អន្តរជាតិ
អឺរ៉ុប ហៅ​តំណាង​ហ្វីលីពីន​មក​សួរ​រឿង​លោក Duterte គំរាម​ព្យួរ​កម​ន្ត្រី​អឺរ៉ុប​ប្រឆាំង​ទោស​ប្រហារជីវិត​
28, Mar 2017 , 11:56 am        
រូបភាព
​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​២៧ ខែមីនា បាន​កោះហៅ​តំណាង​ហ្វីលីពីន​ប្រចាំ​ក្រុង​ព្រុ​ច​សែ​ល មក​សួរនាំ និង​ពន្យល់​សម្ដី​របស់​ប្រធានាធិបតី Rodrigo Duterte ដែល​ប្រើពាក្យ​មិន​សមរម្យ​ដាក់​អឺរ៉ុប ដោយសារ​ជំទាស់​បំណង​របស់លោក​ក្នុង​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​។ លោក Duterte ថែមទាំង​គំរាម​ព្យួរ​ក​មន្ត្រី​អឺរ៉ុប ដែល​ប្រឆាំង​គំនិត​របស់​ទៀតផង ដែល​រឿងនេះ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​មិន​ពេញចិត្ត​ឡើយ​។ នេះ ក៏​បង្ហាញ​ពី​ការធ្លាក់ចុះ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ហ្វីលីពីន​ផងដែរ​។​



​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប បាន​និយាយថា ការិយាល័យ​កិច្ចការបរទេស​អឺរ៉ុប បាន​កោះហៅ​ភារធារី​ហ្វីលីពីន​ប្រចាំ​ព្រុ​ច​សែ​ល​លោក Alan Deniega មក​បកស្រាយ​សម្ដី​រិះគន់​របស់​ប្រធានាធិបតី Rodrigo Duterte ។ សហភាព​អឺរ៉ុប ចង់​ឲ្យ​ហ្វីលីពីន​ពន្យល់​ការអធិប្បាយ​របស់លោក Duterte ដែល​ប្រើពាក្យ​មិន​សមរម្យ​ដាក់​មន្ត្រី​អឺរ៉ុប​ដូចជា​ការ​គំរាម​ចងក​ជាដើម ព្រោះ​អឺរ៉ុប​ចង់​ឲ្យ​លោក​លុបចោល​គម្រោង​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​។​

​តាមពិតទៅ លោក Duterte មិន​ចូលចិត្ត​សហភាព​អឺរ៉ុប​តាំងពីដើម​មកម្ល៉េះ ដោយសារ​អឺរ៉ុប​រិះគន់​រដ្ឋាភិបាល​លោក​មិន​សំចៃមាត់ ជុំវិញ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់​មកហើយ​។ លោក Duterte រឹតតែ​មិន​សប្បាយចិត្ត ពេល​អឺរ៉ុប​រិះគន់​គម្រោង​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ ដែល​អឺរ៉ុប​លើកឡើងថា បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ សភា​សហភាព​អឺរ៉ុប ថែមទាំង​អនុម័ត​សេចក្ដីសម្រេច​ថ្កោលទោស​ហ្វីលីពីន​ទៀតផង​។​

​បើតាម​សារព័ត៌មាន GMA News កាលពី​ថ្ងៃទី​២៤ ខែមីនា ក្នុង​សន្និសីទកាសែត​នៅ​ព្រលានយន្តហោះ​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា និង​ថៃ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ក៏​ព្រលះ​សភា​អឺរ៉ុប​តែម្ដង​។ ដោយ​ចង់​សំដៅ​មន្ត្រី​សហភាព​អឺរ៉ុប លោក​និយាយថា​៖ «​ខ្ញុំ​រីករាយ​បើ​បាន​ព្យួរ​ក​អ្នក​។ អ្នក​តែង​រិះគន់​គេឯង និង​ដាក់​សម្ពាធ​លើ​គ្រប់​ប្រទេស​ដែល​អនុវត្ត​ទោស​ស្លាប់​»​។

​សម្ដី​គំរាម​ខាងលើនេះ ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដ្បិត​មិន​នឹកស្មាន​ប្រធានាធិបតី​ហ្វីលីពីន​ហ៊ាន​គំរាម​ដូចនេះ​សោះ​។ សហភាព​អឺរ៉ុប ចាត់ទុក​ការនិយាយ​បែបនេះ ជា​រឿង​មិនអាច​ទទួលយក​បានឡើយ ដែល​ចាំបាច់​ត្រូវការ​ការបកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​ហ្វីលីពីន​។ អគ្គលេខាធិការ​រងការិយាល័យ​កិច្ចការបរទេស​អឺរ៉ុប Jean-Christophe Belliard បាន​ជួប​តំណាង​ហ្វីលីពីន ដើម្បី​ស្ដាប់​ការពន្យល់​នេះ​។​

​រដ្ឋាភិបាល​លោក Duterte ចង់​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ ដើម្បី​ធ្វើជា​ឧបករណ៍​បន្លាច​ឧក្រិដ្ឋជន និង​បន្ថយ​ករណី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នៅ​ទូទាំងប្រទេស​។ សំណើ​នេះ បាន​ឆ្លង​ផុតដៃ​រដ្ឋសភា​ហើយ មុននឹង​ចូលដល់​ដំណាក់កាល​ព្រឹទ្ធសភា​។ ការជួញដូរ​ថ្នាំញៀន និង​សម្លាប់​មនុស្ស សុទ្ធតែជា​ទោស​ស្លាប់​ក្រោម​សំណើ​ច្បាប់​នេះ ខណៈ​លោក Duterte ចង់​បញ្ចូល​ករណី​រំលោភ​ចូលក្នុង​ទោស​ស្លាប់​នេះដែរ​។ វិធីសាស្ត្រ​សម្លាប់​អ្នកទោស​អាចជា​ការបាញ់​នឹង​កាំភ្លើង​, ចាក់​ថ្នាំ​, ព្យួរ​ក និង​ទោស​ជាប់គុក​មួយជីវិត​៕


Tag:
 ​អឺរ៉ុប​
  ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com