អន្តរជាតិ
មេដឹកនាំ​ហ្វីលីពីន​ប្តេជ្ញា​ជំរុញ​ឲ្យ​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូងចប់​ត្រឹម​ឆ្នាំនេះ​
22, Mar 2017 , 4:07 pm        
រូបភាព
លោក Duterte អញ្ជើញមកដល់ប្រទេសថៃនៅយប់ថ្ងៃ ២០មីនា (រូបភាព៖ Presidential Communication)
លោក Duterte អញ្ជើញមកដល់ប្រទេសថៃនៅយប់ថ្ងៃ ២០មីនា (រូបភាព៖ Presidential Communication)
ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​លើកឡើងថា ហ្វីលីពីន​ប្តេជ្ញា​ធ្វើយ៉ាងណា ជំរុញ​ឲ្យ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ចេញ​ជា​រូបរាង​ឡើង​ក្នុង​ឆ្នាំ ២០១៧​នេះ ដើម្បី​គ្រប់គ្រង​សកម្មភាព​ចិន​និង​ភាគី​ជម្លោះ​អាស៊ាន​និង​ជំរុញ​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ។ ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​បន្ទាប់ពី​លោ​កញ្ជាក់​ថា ហ្វីលីពីន​មិនអាច​បញ្ឈប់​សកម្មភាព​សង់​ចិន​សាងសង់​កោះ​សិប្បនិម្មិត​និង​យោ​ធូប​នីយកម្ម​តំប​ន់​ជម្លោះ​ឡើយ​។ យ៉ាងណា​ក៏ដោយចុះ គោលជំហរ​ទន់ភ្លន់រ​បស់​មេដឹកនាំ​ហ្វីលីពីន ចំពោះ​ក្រុង​ប៉េកាំង​អាច​សម្រួល​ដល់​ដំណើរ​ការជជែក​ពិភាក្សា​និង​ចងក្រង​ក្រម​ប្រតិបត្តិ​ផងដែរ​។​



​ការសម្រេចបាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(COC) ជា​អ្វីដែល​ភាគី​ពាក់ព័ន្ធ​មាន​ចិន​និង​អាស៊ាន​ចង់បាន​។ ភាគី​ទាំងនេះ​បាន​ចំណាយ​ពេលវេលា​ប្រហែល ១៥​ឆ្នាំ​ទៅហើយ​ដើម្បី​ចរចា​និង​ចងក្រង​ក្រម​ប្រតិបត្តិ​ដែលមាន​អនុភាព​គតិយុត្តិ​នេះ​។ ប៉ុន្តែ​ដោយសារ​មាន​ភាគី​ទី​បី​លូកលាន់​ខ្លាំង​ហើយ​ភាព​តានតឹង​និង​ការប្រឈមមុខគ្នា​មាន​ច្រើន​កន្លងមក​នោះ បានធ្វើ​ឲ្យ​ដំណើរការ​នៃ​ការពិភាក្សា​និង​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​នេះ​ហាក់​យឺតយ៉ាវ​ខ្លាំង​ថែមទៀត​។​

​យ៉ាងណាមិញ​បរិបទ​នយោបាយ​តំបន់​បាន​ផ្លាស់ប្តូរ​បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ប្រធានាធិបតី​ហ្វីលីពីន​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៦ ដែល​វា​ជា​អ្វីដែល​រុញច្រាន​ឲ្យ​មហា​យក្ស​ចិន​និង​ហ្វីលីពីន​កៀក​ជិតគ្នា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ការផ្លាស់ប្តូរ​មេដឹកនាំ​អាមេរិក​និង​ភាពមិនច្បាស់លាស់​នៃ​នយោបាយ​អាមេរិក​មកកាន់​តំបន់​អាស៊ី ក៏​ចូលរួមចំណែក​ជំរុញ​ឲ្យ​បណ្តា​រដ្ឋ​អាស៊ាន​មួយចំនួន​ដែល​តែង​ក្អេងក្អាង​ដាក់​ចិន​នោះ​បន្ទន់ឥរិយាបថ​បន្តិច​បន្តួច​ដែរ​។ ទាំងនេះ​វា​ជួយ​បង្កើត​បរិយាកាស​សមស្រប​ជាង​មុន​សម្រាប់​គូភាគី​បន្ត​ការពិភាក្សា​និង​អាច​ឈានទៅ​បង្ហើយ​ការងារ​ចងក្រង​ក្រម​ប្រតិបត្តិ​នេះ​បាន​។​

​ថ្វីបើ​សុទិដ្ឋិនិយម​ចំពោះ​ការ​បង្ហើយ​ការរៀបចំ​ក្រម​ប្រតិបត្តិ​ឆ្នាំនេះ​មាន​មិន​ច្រើន​ក៏ដោយ ក្នុងនាម​ជា​ប្រធាន​អាស៊ាន ហ្វីលីពីន​ហាក់ដូចជា​ប្រឹងប្រែង​ខ្លាំងណាស់​ដើម្បី​ធានាថា​ក្រម​ប្រតិបត្តិ​នឹង​អាច​ចេញ​ជា​រូបរាង​ក្នុង​ខួប​លើក​ទី​៥០​នៃ​ការបង្កើត​អាស៊ាន​ផង ។​

​ដូច​ឃើញស្រាប់​ហើយ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បានបញ្ជាក់​ក្រោយ​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា​ថា រដ្ឋាភិបាល​លោក​តាំងចិត្ត​ចូលរួម​ជំរុញ​ឲ្យ​មានការ​បញ្ចប់​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ឆ្នាំ ២០១៧​នេះ​។​​លោក​បានលើកឡើង​ដែរ​ថា ក្នុងនាម​ជា​មេដឹកនាំ​ហ្វីលីពីន លោក​ក៏​ចង់ឃើញ​ការបន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តីថ្លែងការណ៍​ភាគី​សមុទ្រ​ចិន​ខាងត្បូង និងការគាំទ្រ​សេរីភាព​នាវាចរណ៍​សមុទ្រ​និង​ការហោះ​ហើយ​ផងដែរ​។​

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler លោក Rodrigo Duterte បាន​អះអាង​ដូច្នេះ​៖«​ខាងយើង​បានលើកឡើង​ពី​ភាពចាំបាច់​នៃ​ការអនុវត្ត​សេចក្តីថ្លែងការណ៍​របស់​ភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC) ឲ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព ហើយ​យើង​ក៏បាន​ប្តេជ្ញាចិត្ត​ថា​នឹង​បញ្ចប់​ការ​ចងក្រង​គោលការណ៍​ណែនាំ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ឆ្នាំ ២០១៧ នេះ​»​។​

​បន្ថែម​ពីនេះ មេដឹកនាំ​ហ្វីលីពីន​រូបនេះ​បាន​ប្រាប់​អ្នក​សារព័ត៌​ផងដែរ​ថា លោក និង​លោក​ប្រា​យុទ្ធ​បាន​ឯកភាពគ្នា​បន្ត​គាំទ្រ​សេរីភាព​នាវាចរណ៍​និង​ការហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ទាំងមូល​។

«​យើង​ទាំងពីរ​បានបញ្ជាក់​ជាថ្មី​ពី​សារសំខាន់​នៃ​សន្តិសុខ ស្ថិរភាព​និង​សន្តិភាព​ក្នុង​តំបន់​ក៏ដូចជា​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ យើង​ទទួលស្គាល់​និង​គោរព​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ ដែល​វា​ជា​ផលប្រយោជន៍​របស់​ប​ប្រទេស​ទាំងអស់​ទាំង​ក្នុង​និង​ក្រៅ​តំបន់​ផងដែរ​»​។​នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Rodrigo Duterte​។​

​ពីរ​ថ្ងៃ​មុនពេល​លោក​លើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​ហ្វីលីពីន លោក Rodrigo Duterte​ប្រកាសថា ហ្វីលីពីន​មិនអាច​យកឈ្នះ​ចិន ហើយ​លោក​ក៏​មិន​អាចធ្វើ​សកម្មភាព​អ្វី​ផ្សេងទៀត​ដើម្បី​បញ្ឈប់​ចិន​មិន​ឲ្យ​សង់​កោះ​សិប្បនិម្មិត​និង​ធ្វើ​យោ​ធូប​នីយកម្ម​តំបន់​បានដែរ​។ ដូច្នេះហើយ​កា​រព​ន្លឿ​ន​ការចរចា​និង​ចងក្រង​ក្រម​ប្រតិបត្តិ​នេះ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ឈានទៅ​ពង្រឹង​ការគ្រប់គ្រង​សកម្មភាព​គូភាគី​ទាំងអស់​និង​បញ្ចៀស​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើតឡើង​ដោយសារ​ជម្លោះ​នេះ​។​

​កាលពី​ចុងខែ​កុម្ភៈ ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ចង្អៀត​នៅ Boracay អតីតរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន Perfecto Yasay បានបញ្ជាក់​ប្រាប់ថា​សមា​ជិ​ក​អាស៊ាន​ទាំងអស់គ្នា​មាន​ទំនុកចិត្ត​ខ្ពស់​ថា អាស៊ាន​និង​ចិន​នឹង​ឯកភាពគ្នា​លើ គោលការណ៍​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង នៅត្រឹម​ខែមិថុនា​ខាងមុខ​។

​ពេល​ជាមួយគ្នា​នោះ អតីត​ប្រមុខ​ការទូត​ហ្វីលីពីន​ខាងលើ​ក៏បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ផងដែរ​ថា ការបញ្ឈប់​សកម្មភាព​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​គន្លឹះ​សំខាន់បំផុត​សម្រាប់​ជំរុញ​ឲ្យ​ការសម្រេចបាន​នូវ​ក្រម​ប្រតិបត្តិ​រវាង​ចិន​និង​អាស៊ាន​។

​តាម​សម្តី​របស់លោក Perfecto Yasay  ហ្វីលីពីន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​ហាក់​កំពុង​ប្រឹងប្រែង​ខ្លាំង​ដើម្បី​បង្រួបបង្រួម​អាស៊ាន​ជា​ធ្លុង​មួយ​និង​រក្សាបាន​គោលការណ៍​ជា ឯក​ច្ឆ័​ន​ដើម្បី​តតាំង​ជាមួយ​មហា​យក្ស​ចិន​ក្នុង​ការចរចា​គ្នា​លើ​បញ្ហា​ជម្លោះដែនសមុទ្រ​នេះ​។ រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​សមាជិក អាស៊ាន​នៅ​បែកខ្ញែក​គ្នា​ខ្លាំង​នៅពេលដែល​និយាយ ការ​តតាំង​ជាមួយ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។

​មិន​ត្រឹមតែ​ភាគី​ហ្វីលីពីន​ឡើយ សូម្បីតែ​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ថា សិង្ហ​បុរី​សង្ឃឹម​ដូចគ្នា​ចំពោះ​ការបញ្ចប់​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​នេះ​។ លោក​ពន្យល់ថា វា​ជា​កិច្ចការ​លំបាក​បំផុត​មួយ​សម្រាប់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ ប៉ុន្តែ​វា​ជា​លិខិតបទដ្ឋាន​សំខាន់បំផុត​មួយ​ដែល​មិនអាច​ខ្វះ​បានឡើយ​៕


Tag:
 Rodrigo Duterte ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com