អន្តរជាតិ
រុស្ស៊ី បង្អួត​អាវុធ​ទំនើប​៤​មុខ អបអរ​ខួប​ជ័យជម្នះ​សង្គ្រាមលោកលើកទី​២
08, May 2017 , 8:19 pm        
រូបភាព
​រុស្ស៊ី នឹង​ប្រារព្ធ​ខួប​លើក​ទី​៧២ ថ្ងៃជ័យ​ជម្នះ​លើ​ទាហាន​ណា​ស៊ី​អាល្លឺម៉ង់​អំឡុង​សង្គ្រាមលោកលើកទី​២ ។ ដូច​រាល់​ឆ្នាំ ការធ្វើ​ព្យុហយាត្រា​យោធា​អបអរ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៩ ខែឧសភា នៅ​ទីលាន​ក្រហម​ក្នុង​ទីក្រុង​មូ​ស្គូ ដោយ​មានការ​បង្អួត​សព្វាវុធ​ទំនើបៗ​ជាច្រើន​។ សម្រាប់​ឆ្នាំនេះ សព្វាវុធ​ទំនើបៗ​ចំនួន​៤ នឹង​បង្ហាញ​វត្តមាន​ក្នុង​ព្យុហយាត្រា​កងទ័ព​នៅ​ទីលាន​ក្រហម និង​ទីក្រុង​មួយចំនួនទៀត ដែល​រៀបចំ​ស្រដៀង​គ្នា​នេះ​។



​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បញ្ចេញ​បញ្ជី​សព្វាវុធ​ទំនើប​ចំនួន​៤ ដែល​នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃទី​៩ ខែឧសភា​ស្អែក​នេះ ដើម្បី​អបអរ​ខួប​ទី ៧២​ឆ្នាំ ថ្ងៃជ័យ​ជម្នះ​លើ​កងទ័ព​ណា​ស៊ី​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Sputnik ។​

១. ប្រព័ន្ធ​ការពារ​អាកាស​ប្រើ​សម្រាប់តែ​តំបន់​អាក់​ទិ​ក​



​ប្រព័ន្ធ​ការពារ​អាកាស​ចំនួន ២​ប្រភេទ ដែល​ត្រូវបាន​ផលិតឡើង​ជាពិសេស​សម្រាប់​តែ​ការប្រើប្រាស់​នៅ​តំបន់​អាក់​ទិ​ក នឹង​បង្ហាញ​វត្ត​មាននៅ​ទីលាន​ក្រហម​។ នោះ គឺ​ប្រព័ន្ធ​ការពារ​អាកាស Pantsir-SA និង​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី Tor-M2DT ។ ប្រព័ន្ធ​ការពារ​ទាំង​២​នេះ ត្រូវបាន​បំពាក់​លើ​រថយន្ត DT-30 Vityaz ហើយក៏​ត្រូវបាន​ពង្រីក​សមត្ថភាព​ការពារ​ល្អ​ផងដែរ​។​

២. យន្តហោះ​ចម្បាំង Su-30SMs



​ជា​ទម្លាប់ នៅ​បញ្ចប់​នៃ​កម្មវិធី​ព្យុហយាត្រា​កងទ័ព គេ​តែង​សង្កេតឃើញ​ការសម្ដែង​របស់​យន្តហោះ​មកពី​កងទ័ពអាកាស​រុស្ស៊ី​។ បន្ថែម​ពីលើ​វត្តមាន​ការសម្ដែង​រប​ស់​យន្តហោះ​ប្រយុទ្ធ MiG-29 យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី Su-30SM ក៏​នឹង​បង្អួតរាង​ផងដែរ​។ យន្តហោះ Su-30SM បាន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​នៅ​ជម្លោះ​ស៊ី​រី ដោយបាន​ហោះ​អម​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​ហោះ​ការពារ​យន្តហោះ​ចម្បាំង​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទីនោះ​។

៣. ខែល​ការពារ​តំបន់​បាល់​ទិ​ក



​ប្រព័ន្ធ​ការពារ​ឆ្នេរ The Bal and Bastion នឹង​បង្ហាញ​វត្តមាន​លើកដំបូង​នៅឯ​ទីក្រុង​ជាប់​សមុទ្រ​បាល់​ទិ​ក Kaliningrad នៅ​ថ្ងៃទី​៩ ខែឧសភា​ខាងមុខ​។ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​នេះ ចូល​បម្រើការ​ក្នុង​ជួរ​កងទ័ព​រុស្ស៊ី​ប្រចាំ​តំបន់​បាល់​ទិ​ក​ទើបបាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ដោយ​ប្រើ​មី​ស៊ី​ល​ទំនើប​ធុន Kh-35 និង Onix ប្រព័ន្ធ​មី​ស៊ី​ល​នេះ អាច​បាញ់​គោលដៅ​នាវា​ដែលមាន​ចម្ងាយ​ដល់​៥០០​គីឡូម៉ែត្រ​ឯណោះ​។​
 
៤. រថក្រោះ​ធុន T-72B3M ស៊េរី​ថ្មី



​រថក្រោះ​ធុន T-72B3M ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា T-72B4 គឺជា​រថក្រោះ​ប្រភេទ​ចុងក្រោយ​នៃ​ប្រភេទ T-72B3 ដែល​កែកុន​ចេញពី​រថក្រោះ​ស៊េរី​ចាស់​ធុន T-72 ដែល​ប្រើ​រាប់សិប​ឆ្នាំ​មកហើយ​។ រថក្រោះ​ធុន​ថ្មី​នេះ ដើរ​ដោយ​ម៉ាស៊ីន​មាន​កម្លាំង​ដល់​ទៅ​១១៣០​សេះ​៕


Tag:
 រុស្ស៊ី​
  សង្គ្រាមលោកលើកទី​២
© រក្សាសិទ្ធិដោយ thmeythmey.com