ជាតិ
ក្រុមយុវជន​វ័យក្មេង «Global Shapers Community» បង្កើត​បណ្តាញ​ផ្លូវការ​នៅ​កម្ពុជា​
10, May 2017 , 9:19 pm        
រូបភាព
Global Shapers Community (GSC) ដែលជា​បណ្ដាញ​យុវជន​វ័យក្មេង​មកពី​ជុំវិញ​ពិភពលោក និង​ជា​ផ្នែក​មួយ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) បាន​សម្ពោធ​សាខា​របស់ខ្លួន​នៅ​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែឧសភា​។ ការ​ដំណើរការ Global Shapers Community (GSC) នៅ​ភ្នំពេញ គឺ​ស្រប​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១២ ខែឧសភា​។​



​សមាជិក Global Shapers Community (GSC) មកពី​ជុំវិញ​ពិភពលោក បាន​ជួបជុំគ្នា​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​បង្កើត​បណ្ដាញ​របស់ខ្លួន​ប្រចាំ​កម្ពុជា​។ ការជួប​ជុំគ្នា​ត្រូវបាន​រៀបចំ​នៅឯ​អគារ Raintree​។ GSC គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែលមាន​សមាជិក​វ័យ​ក្មេង​មាន​អាយុ​ចាប់ពី​២០​ឆ្នាំ ដល់​២៩​ឆ្នាំ​ប៉ុណ្ណោះ​។ ក្រុមយុវជន​វ័យក្មេង​ប្រកបដោយ​សក្តានុពល​ទាំងនេះ មាន​សមត្ថភាព​ពិសេស​ដើម្បី​ចូលរួម​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​បាន​។​

​ស្ថាបនិក GCS ប្រចាំ​ភ្នំពេញ Zoë Ng និយាយថា អ្នកនាង​សប្បាយចិត្ត​ដែល​បាន​នាំ GSC មកដល់​កម្ពុជា ដើម្បី​ជា​វេទិកា​មួយ​សម្រាប់​ការចូលរួមចំណែក​ក្នុង​គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍ​សង្គម​ក្នុង​កម្រិត​សកល​។ យុវជន​វ័យក្មេង​ជាច្រើន​នាក់​ដែលជា​សមាជិក GSC មកពី​ហុងកុង ប៉េកាំង ហ្សា​ការ​តា ម៉ានីល អ៊ូ​ឡង់​បា​ទ័​រ និង​យ៉ាំង​ហ្គោ​ន បាន​ចូលរួម​ជា​សាក្សី​ក្នុងការ​បង្កើត​បណ្ដាញ GSC នៅ​កម្ពុជា​នៅពេលនេះ​។

​ក្នុង​កម្មវិធី​ដាក់​ឲ្យ​ដំណើរការ GSC ភ្នំពេញ យុវជន​កម្ពុជា​ដែលមាន​ចំណាប់អារម្មណ៍​ចូល​ជា​សមាជិក មានឱកាស​ជួប​សមាជិក និង​ប្រតិភូ GSC មកពី​ប្រទេស​ដទៃ ដើម្បី​ស្វែងយល់​ពី​សកម្មភាព​រប​ស់​ពួកគេ ដែលជា​ផ្នែក​មួយ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​។ លើសពីនេះ ការជួប​ជុំគ្នា​ដែល​រៀបចំ​នៅឯ​អគារ Raintree នេះដែរ ក៏​ជា​ឱកាស​សម្រាប់​យុវជន​និង​អ្នកជំនួញ​ឯករាជ្យ​វ័យក្មេង​កម្ពុជា ក្នុងការ​បង្ហាញ​ពី​គំនិត​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ដែរ​។​

GSC គឺ​បណ្ដាញ​យុវជន​វ័យក្មេង ដែល​ផ្ដួចផ្ដើម​បង្កើត​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក WEF ។ WEF គឺជា​អង្គការ​អន្តរជាតិ​សម្រាប់​កិច្ចសហប្រតិបត្តិកា​រិ​ស័​យ​សាធារណៈ និង​ឯកជន ដែល​ប្ដេជ្ញា​ក្នុងការ​កែលម្អ​ស្ថានភាព​ពិភពលោក​ឲ្យ​ប្រសើរឡើង​៕
 

Tag:
 យុវជន​
  WEF
  GSC
© រក្សាសិទ្ធិដោយ thmeythmey.com