អន្តរជាតិ
ឌូ​ទើ​តេ ចង់បាន​លិខិតអញ្ជើញ​ផ្លូវការ​ពី ត្រាំ សិន មុន​សម្រេចចិត្ត​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​
09, May 2017 , 9:19 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ កំពុងនិយាយទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៩ ខែមេសា (រូបភាព Manila Bulletin)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ កំពុងនិយាយទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៩ ខែមេសា (រូបភាព Manila Bulletin)
​មកទល់ពេលនេះ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) មិនទាន់​សម្រេចចិត្ត​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅឡើយ​។ បើតាម​ក្រសួងការបរទេស​ហ្វីលីពីន លោក ឌូ​ទើ​តេ ចង់បាន​ការអញ្ជើញ​ផ្លូវការ​ពី​សំណាក់​ភាគី​អាមេរិក​សិន ទើប​សម្រេចចិត្ត​តាម​ក្រោយ​ថា ទៅ​ឬ​មិន​ទៅ​។ លោក ត្រាំ បាន​អញ្ជើញលោក ឌូ​ទើ​តេ ទៅកាន់​សេត​វិមាន​ក្នុង​ការសន្ទនា​តាម​ទូរ​សព្ទ​កាលពី​ថ្ងៃទី​២៩ ខែមេសា​កន្លងទៅ​។



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ កំពុង​រង់ចាំ​ការអញ្ជើញ​ផ្លូវការ​ពី​សំណាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ទស្សនកិច្ច​នៅ​អាមេរិក​។ ប្រមុខរដ្ឋ​ហ្វីលីពីន នៅ​អល់អែក​នៅឡើយ​ទាក់ទង​ទស្សនកិច្ច​នេះ បើទោះជា​លោក ត្រាំ បាន​អញ្ជើញលោក​ដោយផ្ទាល់​តាម​ទូរ​សព្ទ​ក៏ដោយ​។ ទាក់ទង​បញ្ហា​នេះ ក្រសួងការបរទេស​ហ្វីលីពីន​បញ្ជាក់ថា មានការ​អញ្ជើញ​ជា​ផ្លូវការ​ពី​អាមេរិក​សិន ទើប​លោក ឌូ​ទើ​តេ សម្រេច​ចិត្តបាន​។ 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន Robespierre Bolivar នៅ​ថ្ងៃទី​៨ ខែឧសភា បាន​និយាយថា លោក ឌូ​ទើ​តេ អាច​បដិសេធ ឬ​ទទួលយក​សំណើ​បាន លុះត្រា​មានការ​អញ្ជើញ​ផ្លូវ​សិន​។ បើតាម​សារព័ត៌មាន Manila Bulletin អ្នកនាំពាក្យ​ដដែល​នេះ​ពន្យល់ថា​៖ «​នេះ​ជាការ​អនុវត្ត​តាមផ្លូវ​ការទូត ហើយ​មកទល់ពេលនេះ ហ្វីលីពីន​ក៏​មិនទាន់​បានទទួល​ការអញ្ជើញ​ណាមួយ​ដែរ​។ ក្នុងករណី​មានការ​អញ្ជើញ ហើយ​ប្រធានាធិបតី ឌូ​ទើ​តេ ទទួលយក យើង​នឹង​ប្រាប់​ដំណឹង​នេះ​ទៅ​ពួកគេ​វិញ​»​។​

​លោក Robespierre Bolivar សង្កត់ធ្ងន់ថា ហ្វីលីពីន អាច​ចាប់ផ្ដើម​រៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ​បាន លុះត្រាតែ​លោក ឌូ​ទើ​តេ ទទួលយក​ការអញ្ជើញ​សិន​។

​តាមពិតទៅ ប្រធាន​ធិបតី ឌូ​ទើ​តេ ផ្ទាល់​ក៏​ធ្លាប់​ប្រកា​សរួច​ម្ដង​ហើយ​ថា លោក មិនទាន់​ទទួលយក​ការអញ្ជើញ​ផ្ទាល់មាត់​ពី​សំណាក់​ប្រធានាធិបតី ត្រាំ នៅឡើយ​ទេ ព្រោះ​លោក​កំពុង​រវល់​ខ្លាំង​។ បើតាម​ការគ្រោងទុក​នៅ​ក្នុង​ខែឧសភា លោក ឌូ​ទើ​តេ មាន​កម្មវិធី​ទស្សនកិច្ច​នៅ​ចិន និង​រុស្ស៊ី ក៏ដូចជា​ត្រូវធ្វើ​ដំណើរ​ទៅកាន់​អ៊ីស្រាអែល​ផងដែរ​។     

​ខុសពី​លោក ឌូ​ទើ​តេ ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី លី សៀន​ឡុង និង​មេដឹកនាំ​របប​សឹក​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានទទួល​ការអញ្ជើញ​ភ្លាមៗ តាមរយៈ​ការនិយាយ​ទូរ​សព្ទ​ជាមួប្រធានាធិបតី ​អាមេរិក​។ លោក ត្រាំ ជជែក​តាម​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​អាស៊ាន​ទាំង ៣​ប្រទេស​លើ​ប្រធាន​ប​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​កំពុង​ឡើងក​ម្ដៅ​ខ្លាំង​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com