ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា ទទួលស្គាល់​លោក ជា វ៉ាន​ដេ​ត ជា​បេក្ខជន​តំណាងរាស្ត្រ ជំនួស​សម្តេច សុខ អាន
07, Apr 2017 , 8:26 am        
រូបភាព
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។
​ភ្នំពេញ​៖ តាមរយៈ​កិច្ចប្រជុំពេញអង្គ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ រដ្ឋសភា ប្រកាស​ទទួល​លោក ជា វ៉ាន់​ដេ​ត ជា​បេក្ខជន​តំណាងរាស្ត្រ ជំនួស​សម្តេច សុខ អាន ដែល​ទើប​ទទួលមរណភាព។



​រដ្ឋសភា បានកំណត់​យក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៧​នេះ ជា​កាលបរិច្ឆេទ​នៃ​ការបើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទី​៥​។ នៅក្នុង​កិច្ច​ប្រជ​នេះ រដ្ឋសភា បានប្រកាស​ទទួល​លោក ជា វ៉ា​ត់​ដេ​ត ឲ្យ​ធ្វើជា​តំណាងរាស្ត្រ​ជំនួស សម្តេច សុខ អាន​។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាស​នៅក្នុង​កិច្ចប្រជុំពេញអង្គ​ថា ក្រោយ​រដ្ឋសភា ទទួលស្គាល់​រួចហើយ លោក ជា វ៉ាន់​ដេ​ត ត្រូវ​ទៅ​ស្បថ​នៅក្នុង​ព្រះបរមរាជវាំង មុននឹង​ក្លាយជា​តំណាងរាស្ត្រ​ជា​ផ្លូវការ​។​

 ក្រោយពី​សម្តេច សុខ អាន ដែលជា​តំណាងរាស្ត្រ​ប្រចាំ​នៅ​មណ្ឌល​ខេត្តតាកែវ ទទួលមរណភាព គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​បញ្ជូន​សំណើ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​សុំ​ដាក់​លោក ជា វ៉ាន់​ដេ​ត ជំនួស​។ បន្ទាប់មក គ​.​ជ​.​ប ក៏​បន្ត​បញ្ជូន​សំណើ​នេះ ទៅកាន់​រដ្ឋសភា ដើម្បី​សុំ​ឲ្យ​ទទួលស្គាល់ លោក ជា វ៉ាន់​ដេ​ត ជា​តំណាងរាស្ត្រ ជំនួស​សម្តេច សុខ អាន​។ លោក ជា វ៉ាន់​ដេ​ត ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាទី ខេត្តតាកែវ គឺជា​បេក្ខជន​បម្រុង​ទីមួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តតាកែវ សម្រាប់​ការ​អណ​ត្តិ​ទី​៥​។

​ក្រៅពី​ការប្រកាសទទួលស្គាល់​លោក ជា វ៉ាន់​ដេ​ត របៀបវារៈ​មួយចំនួនទៀត ក៏ត្រូវបាន​ដាក់ជូន​ឲ្យ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា អនុម័ត ផងដែរ​។ របៀបវារៈ​ទាំងនោះ មានដូចជា របាយការណ៍ ស្តីពី​សកម្មភាព​របស់​រដ្ឋសភា​កន្លងមក និង​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ ជាដើម​៕




Tag:
 រដ្ឋសភា
  ប្រជុំពេញអង្គ
© រក្សាសិទ្ធិដោយ thmeythmey.com