ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឧទ្ធរណ៍ គ្រោង​បើកសវនាការ​រឿង​លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​៧ មេសា តែ​មេធាវី​សុំ​ពន្យារពេល​
06, Apr 2017 , 8:00 pm        
រូបភាព
ភ្នំពេញ​៖ សាលាឧទ្ធរណ៍ នឹង​បើកសវនាការ នៅ​ព្រឹក​ថ្ងៃ​សុក្រ ជុំវិញ​សំណុំរឿង​របស់លោក ហុង សុខ​ហួរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែងឯកសារ​នៃ​ស​ទ្ធិ​សញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ប៉ុន្តែ ក្រុ​មេធាវី​របស់លោក ហុង សុខ​ហួរ ចង់​ឲ្យ​សាលាឧទ្ធរណ៍ លើក​ពេល​បើក​សវនា​ការ នៅ​ថ្ងៃក្រោយ​វិញ​។



​សាលាឧទ្ធរណ៍ បានផ្តល់​ព័ត៌មាន​ទៅកាន់​ក្រុម​មេធាវី​រួចហើយ ថា នឹង​បើកសវនាការ​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៧ ជុំវិញ​សំណុំរឿង​របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ការបើក​សវនាការ​នេះ គឺ​ធ្វើតាម​សំណើ​របស់​ក្រុម​មេធាវី ក្នុង​ការសុំ​ជំទាស់​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​លោក​ហុង សុខ​ហួរ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ក្រោម​បទ​ចោទ «​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»​។

​ប៉ុន្តែ នៅ​ល្ងាច​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៧​នេះ ក្រុម​មេធាវី របស់លោក ហុង សុខ​ហួរ បែរជា​ដាក់​លិខិត​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ពន្យារពេល​នៃ​ការបើក​សវនាការ​ទៅវិញ​។ នេះ​បើតាម​លោក ហែម សុជាតិ មេធាវី​មួយរូប​ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ​។

​លោក ហែម សុជាតិ បានប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការស្នើសុំ​បែបនេះ គឺ​ដោយសារតែ​មេធាវី​ចំនួន​ពីររូប ជាប់​បំពេញ​បេស​កកម្ម នៅក្រៅ​ប្រទេស ដោយ​មិនអាច​ទៅ​ចូលរួម​សវនាការ​បាន​។ លោក និយាយ​ដូច្នេះ​ថា​៖«​រឿង​ហ្នឹង គឹជា​រឿង​ធំ​។ អ៊ីចឹង​យើង​ចង់​ឲ្យ​មេធាវី​មក​ជុំគ្នា ដើម្បី​ឲ្យ​មានគំនិត​ច្រើន​ក្នុងការ​ការពារ​កូនក្តី​»​។

​យ៉ាងណា ក្រុ​មេធាវី​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​សាលាឧទ្ធរណ៍​យ៉ាងណា​នោះទេ ចំពោះ​សំណើ​ខាងលើ​។ ម្យ៉ាងទៀត ក្រុម​មេធាវី ក៏មិនទាន់​សម្រេចចិត្ត​ដែរ ថា​ចូលរួម​ក្នុង​សវនាការ ឬ​មិន​ចូល ប្រសិនបើ​សាលាឧទ្ធរណ៍ ​មិន​ព្រម​ពន្យារពេល​៕





© រក្សាសិទ្ធិដោយ thmeythmey.com