ជាតិ
សេដ្ឋកិច្ច
​បច្ចេកវិទ្យា
ក្រុម​សហគ្រិន​វ័យក្មេង​ចែករំលែក​បទពិសោធន៍​បច្ចេកវិទ្យា​ក្នុង​ជំនួញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​
01, May 2017 , 7:59 pm        
រូបភាព
បុរសម្នាក់បើកគេហទំព័រ ​Khmerload.com​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
បុរសម្នាក់បើកគេហទំព័រ ​Khmerload.com​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ដោយ:
​ភ្នំពេញ ៖ ក្រុម​សហគ្រិន​វ័យក្មេង​ខាង​បច្ចេកវិទ្យា កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន បាន​ចែករំលែក​បទពិសោធន៍ និង​បញ្ហា​ប្រឈម​នានា​ដែល​ពួកគេ​បាន​ឆ្លងកាត់ ក្នុង​ការធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​



​ការបង្កើត​សហគ្រាស​ថ្មី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ហៅ​កាត់​ថា Startup គឺ​អាជីវកម្ម​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវវ័យ ចាប់ផ្ដើម​ផ្ដល់​ការយកចិត្តទុកដាក់ ដោយសារ​វា​ជា​អាជីវកម្ម​បែប​ច្នៃប្រឌិត និង​ចំណាយ​ដើមទុន​តិចតួច ហើយ​អាច​ទទួលបាន​ទុនវិនិយោគ​ពី​ក្រៅប្រទេស​។​

​ការបង្កើត​ក្រុមហ៊ុន​ថ្មី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចាប់ផ្ដើម​ទទួលបាន​ប្រជាប្រិយភាព ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក ជា ឡង់​ដា ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​លក់​សំបុត្រ​មធ្យោបាយ​ធ្វើដំណើរ​តាម​អ៊ីនធឺណិត​ឈ្មោះ BookMeBus បានលើកឡើង​នៅក្នុង​ការពិភាក្សា​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ២៣ ខែមេសា នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​មូលនិធិ​អាស៊ី​ក្នុង​រាជធានី​ភ្នំពេញ ថា អ្នក​មានបំណង​បង្កើត​ជំនួញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវមាន​ផែនការ និង​គំនិត​នៃ​ការធ្វើ​ជំនួញ​ច្បាស់លាស់ ហើយក៏​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​ក្នុងការ​ចាយវាយ​របស់​ខ្លួន នៅពេល​សម្រេចចិត្ត​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​។​



​លោក​និយាយថា ការបង្កើត​អាជីវកម្ម​គឺជា​ការប្រថុយប្រថាន​មួយ តែ​វា​ក៏​ជា​ពេលដែល​អាច​បង្កើន​បទពិសោធ​ន៍ ក្នុង​ការកសាង​បណ្ដាញ និង​ការបង្កើន​ជំនាញ​ថ្មីៗ​។ លោក​បន្តថា លោក​បាន​ត្រៀមខ្លួន​ជាស្រេច​ថា នឹង​វិល​មក​ធ្វើ​ការងារ​របស់លោក​វិញ ប្រសិនបើ​ការធ្វើ​ជំនួញ​របស់លោក​មិន​ទទួលបាន​ជោគជ័យ​នោះ​។​

«​ប្រហែលជា​នៅពេល​ខ្ញុំ​ត្រឡប់មក​ធ្វើការ​វិញ ប្រាក់ខែ​របស់ខ្ញុំ​នឹង​ច្រើនជាង​អ្វីដែល​ខ្ញុំ​ធ្លាប់​ទទួលបាន​ពីមុនមក ដោយសារតែ​ខ្ញុំ​មាន​ជំនាញ​ច្រើន​។ ខ្ញុំ​ស្គាល់ និង​ជួប​មនុស្ស​ជាច្រើន ដូចជា​គំនិត​របស់ខ្ញុំ​កាន់តែ​ទូលាយ​ជាង​មុន​។ ដូច្នេះ​ខ្ញុំ​មិន​គិតថា ខ្ញុំ​នឹង​ចាញ់​នោះទេ​។ ដូច្នេះ នេះ​គឺ​គ្រាន់តែ​ជា​អត្ថប្រយោជន៍ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ ហើយ​ចាប់ផ្ដើម​ជំនួញ ពីរ​បី​ឆ្នាំ ដោយ​ការកំណត់​ទិសដៅ និង​គោលបំណង​ដូចជា​នៅក្នុង​រយៈពេល មួយឆ្នាំ ឬ​ពីរ​ឆ្នាំ យើង​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា គំនិត​ធ្វើ​ជំនួញ​នោះ អាចធ្វើ​បាន​។ បើ​មិន​អញ្ចឹងទេ វិលត្រឡប់​ទៅធ្វើ​ការ​វិញ រួចហើយ រក​គំនិត​មួយទៀត និង​ត្រឡប់មក​ធ្វើ​ម្ដងទៀត​។ វា​មិនដែល​យឺត​ពេល​នោះទេ​»​។​

​ចំណែក​លោក សុខ សុភមង្គល ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Codingateបានផ្ដល់​ពិសោធន៍​អំពី​ការជ្រើសរើស​ដៃគូ​អាជីវកម្ម​ដែលមាន​ជំនាញ និង​ទស្សនៈវិស័យ​រួមមួយ ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​ជោគជ័យ​។​

​លោក​ពន្យល់​បន្តថា ការស្វែងយល់​ពី​ភាពស្មោះត្រង់​របស់​ដៃគូ​ជំនួញ ក៏​ជា​កត្តា​សំខាន់ ហើយ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា គឺជា​គន្លឹះ​សំខាន់​មួយ​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ក្រុមហ៊ុន ក្នុងពេល​មាន​វិបត្តិ ឬ​ជម្លោះ​ណាមួយ​។​

«​នេះ​គឺជា​រឿង​ដែល​ពិតជា​សំខាន់ ដើម្បី​ជ្រើសរើស​មនុស្ស​ដែល​អ្នក​ទុកចិត្ត ហើយ​ម្យ៉ាងវិញទៀត​នោះ នៅពេល​អ្នក​មិន​ទុកចិត្ត កុំ​លាក់ទុក​ក្នុង​ខ្លួន​អ្នក​។ យក​បញ្ហា​នោះ​ចេញមក ហើយ​ពិភាក្សាគ្នា​ឲ្យ​ច្បាស់​ហើយ​បោះជំហាន​ទៅមុខ ព្រោះ​មាន​បញ្ហា​ជាច្រើន​នៅក្នុង​ក្រុមហ៊ុន តែ​គេ​លាក់​បញ្ហា​ទាំងនោះ ហើយ​មិន​ប្រឈម​នឹង​បញ្ហា​ទាំងនោះ នោះទេ​»​។​

​លោក​បាន​បន្តថា​៖

«​អ្នក​ត្រូវតែ​ចូលចិត្ត​និយាយ​អ្វីដែល​អ្នក​មិន​ច្បាស់​អំពី​វា​ចេញមក ដោយសារតែ​រឿង​នោះ ដូច​អ្នក​ដែល​បានដឹងហើយថា ចិត្ត​របស់​យើង ប្រសិនបើ​យើង​មិន​ច្បាស់​អំពី​អ្វីមួយ​នោះ វា​អាច​នៅ​ទ្រឹង​មួយកន្លែង ហើយ​វា​នឹង​បំផ្លាញ​ភាព​ឆ្លាត​វៃ​របស់​អ្នក ព្រោះ​អ្នក​អាច​នឹងត្រូវ​បានធ្វើ​ឲ្យ​ឈប់​ទៅណា​មិន​រួច​ជាមួយ​បញ្ហា​នោះ ហើយ​វា​តាម​បន្លាច​អ្នក​ពេញ​មួយថ្ងៃ​»​។​

​លោក អ៊ិន វិសាល ជា​ស្ថាបនិក និង​នាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន «​ខ្មែរ​ឡូត​» ថ្លែងប្រាប់ VOA ក្រោយ​ការពិភាក្សា​នោះ​ថា ការបង្កើត​អាជីវកម្ម​ខាង​បច្ចេកវិទ្យា មិនទាន់​ជួប​បញ្ហា​ប្រឈម​ខ្លាំង​នៅឡើយ​នោះទេ​នៅ​ប្រទេស​កម្ពុជា​។ តែ​លោ​កថា ក្រុម​សហគ្រិន​ខាង​បច្ចេកវិទ្យា និង​រដ្ឋាភិបាល ត្រូវតែ​រក​ឱកាស​ដើម្បី​ជួបពិភាក្សា​គ្នា ដើម្បី​ត្រៀម​ផែនការ​ដោះស្រាយ​បញ្ហា​ដែល​អាច​កើតមាន​នាពេលខាងមុខ​។​



​លោក​បន្ថែមថា បញ្ហា​ដែល​គួរ​ឲ្យ​យកចិត្តទុកដាក់​នោះ គឺ​ការយកពន្ធ​លើ​ក្រុមហ៊ុន​ខាង​បច្ចេកវិទ្យា ឬ startup នេះ​។​

«​នៅពេលដែល​អត់​មានការ​បង្កើត Start-up ច្រើន​ទៅ វា​អត់​មាន ការបង្កើត​ការងារ​ច្រើន អត់​មាន​ថា hi-tech​ព្រោះ​រាល់ថ្ងៃ បញ្ហា​ស្រុក​ខ្មែរ​គឺ​ឲ្យ​តែ​ថា hi-tech employee [​បុគ្គលិក​ខាង​បច្ចេកវិទ្យា​] គឺ​យក​ពី​បរទេស​មក​អញ្ចឹង ហើយ​ស្រុក​ខ្មែរ​គឺមាន ability [​សមត្ថភាព​] ដើម្បី​ធ្វើ​អញ្ចឹង​។ អញ្ចឹង​នៅពេលដែល Start-up កាន់តែច្រើន គឺ increase human resource [​បង្កើន​ធនធានមនុស្ស​] យើង​កាន់តែខ្លាំង​។ អញ្ចឹង​បានន័យថា government [​រដ្ឋាភិបាល​] គួរតែ​បន្ថយ​បន្ថយពន្ធ​ទៅលើ Start-up នៅក្នុង​រយៈពេល​បី​ឆ្នាំ​ដំបូង​អី​អញ្ចឹង​ទៅណា៎​។ ប៉ុន្តែ រាល់ថ្ងៃ វា​អត់​ទាន់​ជា problem [​បញ្ហា​] ធំ​ប៉ុន្មាន​ទេ​»​។​

​ក្នុង​កិច្ច​ពិភាក្សាគ្នា​នោះ លោក អ៊ិន វិសាល បាន​ចែករំលែក​បទពិសោធន៍​ក្នុងការ​កាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាមួយ​ដៃគូ​វិនិយោគ​។ លោក​បានផ្ដល់​ជា​យោបល់​ថា អ្នក​កសាង​ក្រុមហ៊ុន ត្រូវតែ​ជា​អ្នកកាន់កាប់​ភាគហ៊ុន ច្រើនជាង​ដៃគូ​ដែល​បោះទុន​ជាមួយ​។​

​លោក​និយាយថា អ្នកបង្កើត​ក្រុមហ៊ុន​ដោយ​គំនិត​ខ្លួនឯង​ផ្ទាល់ គួរផ្ដល់​ឲ្យ​អ្នក​ដាក់ទុន​នូវ​ភាគហ៊ុន​ក្រោម​១០​ភាគរយ​។ លោក​ថា ធ្វើ​ដូច្នេះ ស្ថាបនិក​ក្រុមហ៊ុន មាន​សិទ្ធិ​ច្រើន​ក្នុងការ​សម្រេចចិត្ត​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា ការធ្វើ​ជំនួញ គឺជា​ការ​ប្រឈម​នឹង​បរាជ័យ​ផងដែរ ហើយ​អ្នកធ្វើ​ជំនួញ​មិនគួរ​បោះបង់ចោល​ងាយៗ​នោះទេ​។ លោក​បន្តថា​ពួកគេ​ត្រូវ​រក​គំនិត​ថ្មី​រួច​អនុវត្ត​គំនិត​នោះ ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​ទទួលបាន​ជោគជ័យ​។​

Khmerload (​ខ្មែរ​ឡូត ) ដែល​បាន​បង្កើតឡើង​រយៈពេល​ប្រាំ​ឆ្នាំ​មកហើយ និង​ផ្ដល់ព័ត៌មាន​កម្សាន្ត​និង​សង្គម​ដែល​ទាក់ទាញ​អ្នកមើល​ច្រើន​ដោយ​ការយក​លំនាំ​តាម​គេហទំព័រ Buzzfeed របស់​អាមេរិក បាន​ក្លាយជា​សហគ្រាស​ប​ង្កើ​ត​ថ្មី​ឬ startup ខ្មែរ​ដំបូង ដែល​ទទួលបាន​ការវិនិយោគ​ផ្ទាល់​ពី​អ្នកវិនិយោគ​នៅ​សហរដ្ឋអាមេរិក​។​

​ក្រុមហ៊ុន​នេះ ទទួលបាន​វិនិយោគទុន​ចំនួន​២០០.០០០​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្រុមហ៊ុន 500 Startups ដែលជា​ក្រុមហ៊ុន​វិនិយោគ​លំដាប់​សាកល​មួយ​ដែល​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​ថ្មីថ្មោង និង​ក្រុមហ៊ុន startup ទូទាំង​ពិភពលោក​។ ក្រុមហ៊ុន 500 Startups មាន​មូលដ្ឋាន​ក្នុង​តំបន់​បច្ចេកវិទ្យា​ដ៏​ល្បី​មួយ​ឈ្មោះ Silicon Valley នៅ​ទីក្រុង Mountain View រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​

​លោក ស្ទី​វិ​ន ផាត (Steven Path) ប្រធាន​សហព័ន្ធ ធ ​ICT ​ កម្ពុជា ដែល​តំណាង​ឲ្យ​វិស័យ​ឯកជន​ខាង​បច្ចេកវិទ្យា ប្រាប់ VOA កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ថា ប្រទេស​កម្ពុជា​កំពុង​នាំមុខគេ​ក្នុងការ​បង្កើត​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បើ​ធៀប​ជាមួយ​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា ឬ​ប្រទេស​ភូមា​។​

​លោក​ថា សហគ្រិន​វ័យក្មេង​ដែល​ចង់​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នឹង​អាច​ប្រឈម​នឹង​កង្វះខាត​ដើមទុន តែ​លោ​កថា វា​មិនជា​បញ្ហា​ចោទ​ខ្លាំង​នោះទេ នាពេល​បច្ចុប្បន្ន ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​នានា​បាន​ត្រៀម​ផ្ដល់ទុន​ដើម្បី​ចាប់ផ្ដើម​ការធ្វើ​ជំនួញ​ខាង​បច្ចេកវិទ្យា​នេះ​។​



លោក​អះអាងថា ការ​ប្រឈម​ខ្លាំង​នោះ​គឺ​ចំណេះដឹង​ផ្នែក​កម្មវិធី​ខាង​ឌីជីថល សម្រាប់​បង្កើត Apps ដែលជា​កម្មវិធី​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ និង​កុំព្យូទ័រ ឬ​គេហទំព័រ​ជាដើម​។​

«​ប៉ុន្តែ​ការ​ប្រឈម​នោះ​គឺ មនុស្ស​ដែល​តម្រូវ​ឲ្យ​ចេះ​បង្កើត Apps គេហទំព័រ ឬ Software [​ផ្នែក​ទន់​]​កុំព្យូទ័រ​។ ប្រជាជន​ខ្មែរ​ពុំទាន់​មាន​ជំនាញ​ច្រើន​ក្នុង​កិច្ចការ​នេះ​ទេ តែ​ពួកគេ​កំពុងតែ​ស្ថិតក្នុង​ដំណើរការ​សិក្សា​។ ដូច្នេះ​បញ្ហា​ធនធានមនុស្ស​ជា​រឿង​ប្រឈម​មួយ​»​។​

​លោក​បាន​លើកឡើងថា ក្នុងពេលដែល​សហគ្រិន​កម្ពុជា កំពុង​ពង្រីក​អាជីវកម្ម​ខាង​បច្ចេកវិទ្យា​នេះ រដ្ឋាភិបាល​គួរ​ពិចារណា​លើ​ការលើកទឹកចិត្ត​នានា ដូច​ជាការ​បន្ថយពន្ធ​សម្រាប់​អ្នកធ្វើអាជីវកម្ម​ខាង​បច្ចេកវិទ្យា​។​

​យ៉ាងណាក៏ដោយ លោក​និយាយថា រដ្ឋាភិបាល​ជារឿយៗ បាន​ទទួលយក​ការស្នើ​នានា​របស់​សហគ្រិន​ខាង​បច្ចេកវិទ្យា ដើម្បី​ពង្រីក​ទីផ្សារ​បច្ចេកវិទ្យា​នេះ ឲ្យ​កាន់តែ​ធំ​បន្ថែមទៀត​នៅ​កម្ពុជា​។ លោក​បន្តថា ភាគី​ឯកជន និង​រដ្ឋ នឹងធ្វើ​ការរួម​គ្នា​ដើម្បី ធ្វើ​ឲ្យ​ប្រាកដថា​ច្បាប់ ឬ​បទបញ្ញត្តិ​នានា ត្រូវបាន​បង្កើតឡើង​ប្រកបដោយ​ភាពត្រឹមត្រូវ​ដើម្បី​រក្សា​កំណើន​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ​។​

​កាលពី​ចុងខែ​មីនា រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត Smart បាន​សម្ពោធ​មូលនិធិ​សម្រាប់​ការបង្កើត​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ មូលនិធិ​របស់​​ក្រុមហ៊ុន​ Smart នេះ បានរៀបចំ​ថវិកា​ចំនួន ៥​លាន​ដុល្លារ អាមេរិក សម្រាប់​ផ្ដល់ជូន​អ្នកមាន​គំនិត​ថ្មី ក្នុង​ការបង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​។​

​តាមរយៈ​មូលនិធិ​នេះ បុគ្គល​នីមួយៗ​ដែលមាន​ផែនការ​ធ្វើ​ជំនួញ​ខាង​បច្ចេកវិទ្យា​នេះ អាច​ទទួលបាន​មូលនិធិ​ពី ២៥០០០ ដុល្លារ​អាមេរិក ដល់ ៥០០០០០ ដុល្លារ​អាមេរិក ផ្អែក​ទៅតាម​តម្រូវការ​នៃ​ដំណាក់កាល​ធ្វើ​ជំនួញ និង​ប្រភេទ​ឧស្សាហកម្ម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com