អន្តរជាតិ
អធិការបតី​អាល្លឺម៉ង់​៖ ចរចា​រឿង​ចាកចេញ​សិន ចាំ​និយាយ​រឿង​ទំនាក់ទំនង​ទ្វេភាគី EU-UK
30, Mar 2017 , 11:23 am        
រូបភាព
អធិការបតីអាល្លឺម៉ង់ Angela Merkel ជំទាស់គំនិតរបស់នាយករដ្ឋមន្ត្រី Theresa May ដែលចង់ចរចាលែងលះផង និងចង់ចរចារឿងទំនាក់ទំនងពាណិជ្ជកម្មផង (រូបភាព Xinhua)
អធិការបតីអាល្លឺម៉ង់ Angela Merkel ជំទាស់គំនិតរបស់នាយករដ្ឋមន្ត្រី Theresa May ដែលចង់ចរចាលែងលះផង និងចង់ចរចារឿងទំនាក់ទំនងពាណិជ្ជកម្មផង (រូបភាព Xinhua)
​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​ទាត់ចោល​លក្ខខណ្ឌ​សំខាន់​នៃ​ការចរចា​លើ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប ដែល​ទាមទារ​ដោយ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Theresa May ក្នុង​លិខិត​ជូនដំណឹង​ចាកចេញ​ផ្ញើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​។ នាយករដ្ឋមន្ត្រី May ចង់បាន​ការចរចា​លែងលះ​នេះ ធ្វើឡើង​ព្រម​គ្នា​ជាមួយនឹង​ការកំណត់​វាសនា​ទំនាក់ទំនង​ទ្វេភាគី​អង់គ្លេស និង​សហភាព​អឺរ៉ុប​តែម្ដង​។ ប៉ុន្តែ​លោកស្រី Merkel មិន​ព្រម​ឡើយ ដោយ​ចង់​ឲ្យ​ផ្ដោត​តែ​លើ​រឿង​ការចរចា​ចែកផ្លូវ​គ្នា​ជាមុនសិន​។​



​ភ្លាមៗ​បន្ទាប់ពី​រដ្ឋាភិបាល​ច​ក្រ​ភព​អង់គ្លេស​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon អធិការបតី​អាល្លឺម៉ង់ Angela Merkel ក៏​ចេញមក​បដិសេធ​ការទាមទារ​របស់​នាយ​ក​រដ្ឋមន្ត្រី Theresa May ដែល​ចង់​ចរចា​លែងលះគ្នា​ផង និង​ចង់​ចរចា​លើ​ទំនាក់ទំនង​ទ្វេភាគី​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​ផង​ក្នុងពេល​ដំណាលគ្នា​។ អធិការបតី​អាល្លឺម៉ង់ ចង់​ឲ្យ​សហភាព​អឺរ៉ុប និង​អង់គ្លេស ផ្ដោត​តែ​លើ​រឿង​លែងលះគ្នា​សិន ចាំ​និយាយ​រឿង​ផ្សេងទៀត​តាម​ក្រោយ​។

​ក្នុង​លិខិត​ជូនដំណឹង​កម្រាស់​៦​ទំព័រ​ផ្ញើជូន​លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប នាយករដ្ឋមន្ត្រី May លើកឡើងថា វា​ជា​រឿង​ចំ​បាច់​ដែល​ភាគី​ទាំងពីរ​ចរចា​លើ​ទំនាក់ទំនង​ទ្វេភាគី​នៅពេល​អនាគត ទន្ទឹមគ្នា​នឹង​ការចរចា​ស្ដីពី​ការដកខ្លួន​របស់​ចក្រ​ភព​អង់គ្លេស​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​អង់គ្លេស គឺជា​ចំណុច​សំខាន់​នៃ​រឿង​លែងលះ​នេះ ដ្បិត​អង់គ្លេស​នៅតែ​ចង់​បន្ត​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុប ដែលមាន​អតិថិជន​យ៉ាងច្រើន​។​

​យ៉ាងណាមិញ អធិការបតី Merkel និយាយថា ការចរចា​លើ​លក្ខខណ្ឌ​លែងលះ​ដែល​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ត្រូវធ្វើ​ដំណើរ​ទៅមុន​ការចរចា​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​អាច​ធ្វើឡើង​ភ្លាមៗ​ក្រោយ​ការចរចា​លែងលះ​ចេញ​លទ្ធផល​។ បើតាម Guardian ពី​រដ្ឋធានី​បែរ​ឡាំង លោកស្រី Merkel បញ្ជាក់ថា ការចរចា នឹង​ផ្ដោត​សំខាន់​លើ​លក្ខខណ្ឌ​ដើម្បី​ផ្ដាច់ទំនាក់ទំនង​ជាមួយ​អង់គ្លេស បន្ទាប់មក​ត្រូវ​រក​ពេលវេលា​ដើម្បី​ផ្ដើម​ការចរចា​សម្រាប់​រឿង​អនាគត​បន្តទៀត​។​

​តាមពិតទៅ ការចាកចេញ​របស់​ច​ក្រ​ភ​អង់គ្លេស មិនមែនជា​រឿង​ដែល​គេឯង​ចង់​ឲ្យ​កើតឡើង​ឡើយ​។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk ព្រមាន​ថា មិនមាន​អ្នកណា​ឈ្នះ​ក្នុងការ​លែងលះ​នេះឡើយ ហើយ​២​ឆ្នាំ​នៃ​ការចរចា គឺជា​ពេលវេលា​ដែល​មិន​ច្បាស់លាស់ និង​ពិបាក​គ្រប់គ្រង​។ ជាមួយ​ការសោកស្ដាយ​ពេល​ទទួល​លិខិត​លែងលះ លោក Tusk បន្តថា មិនចាំបាច់​ធ្វើជា​សប្បាយចិត្ត​អ្វី​ឡើយ ហើយ​ប្រជាជន​អឺរ៉ុប​ភាគច្រើន និង​ប្រជ​ជន​អង់គ្លេស​ជិត​ពាក់កណ្ដាល សុទ្ធតែ​មិន​ចង់​ចែកផ្លូវ​គ្នា​ទេ​។​

​យ៉ង​ណា​ក្ដី អង់គ្លេស​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ទៅហើយ​។ ២​ឆ្នាំ​បន្ទាប់​ពីនេះ គឺជា​រយៈពេល​ចរចា​ដើម្បី​លទ្ធផល​ដែល​គ្រប់គ្នា​សុទ្ធតែ​អាច​ទទួលយកបាន​។ លទ្ធផល​នៃ​ការចរចា​នេះ នឹង​កំណត់​វាសនា​ចក្រភព​អង់គ្លេស ដែលមាន​ទំហំ​សេដ្ឋកិច្ច​២,៦ ទ្រី​លាន​ដុល្លារ និង​ជា​មហាអំណាច​នុយក្លេអ៊ែរ​ទៀតផង​។ នេះ ក៏​ជាការ​វាយប្រហារ​យ៉ាងខ្លាំង​លើ​សហភាព​អឺរ៉ុប​ផងដែរ ខណៈដែល​នាយករដ្ឋមន្ត្រី May ប្រកាស​ហើយ​ថា មកដល់​ចំណុច​នេះ គឺ​គ្មាន​ផ្លូវ​បក​ក្រោយ​ឡើយ​៕


Tag:
 Brexit
  អឺរ៉ុប​
  អាល្លឺម៉ង់​
  Angela Merkel
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com