អន្តរជាតិ
អ៊ីរ៉ង់ ព្រមាន​កម្ទេច​អា​រ៉ា​ប៊ី​សា​អូឌីត​ឲ្យ​ក្លាយជា​ផេះផង់​
09, May 2017 , 4:18 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Hossein Dehghan (រូបភាព AFP)
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Hossein Dehghan (រូបភាព AFP)
​អ៊ីរ៉ង់ បាន​ព្រមាន​កម្ទេច​អា​រ៉ា​ប៊ី​សា​អូឌីត​ឲ្យ​ក្លាយជា​ផេះផង់ បើ​អា​រ៉ា​ប៊ី​សា​អូឌីត​ហ៊ាន​វាយប្រហារ​មកលើ​ខ្លួន​មុន​នោះ​។ ប្រមុខ​ការពារជាតិ​អ៊ីរ៉ង់​ប្រកាសថា អា​រ៉ា​ប៊ី​សា​អូឌីត​ទាំងមូល​នឹង​រាប​ដល់​ដី លើកលែងតែ​ទីក្រុង Mecca និង​ទីក្រុង Medina ប៉ុណ្ណោះ​។ អ៊ីរ៉ង់​ព្រមាន​ដូចនេះ ក្រោយ​រជ្ជទាយាទ​រង​អា​រ៉ា​ប៊ី​សា​អូឌីត​ចោទថា​អ៊ីរ៉ង់​ចង់​គ្រប់គ្រង​ពិភពលោក​ឥស្លាម​ទាំងមូល ហើយ​គំរាម​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទៅទៀត​។​



​មហាអំណាច​តំបន់​មជ្ឈិមបូព៌ា គឺ​អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ផ្ទុះ​សង្គ្រាមពាក្យសម្ដី​គំរាម​គ្នា​ទៅវិញទៅមក ក្រោយ​អា​រ៉ា​ប៊ី​សា​អូឌីត​គំរាម​វាយប្រហារ​អ៊ីរ៉ង់​។ រជ្ជទាយាទ​រង​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះអង្គម្ចាស់ Mohammed bin Salman មានបន្ទូល​នៅ​ថ្ងៃទី​៨ ខែឧសភា ថា ការ​ប្រជែង​ឥទ្ធិពល​ណាមួយ​កើតឡើង​នៅលើ​ទឹកដី​អ៊ីរ៉ង់ មិនមែន​អា​រ៉ា​ប៊ី​សា​អូឌីត​ឡើយ ព្រោះ​អា​រ៉ា​ប៊ី​សា​អូឌីត មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ពង្រីក​ឥទ្ធិពល​ឡើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត មានបន្ទូល​ក្នុង​កិច្ច​សម្ភាស​កម្រ​ជាមួយ​ទូរទស្សន៍ Saudi TV ថា អ៊ីរ៉ង់​ចិញ្ចឹមចិត្ត​ពង្រីក​ឥទ្ធិពល​ទូទាំង​ពិភព​ឥស្លាម និង​ចង់​ធ្វើ​ឲ្យ​និកាយ​ស៊ី​អ៊ី​តរីក​សាយភាយ​ទៀតផង​។ ព្រះអង្គម្ចាស់​វ័យ​៣១​វ​ស្ស​អង្គ​នេះ​សង្កត់​ដែរ​ថា អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ចាត់វិធានការ​ទប់ទល់ ដោយ​មិន​រង់ចាំ​ដល់​អ៊ីរ៉ង់​ចាប់ផ្ដើម​មុន​ឡើយ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​ជម្លោះ​លើ​ទឹកដី​ខ្លួនឯង​ដែរ​។​

​ជាការ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​សមា​ជិ​ក​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់ Hossein Dehghan ក៏​ព្រមាន​វិញ​។ លោក Hossein Dehghan គំរាម​វាយប្រហារ​អា​រ៉ា​ប៊ី​សា​អូឌីត បើ​រដ្ឋ​ប្រកាន់​និកាយ​ស៊ូ​នី​ភាគច្រើន​មួយ​នេះ ធ្វើ​សកម្ម​ភាពមិន​សមរម្យ​។ ដោយ​សំដៅ​ប្រតិបត្តិការ​ដែនអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែន ប្រមុខ​ការការពារ​អ៊ីរ៉ង់ ឌឺដង​ដែរ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​មាន​អំនួត​ជ្រុល​ព្រោះ​អាង​ខ្លួនឯង​មាន​មាន​កងទ័ពអាកាស​។​

​បើតាម​សម្ដី​លោក Hossein Dehghan អ៊ីរ៉ង់​មិន​ប៉ះពាល់​ទីក្រុង Mecca និង​ទីក្រុង Medina ឡើយ ព្រោះ​ទីក្រុង​ទាំង​២ ជាទី​តាំង​ពិសិដ្ឋ​របស់​ជន​មូស្លីម​ទាំងអស់ មិន​ថា​អ្នក​ប្រកាន់​និកាយ​ស៊ូ​នី ឬ​និកាយ​ស៊ី​អ៊ី​ត​ឡើយ​។ ការគំរាមកំហែង​គ្នា​ទៅវិញទៅមក​លើក​នេះ ជា​សញ្ញា​នៃ​ភាព​តានតឹង​របស់​មហាអំណាច​តំបន់​ទាំង​២ ដែល​មិនត្រូវ​គ្នា​ឡើយ​តាំងពី​បដិវត្តន៍​អ៊ីរ៉ង់​ឆ្នាំ​១៩៧៩ មក​។ គូប្រជែង​ទាំង​២ តែង​ប្រកួត​គ្នា​ពង្រីក​ឥទ្ធិពល​រៀងៗ​ខ្លួន​នៅ​ពេញ​តំបន់​មជ្ឈិមបូព៌ា​តែម្ដង​។​

​សង្គ្រាម​នៅ​យេ​ម៉ែន គឺជា​ភស្តុតាង​បញ្ជាក់​ច្បាស់​ពី​ការ​ប្រជែង​ឥទ្ធិពល​របស់​មហាអំណាច​តំបន់​ទាំង​២ ។ សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អី​ឌូ​ត​មាន​សមាជិក​ភាគច្រើន​ជា​រដ្ឋ​ប្រកាន់​និកាយ​ស៊ូ​នី បាន​បើក​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ឧទ្ទាម​ស៊ី​អ៊ី​ត​ហ៊ូ​ធី ដែល​ជួយ​ពីក្រោយ​ដោយ​អ៊ីរ៉ង់​។ ការ​ប្រជែង​គ្នា​នេះ ធ្វើ​ឲ្យ​ប្រជាជន​យេ​ម៉ែន​រាប់ម៉ឺន​នាក់​បាត់​បង់ជីវិត ខណៈ​ជម្លោះ​នេះ​មិនទាន់​រក​ច្រកចេញ​ឃើញ​នៅឡើយ​ទេ ដ្បិត​ភាគី​សងខាង​នៅតែ​ខ្វែងគំនិត​គ្នា​មិនចេះចប់​៕     


Tag:
 អ៊ីរ៉ង់​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com