អន្តរជាតិ
ឌូ​ទើ​តេ តែងតាំង​មេទ័ព​ធ្វើ​រដ្ឋមន្ត្រី​មហាផ្ទៃ ដើម្បី​គ្រប់គ្រង​ប៉ូលិស​
11, May 2017 , 10:43 am        
រូបភាព
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ និងនាយសេធិការកងទ័ពហ្វីលីពីន អេឌូអាដូ អាញ៉ូ (រូបភាព Reuters)
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ និងនាយសេធិការកងទ័ពហ្វីលីពីន អេឌូអាដូ អាញ៉ូ (រូបភាព Reuters)
​ប្រមុខ​កងទ័ព​ហ្វីលីពីន​ឧ​ត្ត​ម​សេនីយ៍ អេ​ឌូ​អា​ដូ អា​ញ៉ូ (Eduardo Año) នឹង​ក្លាយជា​រដ្ឋមន្ត្រី​មហាផ្ទៃ ដែល​ទទួលខុសត្រូវ​គ្រប់គ្រង​ស្ថាប័ន​ប៉ូលិស​។ ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) និយាយថា លោក​ត្រូវការ​ឧ​ត្ត​ម​សេនីយ៍ អា​ញ៉ូ មក​ដឹកនាំ​ក្រសួងមហាផ្ទៃ​ដើម្បី​ត្រួតពិនិត្យ​ប៉ូលិស ដែល​កំពុងមាន​បញ្ហា​ពុករលួយ​យ៉ាងខ្លាំង​។ លោក អា​ញ៉ូ ក្លាយជា​ឧ​ត្ត​ម​សេនីយ៍​មួយទៀត ដែល​ក្លាយជា​សមាជិក​រដ្ឋាភិបាល​លោក ឌូ​ទើ​តេ ។​



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាសថា នាយ​សេ​ធិ​ការ​កងទ័ព​ហ្វីលីពីន​ឧ​ត្ត​ម​សេនីយ៍ អេ​ឌូ​អា​ដូ អា​ញ៉ូ នឹងត្រូវ​មក​គ្រប់គ្រង​ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​មូលដ្ឋាន បន្ទាប់ពី​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បញ្ចប់​ការងារ​យោធា​របស់ខ្លួន​នៅ​ខែតុលា​។ លោក ឌូ​ទើ​តេ ប្រកាស​បែបនេះ នៅឯ​សន្និសីទកាសែត​ថ្ងៃទី​១០ ខែឧសភា នៅ​ព្រលានយន្តហោះ​ក្រុង​ម៉ានីល មុននឹង​ចាកចេញ​មកកាន់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន​។​

​ទាក់ទង​មូលហេតុ​នៃ​ការសម្រេចចិត្ត​ជ្រើសរើស​ប្រមុខ​កងទ័ព​ឲ្យ​កាន់តំណែង​រដ្ឋមន្ត្រី​មហាផ្ទៃ​ដែល​ត្រូវ​គ្រប់គ្រង​ប៉ូលិស​ដែរនោះ លោក ឌូ​ទើ​តេ បាន​ពន្យល់ថា ប៉ូលិស​មាន​បញ្ហា​ខ្លាំងណាស់​។ លោក​បន្តថា មុនពេល​មកដល់​ព្រលានយន្តហោះ លោក​បាន​អាន​របាយការណ៍​ស្ដីពី​ការចាប់​ជំរិត​មនុស្ស​ដែល​ធ្វើឡើង​ដោយ​ប៉ូលិស ដែល​កំពុង​ចោមរោម​ដោយ​រឿងអាស្រូវ​ពុករលួយ​ស្រាប់​។ ដូច្នេះ​ទើប​លោក​ត្រូវការ​មនុស្ស​ដែល​ស្គាល់​ប៉ូលិស​ច្បាស់​។​

​តំណែង​រដ្ឋមន្ត្រី​មហាផ្ទៃ​នេះ បាន​ទំនេរ​យូរ​គួរសម​ដែរ​ហើយ ក្រោយ ឌូ​ទើ​តេ បណ្ដេញ​លោក Ismael Sueno ចេញពី​តំណែង​នៅ​ថ្ងៃទី​៤ ខែមេសា ជុំវិញ​ករណី​ពាក់ព័ន្ធ​អំពើពុករលួយ និង​ការបាត់​ទំនុកចិត្ត​។ លោក Ismael Sueno ដែលជា​មនុស្ស​សំខាន់​នៅ​ពីក្រោយ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ឌូ​ទើ​តេ ជា​មន្ត្រីជាន់ខ្ពស់​ទី​១ ដែល​ត្រូវ​បណ្ដេញចេញ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់លោក ឌូ​ទើ​តេ ។

​តាមពិតទៅ លោក​ប្រធានាធិបតី ឌូ​ទើ​តេ ចង់​ឲ្យ​លោក Ferdinand "Bongbong" Marcos Jr កាន់តំណែង​នេះ តែ​លោក Marcos បាន​បដិសេធ​។ ដោយសារ​រឿងនេះ លោក ឌូ​ទើ​តេ ក៏​ងា​ករក​បេក្ខជន​ថ្មី ហើយក៏​សម្រេចចិត្ត​ជ្រើសរើស​ប្រមុខ​យោធា​ឧ​ត្ត​ម​សេនីយ៍ អា​ញ៉ូ តែម្ដង​។ ម្យ៉ាងទៀត ការជ្រើសរើស​លោក អា​ញ៉ូ ក៏​អាចជួយ​ដល់​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដែល​បញ្ហា​ខ្លះ​ដោយសារ​រឿងអាស្រូវ​របស់​ប៉ូលិស​នោះ​។​

​យ៉ាងណាក្ដី ឧ​ត្ត​ម​សេនីយ៍ អា​ញ៉ូ មិនទាន់​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​មហាផ្ទៃ​នេះ​ភ្លាម​ឡើយ ហើយ​លោក​ត្រូវ​បន្ត​តំណែង​ប្រមុខ​កងទ័ព​រហូតដល់​ខែតុលា​។ លោក ឌូ​ទើ​តេ បញ្ជាក់ថា លោក​ចង់​ឲ្យ​លោក អា​ញ៉ូ បន្តការងារ​សិន ព្រោះ​កងទ័ព​មាន​គម្រោង​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវការ​លោក អា​ញ៉ូ ដឹកនាំ​ឲ្យ​ចប់​ចុង​ចប់​ដើម​។ លោក អា​ញ៉ូ ជា​អតីត​ប្រមុខ​កងទ័ព​ទី​៦ ក្នុង​ជួរ​រដ្ឋាភិបាល បន្ទាប់ពី​លោក ឌូ​ទើ​តេ ទើបតែ​តែងតាំង​អតីត​ប្រមុខ​យោធា Roy Cimatu ជា​រដ្ឋមន្ត្រី​បរិស្ថាន និង​ធនធានធម្មជាតិ​ថ្មីៗ​នេះ​៕ 


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com