ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ដាស់តឿន​ដល់​ម្ចាស់​អាជីវកម្ម​ឲ្យ​ទៅ​បង់ពន្ធ​លើ​ប្រាក់ចំណូល មុន​ដាច់​ខែមីនា​នេះ​
28, Mar 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ ក្រើនរំលឹក​ដល់​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ក្នុង​របប​ស្វ័យ​ប្រកាស​ដែល​មិនទាន់​បង់ពន្ធ​លើ​ប្រាក់ចំណូល ត្រូវ​រូស​រាន់​ទៅ​ប្រកាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០១៦ ឲ្យ​បាន​ត្រឹម​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន នៅ​ថ្ងៃទី​២៧​ខែមីនា​។​



​សេចក្ដីជូនដំណឹង​ដដែល​នេះ​ឲ្យ​ដឹងថា សហគ្រាស​អ្នក​ជាប់ពន្ធ​ភាគច្រើន​បានដាក់​លិខិត​ប្រកាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០១៦​រួចរាល់ ប៉ុន្តែ​អ្នក​មួយចំនួនទៀត​នៅ​មិនទាន់​មក​បំពេញ​កាតព្វកិច្ច​នេះ​នៅឡើយ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ក្រើន​រលឹក​ដល់​សហគ្រាស​ដែល​មិនទាន់​បង់ពន្ធ​លើ​ប្រាក់ចំណូល ត្រូវ​រួសរាន់​ទៅ​ប្រកាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ឲ្យ​ទាន់ពេលវេលា​កំណត់​។ ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា អ្នក​ជាប់ពន្ធ​នឹងត្រូវ​ទទួលរង​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន​។​

​ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​គូសបញ្ជាក់​ទាក់ទិន​ទៅនឹង​ការលើកទឹកចិត្ត​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល​២​ឆ្នាំ សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​បាន​ចុះបញ្ជី​ស្ម័គ្រចិត្ត​។ ការលើកទឹកចិត្ត​នេះ​ត្រូវបាន​កំណត់​ក្នុង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កាលពី​ខែកុម្ភៈ​ឆ្នាំនេះ​។ អគ្គនាយកដ្ឋាន​អង្កេត​ឃើញ​មានការ​ភ័ន្តច្រឡំ​ថា ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​នេះ ត្រូវបាន​អនុវត្ត​ជាទូទៅ​លើ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ទាំងអស់ ដែល​នាំ​ឲ្យ​សហគ្រាស​មួយចំនួន​ខកខាន​មិន​មក​បំពេញ​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ប្រចាំខែ ប្រចាំឆ្នាំ​ឡើយ​។ អគ្គនាយកដ្ឋាន​បញ្ជាក់​ថា ការលើកទឹកចិត្ត​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​នេះ​ផ្ដល់​ឲ្យ​ចំពោះតែ SME ដែល​បានមក​ចុះបញ្ជី​ពន្ធដារ​ដោយ​ស្ម័គ្រចិត្ត ក្នុងអំឡុង​២០១៧ និង​ឆ្នាំ​២០១៨ ប៉ុណ្ណោះ​។​

SME ទាំងអស់ បើទោះបី​បាន ឬ​មិន​បានទទួល​ការលើកទឹកចិត្ត​នេះ​ក្ដី ត្រូវតែ​មក​ដាក់​លិខិត​ប្រកាស​ប្រចាំខែ ប្រចាំឆ្នាំ និង​កាតព្វកិច្ច​សារពើពន្ធ​ផ្សេងទៀត​តាម​ការកំណត់​នៃ​ច្បាប់​ជា​ធរមាន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​៕


Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com