«Fraternal Polyandry» ជាប្រពៃណីបែបបុរាណមួយដែលអនុញ្ញាតឲ្យស្ត្រីអាចរៀបការជាមួយបុរសចាប់ពី២នាក់ឡើងទៅ ដោយបុរសទាំងនោះ គឺបងប្អូនគ្នា។ បើតាមការផ្សាយរបស់កាសែតឥណ្ឌា Meri News ស្ត្រីម្នាក់នៅភូមិតូចមួយនៃរដ្ឋ Uttarakhand កំពុងអនុវត្តប្រពៃណីបែបនេះ ដោយបានរៀបការជាមួយបុរសដែលជាបងប្អូនគ្នាចំនួន៥នាក់។
Rajo Verma ដែលបច្ចុប្បន្នមានអាយុ២៥ឆ្នាំ បានលេចមុខលើបណ្តាញសារព័ត៌មានអន្តរជាតិចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយស្ត្រីដែលរស់នៅភូមិតូចមួយនៃរដ្ឋ Uttarakhand នៃប្រទេសឥណ្ឌា រូបនេះ បានអនុវត្តប្រពៃណីបែបបុរាណ តាមរយៈការរៀបការជាមួយបុរស៥នាក់ ទៅតាមប្រពៃណីបុរាណ «Fraternal Polyandry»។ ប្រពៃណីបែបនេះធ្លាប់អនុវត្តដោយជនជាតិទីបេ ដែលស្ថិតក្នុងប្រទេសនេប៉ាល់ ផ្នែកមួយចំនួននៃប្រទេសចិន និងភាគខាងជើងនៃប្រទេសឥណ្ឌា។
Rajo និងស្វាមីទីមួយឈ្មោះ Guddu បានរៀបការតាមប្រពៃណីសាសនាហិណ្ឌូ តាំងពីអំឡុងឆ្នាំ២០០៩មកម្ល៉េះ។ ក្រោយមក Rajo បានរៀបការជាបន្តបន្ទាប់ជាមួយប្អូនប្រុសរបស់លោក Guddu ដែលរួមមាន Baiju, Sant Ram, Gopal និង Dinesh។
បើតាមការផ្សាយរបស់កាសែតឥណ្ឌា Merinews លោក Guddhu ដែលជាស្វាមីពេញច្បាប់តែម្នាក់នោះ បានអះអាងថា៖ «យើងទាំងអស់គ្នាសុទ្ធតែមានទំនាក់ទំនងផ្លូវភេទជាមួយ Rajo។ ខ្ញុំគ្មានការប្រចណ្ឌអ្វីឡើយ។ យើងជាគ្រួសារធំមួយដ៏រីករាយ»។
បើតាមទំនៀមបុរាណកន្លងមក ប្រព័ន្ធ Polyandry ដែលអនុញ្ញាតឲ្យស្ត្រីរៀបការជាមួយប្តីច្រើននាក់នោះ បានផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងមនុស្ស ហើយការពារមិនឲ្យមានការបែងចែកទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែងនៅក្នុងគ្រួសារ។
បើទោះបីជាប្រពៃណីបែបនេះ មិនបង្ហាញពីក្តីស្រឡាញ់ពិតប្រាកដក៏ដោយ តែក៏មានការលើកឡើងផងដែរថា កាលពីសម័យដើម ភូមិឃុំដាច់ស្រយាល តែងតែពោរពេញទៅគ្រោះថ្នាក់ និងភាពភ័យខ្លាច ដូច្នេះវាជាប្រការល្អដែលស្ត្រីមានស្វាមីជាច្រើននាក់ចាំជួយការពារ។
Rajo អះអាងថា នាងអាចរៀបចំជីវិតបាន ពីព្រោះម្តាយរបស់នាងក៏បានរៀបការជាមួយបុរសបីនាក់ដែលជាបងប្អូនគ្នាផងដែរ។ នាងលើកឡើងថា៖ «ខ្ញុំមិនស្រឡាញ់អ្នកណាជាងអ្នកណានោះឡើយ។ បន្ថែមពីនេះ ខ្ញុំទទួលបាននូវការយកចិត្តទុកដាក់ច្រើនបំផុត»។
Rajo មានកូនប្រុសម្នាក់ ប៉ុន្តែនាងមិនដឹងច្បាស់ថា អ្នកណាជាឪពុកបង្កើតពិតប្រាកដរបស់កូននោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ Rajo រស់នៅយ៉ាងរីករាយជាមួយស្វាមី៥នាក់ ដោយមានការកំណត់កាលវិភាគនៅជាមួយគ្នាពេលយប់យ៉ាងត្រឹមត្រូវ៕