អន្តរជាតិ
ពលរដ្ឋ​កូរ៉េខាងត្បូង​រើស​មេដឹកនាំ​ថ្មី ក្រោយ​ប្រឈម​ព្យុះភ្លៀង​នយោបាយ​រាប់​ខែ​
09, May 2017 , 1:59 pm        
រូបភាព
​ពលរដ្ឋ​កូរ៉េខាងត្បូង​មាន​សិទ្ធិ​បោះឆ្នោត​រាប់លាន​នាក់ ទៅកាន់​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី ក្រោយ​ជួបប្រទះ​វិបត្តិ​នយោបាយ​ជាច្រើន​ខែ​លើ​សំណុំរឿង​ពុករលួយ​របស់​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ។ បេក្ខជន​ប្រធានាធិបតី​សំខាន់​ចំនួន​៥ ប្រជែង​គ្នា​ដណ្ដើម​កៅអី​ប្រធានាធិបតី​នេះ ខណៈ​បញ្ហា​ជាច្រើន​កំពុង​រង់ចាំ​មេដឹកនាំ​ថ្មី​ដូចជា​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង វិសមភាព​សង្គម និង​អំពើពុករលួយ​ជាដើម​។ អតីត​គូប្រជែង​លោកស្រី​ប៉ាក លោក Moon Jae-in មានលទ្ធភាព​ខ្ពស់​ជាងគេ​ក្នុងការ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​នេះ​។​



​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កូរ៉េខាងត្បូង បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​៩ ខែឧសភា ដោយ​អ្នកបោះឆ្នោត​កូរ៉េខាងត្បូង​រាប់លាន​នាក់ បាន​ទៅកាន់​មណ្ឌលបោះឆ្នោត​ដែល​បាន​បើក​តាំងពី​ម៉ោង​៦​ព្រឹក​។ ពួកគេ ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ដែល​ត្រូវ​ដឹកនាំ​កូរ៉េខាងត្បូង​សម្រាប់​អាណត្តិ ៥​ឆ្នាំ​ខាងមុខ​។ នេះ​ជាការ​បោះជំហាន​ថ្មី​ទៅមុខ ក្រោយ​ការផ្ទុះ​រឿងអាស្រូវ​ពុករលួយ​ដែល​ឈានដល់​ការទម្លាក់​តំណែង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ។

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​កូរ៉េខាងត្បូង ប្រកាសថា ការិយាល័យ​បោះឆ្នោត​ចំនួន​ជាង​១​ម៉ឺន​៣​ពាន់​កន្លែង បាន​បើក​នៅ​ម៉ោង ៦​ព្រឹក និង​បិទ​វិញ​នៅ​ម៉ោង ៨​យប់ មិនមែន​ម៉ោង ៦​ល្ងាច​ដូច​ការបោះឆ្នោត​លើក​មុនៗ​ឡើយ​។ នេះ ជា​រឿង​កម្រ​មួយ​ដែលមាន​ការពន្យារពេល​បិទ​ការិយាល័យ​បោះឆ្នោត​មុន​អាណត្តិ​បែបនេះ​។ ប្រជាជន​កូរ៉េខាងត្បូង​ចំនួន​ជាង ៤២​លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ៥១​លាន​នាក់ មាន​សិទ្ធិ​បោះឆ្នោត ដែល​នេះ​ជា​ចំនួន​ដ៏​ខ្ពស់​មួយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap បេក្ខជន​ចំនួន ១៣​នាក់​បាន​ប្រជែង​គ្នា​ក្នុងការ​បោះឆ្នោត​នេះ តែ​មានតែ​បេក្ខជន​ចំនួន ៣​នាក់​ប៉ុណ្ណោះ ដែលមាន​ភាគរយ​ច្រើន​សម្រាប់​កៅអី​ប្រធានាធិបតី​។ បេក្ខជន​សេរីនិយម​លោក Moon Jae-in នៅតែមាន​សង្ឃឹម​ខ្ពស់​ជាងគេ ខណៈ​បេក្ខជន​បក្ស​អភិរក្ស​លោក Hong Joon-pyo និង​បេក្ខជន​កណ្ដាល​លម្អៀង​ឆ្វេង​លោក Ahn Cheol-soo ក៏មាន​សង្ឃឹម​ដូចគ្នា​ដែរ​។​

​លោក Moon Jae-in រំពឹងថា​អាច​ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង ព្រោះ​ប្រជាជន​កូរ៉េខាងត្បូង ទំនងជា​មិនអាច​ជ្រើសរើស​បេក្ខជន​មកពី​ក្រុម​អភិរក្ស​ដូច​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ឡើយ​។ ខុសពី​ការបោះឆ្នោត​នាពេល​កន្លងមក ប្រសិនបើ​បេក្ខជន​ណា​ត្រូវបាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ប្រកាសថា​ឈ្នះឆ្នោត បេក្ខជន​នោះ​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ភ្លាមៗ​តែម្ដង​មិន​រង់ចាំ​យូរ​ឡើយ​។ លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត គឺ​នៅ​ថ្ងៃទី​១០ ខែឧសភា​។​

​ការងារ​បន្ទាន់​របស់​ប្រធានាធិបតី​ថ្មី គឺ​ត្រូវ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ដែល​ចាំបាច់​ត្រូវការ​ការយល់ព្រម​ពី​សំណាក់​សភា​។ បន្ទាប់មក ប្រធានាធិបតី​ថ្មី ក៏ត្រូវ​រៀបចំ​គណៈរដ្ឋមន្ត្រី​ថ្មី​រាប់ទាំង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ ប៉ុន្តែ​មិនចាំបាច់​មានការ​យល់ព្រម​ពី​សភា​ឡើយ​។ មេដឹកនាំ​ថ្មី ក៏ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ទៀត​ដូចជា​ការពង្រឹង​សេដ្ឋកិច្ច​ឡើងវិញ និង​ត្រូវ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទៀតផង​៕


Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ​
  Moon Jae-in
© រក្សាសិទ្ធិដោយ thmeythmey.com