អន្តរជាតិ
សេត​វិមាន​ក្ដៅស្លឹកត្រចៀក ក្រោយ​រុស្ស៊ី​បញ្ចេញ​រូបថត​ជំនួប​ឯកជន​រវាង​លោក ត្រាំ និង​មន្ត្រី​រុស្ស៊ី​
12, May 2017 , 7:19 pm        
រូបភាព
រូបថតប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS
រូបថតប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ក្ដៅស្លឹកត្រចៀក​ខ្លាំង​ហើយ ក្រោយ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS បញ្ចេញ​រូបថត​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក និង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov នៅ​ថ្ងៃទី​១១ ខែឧសភា​។ សេត​វិមាន មិន​ចង់​ឲ្យ​រូបភាព​នៃ​ជំនួប​ត្រូវ​ផ្សាយ​ជា​សាធារណៈ​បែបនេះ​ឡើយ ខណៈ​ស្ថានការណ៍​ផ្ទៃក្នុង​មិន​អំណោយផល ព្រោះ​ទើប​មានការ​បណ្ដេញ​នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ពី​តំណែង ជុំវិញ​ការស៊ើបអង្កេត​ករណី​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​ឆ្នាំ​២០១៦​។​



​រូបថត​ចាប់ដៃគ្នា​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov ត្រូវបាន​ផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី TASS កំពុង​ក្លាយជា​ប្រធានបទ​បំបាក់​មុខមាត់​សេត​វិមាន​យ៉ាង​អាម៉ាស់​។ នេះ ក៏​ព្រោះ​មិនមាន​សារព័ត៌មាន​អាមេរិក​ណាមួយ អាច​ចូលក្នុង​បន្ទប់​ពងក្រពើ​ឡើយ ពេល​លោក ត្រាំ ជួប​រដ្ឋមន្ត្រី​រុស្ស៊ី​នោះ តែ​បែរជា​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី មាន​រូបថត ហើយ​អាច​យក​ផ្សាយ​ជា​សាធារណៈ​ទៅទៀត​។​

​តាមពិតទៅ ជំនួប​រវាង​លោក ត្រាំ និង​លោក Lavrov គឺជា​ការជួបពិភាក្សា​ការងារ​ឯកជន​ប៉ុណ្ណោះ​។ ដូច្នេះ​ទើប​មិនមាន​អ្នកយកព័ត៌មាន ឬ​អ្នក​ថតរូប​ណា​ម្នាក់ អាច​ចូលទៅ​ផ្ដិត​យក​រូបភាព និង​យក​ព័ត៌មាន​បានឡើយ ក្រៅពី​អ្នក​ថតរូប​ផ្លូវការ​របស់​រដ្ឋាភិបាល​អាមេរិក និង​រុស្ស៊ី​។ ដោយសារ​មានការ​បែកធ្លាយ​រូបថត​នេះ មន្ត្រី​សេត​វិមាន​ខឹងសម្បារ​យ៉ាងខ្លាំង រហូត​ហ៊ាន​និយាយថា​សម​ភាគី​រុស្ស៊ី​បោកប្រាស់​ទៀតផង​។​

​បើតាម​សារព័ត៌មាន The New York Times មន្ត្រី​សេត​វិមាន​និយាយថា រូបថត​នៃ​ជំនួប​នេះ អាច​ប្រើប្រាស់​បាន​សម្រាប់តែ​គោលដៅ​ផ្លូវការ​ប៉ុណ្ណោះ មិនមែន​សម្រាប់​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ដូច​ពេល​នេះឡើយ​។ ម្យ៉ាងវិញទៀត សេត​វិមាន រឹតតែ​ខឹង​រុស្ស៊ី ព្រោះ​ការបញ្ចេញ​រូបថត​លោក ត្រាំ ចាប់ដៃ​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី​ក្នុង​បន្ទប់​ពងក្រពើ​នេះ ធ្វើឡើង​ស្របពេល​រដ្ឋបាល ត្រាំ ឈឺក្បាល​នឹង​បញ្ហា​រុស្ស៊ី​លូកដៃ​ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក ដែល​ការស៊ើបអង្កេត​កំពុង​ធ្វើ​ដែរនោះ​។​

​ដោយឡែក លោក  Alexandr Scherbak អ្នក​ថតរូប​ឲ្យ​សារព័ត៌មាន TASS និង​ជា​អ្នក​ថតរូប​ជំនួប​នេះ បាន​ចេញមក​អំពាវនាវ​ឲ្យ​សារព័ត៌មាន​អាមេរិក រក្សា​សេចក្ដីថ្លៃថ្នូរ​នៃ​វិជ្ជាជីវៈ​របស់ខ្លួន និង​មិនត្រូវ​បន្ទោស​គេឯង​ចំពោះ​កំហុស​របស់ខ្លួន​នោះ​ដូចជា​មិនអាច​ចូល​ថតរូប​បានជា​ដើម​។ ទាក់ទង​រូបថត​ដែល​ផ្សាយ​វិញ លោក Scherbak ពន្យល់ថា ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង TASS និង​ក្រសួងការបរទេស​រុស្ស៊ី លោក​បានផ្ដល់​រូបថត​ខ្លះ​សម្រាប់​ការផ្សព្វផ្សាយ​ដោយ​សេរី​។

​ម្យ៉ាងទៀត​នោះ ជំនួប​រវាង​លោក ត្រាំ និង​រដ្ឋមន្ត្រី​រុស្ស៊ី ក៏​ធ្វើឡើង​ក្រោម​ការរិះគន់​ខ្លាំង​ដែរ​។ ការដែល​លោក ត្រាំ ទទួលភ្ញៀវ​ថ្នាក់​រដ្ឋមន្ត្រី មិនមែន​ប្រមុខរដ្ឋ​នៅឯ​បន្ទប់​ពងក្រពើ គឺជា​រឿង​កម្រ​កើតមាន​ខ្លាំងណាស់​។ ជាធម្មតា ការជួបពិភាក្សា​នៅក្នុង​បន្ទប់​ពងក្រពើ គឺ​សម្រាប់តែ​ថ្នាក់ដឹកនាំ​សំខាន់ៗ ដែលជា​ប្រយោជន៍​សម្រាប់​អាមេរិក​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រង​សេត​វិមាន​ឆ្លើយតប​វិញ​ថា ប្រធានាធិបតី ត្រាំ អាចជួយ​រដ្ឋមន្ត្រីការបរទេស​ក៏បាន​ដែរ​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com