានប្រសាសន៍​ទៀតថា «​យើង​នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ឲ្យ​ដឹងថា តើ​យើង​អាច​យក​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ទៅកាន់​ទី កន្លែង​មួយ​ដែល​ពួកគេ​ចង់​ធ្វើ​ឲ្យ​មាន​មាគ៌ា​ប្លែក​ពីមុន ធ្វើ​មាគ៌ា​ត្រឹមត្រូវ​មួយ ហើយ​ចេញពី​ការអភិវឌ្ឍ​អាវុធ​នុយ​ក្លែ​អ៊‍ែ​»​។​

​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Tillerson មាន​គម្រោង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​។ ក្រៅពី​បញ្ហា​ប្រទេស​កូរ៉េខាងជើង ការពិភាក្សា​ទំនង​ផ្តោតលើ​ពាណិជ្ជកម្ម​ហើយ​ជម្លោះទឹកដី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​កាលពី​ដំបូង​នៅក្នុង​សប្តាហ៍​នេះ លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិកាំង បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​បង្កើន​ការ​ខំប្រឹងប្រែង​របស់ខ្លួន​ដើម្បី​លើកទឹកចិត្ត​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយ​ក្លែ​អ៊ែ​របស់ខ្លួន​។ លោក​រដ្ឋមន្ត្រីការបរទេស Tillerson ក៏បាន​លើកទឹកចិត្ត​ប្រទេស​ចិន​ឲ្យ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​មានន័យថា ដាក់​ការគាបសង្កត់​លើ​រដ្ឋាភិបាល​កូរ៉េខាងជើង​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com