អន្តរជាតិ
​ត្រាំ ទូរ​សព្ទ​ទៅ​ជជែក​ជាមួយ​ពូ​ទីន រក​ដំណោះស្រាយ​វិបត្តិ​កូរ៉េខាងជើង​និង​សង្គ្រាម​ស៊ី​រី​
03, May 2017 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាម​រិ​ក ដូ​ណា​ល់ ត្រាំ ជា​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​ទី ៣ ឧសភា​ក្រោយ​អាមេរិក​ផ្លោង​មី​ស៊ី​ល​ចូល​ទឹកដី​ស៊ី​រី​។ មេដឹកនាំ​ទាំងពីរ​ជជែក​គ្នា​ពី​បញ្ហា​ជាច្រើន​ក្នុងនោះ​មាន​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​, ការប្រឆាំង​ភេរវជន​រដ្ឋ​ឥស្លាម និង​ការដោះស្រាយ​បញ្ហា​ជម្លោះ​ស៊ី​រី​ជាដើម​។



​ក្រសួងការបរទេស​អា​មេ​រិ​ក​និង​វិមាន​ក្រេ​ម​ឡាំង​បាន​ផ្សាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក​វ៉ា្ល​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ជជែក​ពិភាក្សា​ជាមួយគ្នា​តាម​ទូរ​សព្ទ​នៅ​ថ្ងៃ​អង្គារ​ទី​៣ ខែឧសភា​។​

​យោងតាម​គណនី Twitter ផ្លូវការ​របស់​ក្រសួងការបរទេស​អាមេរិក មេដឹកនាំ​ទាំងពីរ​បាន​ជជែក​ពិភាក្សា​ពី​បញ្ហា​ជាច្រើន​ក្នុងនោះ​មានដូចជា ប​ញ្ហ​សង្គ្រាមស៊ីវិល​ស៊ី​រី​, ការប្រឆាំង​ភេរវកម្ម​នៅ​មជ្ឈិមបូព៌ា និង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផងដែរ​។

​វា​ជាការ​ពិភាក្សា​តាម​ទូរ​សព្ទ​លើកដំបូង​បំផុត​ចាប់ពី​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ​គេ​បាញ់​ផ្លោង​មី​ស៊ី​ល​ចូលក្នុង​ទឹកដី​ស៊ី​រី​ដើម្បី​ឆ្លើយតប​ការប្រើប្រាស់​អាវុធ​គីមី​ដែល​គេ​ដាក់បន្ទុក​លើ​រដ្ឋាភិបាល​ស៊ី​រី​របស់លោក បា​សា អាល់​អាសាដ​។ ការបាញ់​ផ្លោង​មី​ស៊ី​ល​កម្ទេច​ព្រលានយន្តហោះ​ស៊ី​រី​នៅ​ក្រុង Homs បាន​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​អាមេរិក​និង​រុស្ស៊ី​ដែលជា​ខ្នងបង្អែក​របស់​រដ្ឋាភិបាល​ស៊ី​រី​ផងដែរ​។​

​បើតាម​សេត​វិមាន​អាមេរិក ពាក់ព័ន្ធ​បញ្ហា​ស៊ី​រី មេដឹកនាំ​រុស្ស៊ី​និង​អាមេរិក​បាន​ឯកភាពគ្នា​ធ្វើយ៉ាងណា​បង្កើត​ការសន្ទនា​គ្នា​ដើម្បី​ជំរុញ​ការអនុវត្ត​បទ​ឈប់​បាញ់ បន្ថយ​ហិង្សា​ប្រដាប់អាវុធ និង​ធ្វើយ៉ាងណា​បង្កើត​ស្ថិរភាព​នៅក្នុង​ទឹកដី​ស៊ី​រី​ដើម្បី​ប្រជាជន​ទាំងអស់គ្នា​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រា​ប់លោក ពូ​ទីន ថា រដ្ឋបាល​លោក​នឹង​បញ្ជូន​តំណាង​អាមេរិក​ទៅ​ចូលរួម​ក្នុង​វេទិកា​ចរចា​ស្វែងរក​សន្តិភាព​ស៊ី​រី​នៅក្នុង​ទីក្រុង Astana នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នៅ​សប្តាហ៍​នេះ​។  ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទ​ទួល​បន្ទុក​តំបន់​ចុង​បូព៌ា​លោក Stuart Jones នឹងចូលរួម​ក្នុងនាម​ជា​អ្នក​អង្កេត​ការណ៍​។ អាច​ថា នេះ​ជា​លើកដំបូង​ចាប់ពី​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង ដែល​អាមេរិក​មាន​តំណាង​របស់ខ្លួន​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​ស្វែងរក​សន្តិភាព​ស៊ី​រី​។​

​ក្រៅពី​ប​ញ្ហ​ស៊ី​រី លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លៀតឱកាស​ផ្លាស់ប្តូរ​យោបល់​ជាមួយ​លោក ពូ​ទីន​ដែរ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ទាំង​លោក ពូ​ទីន និង​លោក ដូ​ណា​ល់ ត្រាំ សុទ្ធតែ​បារម្ភ​ខ្លាំង​ពី​ការវិវត្ត​នៃ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ និង​ភាព​តានតឹង​ដែល​កើតឡើង​ក្រោយ​មានការ​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​ក្រុង​ព្យុងយ៉ាង​។​

​កាលពី​សប្តាហ៍​មុន លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ជម្លោះ​ទ្រង់ទ្រាយ​ធំ​នៅ​ឧបទ្វីប​កូរ៉េ​ពិតជា​អាច​កើតឡើង ហើយ​លោក​ក៏បាន​ស្វះ​ស្វែងរក​ការអន្តរាគមន៍​ពី​ចិន​ផងដែរ​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​នេះ​។

​ចំណែក​លោក ពូ​ទីន ឯណោះ​វិញ​បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​ដែរ​ចំពោះ​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។​មុន​ជជែក​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ តាម​ទូរ​សព្ទ លោក​បាន​អំពាវនាវ​ឲ្យ​ភាគី​នានា​ពាក់ព័ន្ធ​បញ្ហា​នុយក្លេអ៊ែរ​ខាងជើង​អត់ធ្មត់​ឲ្យ​បានជា​អតិបរមា និង​ងាក​មករក​ដំណោះស្រាយ​ដោយ​សន្តិវិធី​វិញ​។ លោក​ចង់​ឲ្យ​មានការ​ចាប់ផ្តើម​កិច្ចចរចា ៦ ភាគី​ដែល​ជាប់គាំង​តាំងពី​ឆ្នាំ ២០០៨ ឡើងវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​គ្រោះថ្នាក់​នេះ​។​

​ចុងក្រោយ វិមាន​ក្រេ​ម​ឡាំង​បានបញ្ជាក់​ផងដែរ​ថា លោក ពូ​ទីន និង​លោក ត្រាំ បាន​ឆ្លៀត​ជជែក​គ្នា​ដែរ​ពី​គម្រោង​ជួប​មុខ​គ្នា​ផ្ទាល់​ជា​លើកដំបូង​នៅ​ខែកក្កដា​ខាងមុខ​នៅ​ក្រុង Hamburg នៅ​អាល្លឺម៉ង់​ផងដែរ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  កូរ៉េខាងជើង​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com