អន្តរជាតិ
កូរ៉េខាងត្បូង​ព្រមាន​កូរ៉េខាងជើង «​វា​ជា​រឿង​ល្ងង់ខ្លៅ បើ​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​ពេលនេះ​»
10, May 2017 , 9:39 pm        
រូបភាព
ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងលោក-មូន-ចេអ៊ីន-និងមេដឹកនាំកំពូលកូរ៉េខាងជើង-គីម-ជុងអ៊ុន
ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងលោក-មូន-ចេអ៊ីន-និងមេដឹកនាំកំពូលកូរ៉េខាងជើង-គីម-ជុងអ៊ុន
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១០ ខែឧសភា បាន​ព្រមាន​កូរ៉េខាងជើង ដែល​ចង់​សាកល្បង​នុយក្លេអ៊ែរ​នៅ​កាលៈទេសៈ​បច្ចុប្បន្ន ខណៈដែល​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ទើប​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង​នោះ​។ កូរ៉េខាងត្បូង​ប្រាប់​កូរ៉េខាងជើង​កុំ​ឲ្យ​ធ្វើអំពើ​ឆ្កួត​ឡប់​របៀបនេះ​ទៀតឡើយ ព្រោះ​កូរ៉េខាងត្បូង​នឹងត្រូវ​បង្ខំចិត្ត​ផ្អាក​រាល់​ការសន្ទនា​ទាំងអស់​ជាមួយ​កូរ៉េខាងជើង បើទោះជា​ប្រធានាធិបតី​ថ្មី​មាន​ជំហរ​មិន​តឹងរ៉ឹង​ក៏ដោយ​។



​ជាថ្មី​ម្ដងទៀត កូរ៉េខាងជើង​បានបង្ហាញ​បំណង​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ របស់ខ្លួន ចំពេល​ដែល កូរ៉េខាងត្បូង​កំពុង​ផ្លាស់ប្ដូរ​អ្នកដឹកនាំ​ដែរនោះ​។ ស្របពេល​លោក មូ​ន ចេ​អ៊ី​ន ក្លាយជា​ប្រធានាធិបតី​ទី​១៩ របស់​កូរ៉េខាងត្បូង ប្រេសិត​កូរ៉េខាងជើង​ប្រចាំ​ង​ចក្រភព​អង់គ្លេស Choe Il បាន​រំ​ឮ​ក​ម្ដងទៀត​ពី​ផែនការ​សាកល្បង​នុយក្លេអ៊ែរ​នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​តាម​ការចង់បាន​របស់​មេដឹកនាំ​កំពូល​របស់ខ្លួន​។​

​តាមពិតទៅ នេះ​មិនមែនជា​រឿង​ចម្លែក​ឡើយ ព្រោះ​កូរ៉េខាងជើង​ចង់​សាកល្បង​នុយក្លេអ៊ែរ​ជា​យូរ​មកហើយ​។ ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ ការ​រំ​ឮ​ករឿង​សាកល្បង​នេះ ធ្វើឡើង​ចំពេល​កូរ៉េខាងត្បូង​ទើប​មាន​ប្រធានាធិបតី​ថ្មី ក្រោយ​ទំនេរ​អស់​ពេល​ច្រើន​ខែ​ដោយសារ​ការទម្លាក់​លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ ។ ក្រសួង​បង្រួបបង្រួម​កូរ៉េ​របស់​កូរ៉េខាងត្បូង​លើកឡើងថា វា​ជា​រឿង​ឡប់ៗ បើ​កូរ៉េខាងជើង​ពិតជា​សាកល្បង​នុយក្លេអ៊ែរ​ពេលនេះ​។

«​លោក មូ​ន ចេ​អ៊ី​ន បាន​ព្រមាន​រួចហើយ​ថា ក្នុងករណី​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​បន្ថែមទៀត គ្រប់យ៉ាង​ទាំងអស់​រួមទាំង​កិច្ចសន្ទនា​អន្តរ​កូរ៉េ នឹងមិន​ដំណើរការ​ឡើយ​»​។ នេះ​ជាស​ម្ដី​ព្រមាន​របស់​អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ នៅ​ថ្ងៃទី​១០ ខែឧសភា ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ នេះ​ក៏​មានន័យថា ខណៈ​លោក មូ​ន ចេ​អ៊ី​ន ចង់​ដោះស្រាយ​បញ្ហា​ដោយ​ការចរចា​ទៅហើយនោះ កូរ៉េខាងជើង ក៏ត្រូវ​បង្ហាញ​អាកប្បកិរិយា​វិជ្ជមាន​វិញ​ដែរ​។​

​កាលពីពេល​ឃោសនា​រក​សំឡេងឆ្នោត លោក មូ​ន ចេ​អ៊ី​ន បានលើកឡើង​ដំណោះ​ស្របគ្នា​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែ​កូរ៉េខាងជើង គឺ​ជំរុញ​ការលុបបំបាត់​នុយក្លេអ៊ែ​រ និង​ការចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង​។ ប្រធានាធិបតី​រូបនេះ ក៏​ថែមទាំង​ចង់​ដំណើរការ​តំបន់ឧស្សាហកម្ម​ពិសេស Kaesong និង​ដំណើរ​ទេសចរណ៍​ភ្នំ Kumgang ទៀតផង ប៉ុន្តែ​លោក​ដាក់​លក្ខខណ្ឌ​ថា អ្វីៗ​នឹង​ដំណើរការ​ទៅមុខ បើ​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​។​

​សូម​រំ​ឮ​ក​បន្តិច​ទៅ កូរ៉េខាងជើង បាន​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​៥​ដង​ហើយ​។ កាលពី​ខែ​មុន រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ក៏​គំរាម​សាកល្បង​នុយក្លេអ៊ែ​ម្ដងទៀត​ដែរ ប៉ុន្តែ​ក៏​សម្រេចចិត្ត​មិន​សាកល្បង​វិញ​។ នេះ ទំនងជា​ក្រុង​ព្យុងយ៉ាង មិន​ចង់​សាកល្បង​ការអត់ធ្មត់​របស់​អាមេរិក ដែល​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ និង​នាវាមុជទឹក​មក​ក្បែរ​ឧបទ្វីប​កូរ៉េ​ជា​បន្តបន្ទាប់​។ រដ្ឋបាល​អាមេរិក ក៏​អះអាង​ដែរ​ថា ការប្រើប្រាស់​កម្លាំងយោធា មិន​ត្រូវបាន​បោះបង់ចោល​ឡើយ​៕   


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Moon Jae-in
© រក្សាសិទ្ធិដោយ thmeythmey.com