អន្តរជាតិ
ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង​អាច​ទៅ​ជួប គីម ជុង​អ៊ុន ដល់​កូរ៉េខាងជើង បើ​ចាំបាច់​
10, May 2017 , 2:07 pm        
រូបភាព
​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ដែល​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៩ ខែឧសភា បាន​ស្បថ​ចូលកាន់​តំណែង​ហើយ​នៅ​វិមាន​រដ្ឋសភា​។ ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្ងៃទី​១០ ខែឧសភា ដែល​រៀបចំឡើង​មិនធំ​ដុំ​អ្វី​នោះ លោក មូ​ន ចេ​អ៊ី​ន បាន​សន្យា​អនុវត្ត​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។ លោក​ក៏​ប្រកាស​ដែរ​ថា លោក អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​មួយចំនួន ឬ​សូម្បីតែ​កូរ៉េខាងជើង​ទៀតផង​។​



​បន្ទាប់ពី​ជាប់ឆ្នោត​ភ្លាម លោក មូ​ន ចេ​អ៊ី​ន ក៏​ស្បថ​ចូលកាន់​តំណែង​ភ្លាម​ដែរ ដើម្បី​បំពេញ​ចន្លោះប្រហោង​អំណាច​ដែល​បន្សល់ទុក​ដោយ​ការទម្លាក់​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ។ លោក មូ​ន ចេ​អ៊ី​ន ជា អ្នកនយោបាយ​ដែល​ជឿ​លើ​នយោបាយ​ការទូត ហើយ​លោក​ចង់​ប្រើ​ភាពទន់ភ្លន់​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ផង ដូច្នេះហើយ​បាន​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង ទើប​លោក​បង្ហាញ​បំណង​ចង់ទៅ​កូរ៉េខាងជើង​តែម្ដង​។​

​ក្នុងការ​ឃោសនា​កន្លង​មក បញ្ហាសំខាន់​ដែល​ត្រូវគេ​ជជែក​ដេញដោល​គ្នា​ខ្លាំង​លើ​បញ្ហា​កូរ៉េខាងជើង​និង​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដែលជា​សម្ព័ន្ធមិត្ត​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក មូ​ន ចេ​អ៊ី​ន មាន​គោលជំហរ​ទន់ភ្លន់​ជឿជាក់​លើ​នយោបាយ​ការទូត​ក្នុងការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ផងដែរ​។ លោក​ចង់ឃើញ​ការបំបាត់​កម្តៅ​តានតឹង​និង​ការប្រឈមមុខគ្នា ហើយ​ត្រឡប់មក​អង្គុយ​តុ​ចរចា​វិញ​។​

​ឆ្លៀតឱកាស​នៃ​ការស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១០ ខែឧសភា ប្រធានាធិបតី​ថ្មី​រូបនេះ​និយាយថា ដើម្បី​សន្តិភាព លោក​អាច​ទៅ​អាមេរិក ជប៉ុន និង​ចិន ហើយ​សូម្បីតែ​កូរ៉េខាងជើង​ដែរ ក្នុងករណី​ចាំបាច់​។ លោក​ក៏​ប្រកាស​ដែរ​ថា លោក នឹង​ធ្វើជា​ប្រធានាធិបតី​ដ៏​កក់ក្ដៅ​សម្រាប់​ប្រជាជន និង​ធ្វើជា​មិត្ត​នៅ​គ្រា​លំបាក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

​តាមពិតទៅ បំណង​ចង់ទៅ​កូរ៉េខាងជើង​របស់លោក មូ​ន ចេ​អ៊ី​ន មាន​តាំងពី​យូរ​មកហើយ​។ កន្លងមក​លោក​ធ្លាប់​អះអាង​ដែរ​ថា លោក​មានបំណង​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ដើម្បី​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដោយផ្ទាល់ និង​បន្ត​តស៊ូ​មតិ​ជំរុញ​ឲ្យ​មានការ​ចាប់ផ្តើម​គម្រោង​ពាណិជ្ជកម្ម​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ឡើងវិញ​ផង ក្នុងនោះ​មាន​ទាំង​តំបន់ឧស្សាហកម្ម​រួមគ្នា Kaesong ដែរ​។ លោក គីម ជុង​អ៊ុន ផ្ទាល់ ក៏បាន​ស្វាគមន៍​ជំហរ​លោក មូ​ន ចេ​អ៊ី​ន ដែរ​។​

​ងាក​មក​រឿង​ប្រធានាធិបតី​ថ្មី​បន្តិច លោក មូ​ន ចេ​អ៊ី​ន បានចាប់ផ្ដើម​អាណត្តិ​ប្រធានាធិបតី ៥​ឆ្នាំ​នៅ​ថ្ងៃទី​១០ នេះ​។ ក្រៅពី​បញ្ហា​កូរ៉េខាងជើង លោក មូ​ន ចេ​អ៊ី​ន ត្រូវ​ដោះស្រាយ​បញ្ហា​ពុករលួយ​ក្នុងស្រុក និង​ប្រព័ន្ធ​ការពារ THAAD ទៀតផង​។ លោក ទំនងជា​បើក​ការចរចា​ជាមួយ​អាមេរិក និង​ចិន​លើ​បញ្ហា​ប្រព័ន្ធ​ការពារ​នេះ​។ នេះ ក៏​ព្រោះ​ចិន​ប្រឆាំង​ដាច់ខាត​លើ​ការពង្រាយ​នេះ ឯ​អាមេរិក​វិញ បែរជា​ទារលុយ​ថ្លៃ​ប្រព័ន្ធ​ការពារ​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​ទៅទៀត​។​

​បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​រួចរាល់ លោក មូ​ន ចេ​អ៊ី​ន ក៏​នឹង​ប្រកាស​តែងតាំង​មន្ត្រី​សំខាន់ៗ​ដើម្បី​ដឹកនាំ​ប្រទេស​។ សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា ​ធ្លា​ក់លើ​លោក Lee Nak-yon ដែលជា​អភិបាលខេត្ត​។ លោក ក៏​បាន​តែងតាំង​មន្ត្រី​ប្រចាំ​វិមាន​ប្រធានាធិបតី និង​ប្រធាន​បុ​គ្គលិក​ផងដែរ​។ នៅមុននេះ លោក​ក៏​ទើប​ទទួល​តំណែង​ជា​អគ្គបញ្ជាការ​កងទ័ព​កូរ៉េខាងត្បូង និង​បាន​ពិភាក្សា​ជាមួយ​នាយ​សេ​ធិ​ការ​កងទ័ព ក៏ដូចជា​ទទួល​ការផ្ដល់​ព័ត៌មាន​សន្តិសុខ​ជាតិ​ដែរ​៕


Tag:
 កូរ៉េខាងត្បូង​
  Moon Jae-in
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com