អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត ត្រៀម​លុយ​៦៨​លាន​ដុល្លារ​ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ច​លោក ត្រាំ
12, May 2017 , 8:19 pm        
រូបភាព
អា​រ៉ា​ប៊ី​សា​អូឌីត ត្រៀម​លុយ​ដល់​ទៅ​៦៨​លាន​ដុល្លារ សម្រាប់​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុង​ខែ​នេះ​។ ព្រះ​ចៅ​សាល់​ម៉ាន (Salman) ល្បី​ខាង​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ពេល​ទស្សនកិច្ច​ក្រៅប្រទេស​ម្ដងៗ នឹង​ទទួល​ប្រធានាធិបតី​អាមេរិក មិន​ឲ្យ​ទាស់ចិត្ត​ឡើយ​។ នេះ ជា​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់លោក ត្រាំ ដែល​គោលដៅ​សំខាន់​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ​រវាង​អាមេរិក​និង​បណ្តា​ប្រទេស​ម៉ូ​ស្លី​ម​ធំៗ​លើ​ពិភពលោក​។​



​ការិយាល័យ​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះ​ចៅ សាល់​ម៉ាន បានចេញ​បញ្ជា​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​រៀបចំ​ឲ្យ​ស្រេចបាច់​ក្នុង​ការទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ មហាក្សត្រ សាល់​ម៉ាន បាន​បញ្ជា​ឲ្យ​ក្រសួង​នេះ​បញ្ចេញ​សាច់ប្រាក់​ដល់​ទៅ 257 លាន​រី​យ៉ា​ល់ (Rial) ដែល​ស្នើ​នឹង​ជិត​៦៨​លាន​ដុល្លារ ទៅ​ឲ្យ​ស្ថាប័នរដ្ឋ​នានា ដើម្បី​រៀបចំ​ទទួល​លោក ត្រាំ រាប់ទាំង​ការ​ស្នាក់នៅ វត្ថុ​អនុស្សាវរីយ៍​ជាដើម ។​

​ជាមួយ​ការចាយ​ប្រាក់​ច្រើន​បែបនេះ អា​រ៉ា​ប៊ី​សា​អូឌីត ចង់បង្ហាញ​ពីស​មានចិត្ត​របស់ខ្លួន​ចំពោះ​ប្រធានាធិបតី ត្រាំ និង​ទំនាក់ទំនង​ទ្វេភាគី​ផង​។ លោក ត្រាំ នឹង​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ចាប់ពី​ថ្ងៃទី​១៩ ខែឧសភា មុន​បន្តដំណើរ​ទៅកាន់​អ៊ីស្រាអែល​។ បញ្ចប់​ដំណើរ​នៅ​មជ្ឈិមបូព៌ា លោក ត្រាំ នឹង​បន្តដំណើរ​ទៅ​ជួប​សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស​ដល់​បុរី​វ៉ា​ទី​កង់ រួច​បន្ត​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ G7 ក្នុង​ក្រុង​រ៉ូម​ទៀត​។​

​បើតាម​សារព័ត៌មាន Riyadh Herald ឯកសារ​ចំណាយ​ដែល​បែកធ្លាយ​បង្ហាញ​មាន​ចំណារ​ថា «​បន្ទាន់ និង​សម្ងាត់​» នឹងត្រូវ​ផ្ញើ​ទៅកាន់​គណៈរដ្ឋមន្ត្រី​, ក្រសួងការពារជាតិ និង​អង្គភាព​មួយចំនួនទៀត​ផងដែរ ដើម្បី​សហការ​។ ចំនួន​ទឹកប្រាក់​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​នេះ ត្រូវ​ចាត់ទុកជា​ការចំណាយ​ធំជាងគេ​មិន​ធ្លាប់​មាននៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងការ​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ តែ​ភ្ញៀវ​លើក​នេះ គឺ​ប្រធានាធិបតី​អាមេរិក ត្រាំ ។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ទាំង​ប្រធានាធិបតី ត្រាំ ទាំង​ព្រះ​ចៅ​សាល់​ម៉ា សុទ្ធតែជា​អ្នក​ចាយលុយ​ធំ​ក្នុងពេល​ធ្វើដំណើរ​ទៅណា​មក​ណា​ម្ដងៗ​។ បើ​គេ​ចាំ​មិន​ភ្លេច​ទេ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី ព្រះ​ចៅ​សាល់​ម៉ាន បាន​ចំណាយលុយ​រាប់លាន​ដុល្លារ​លើ​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​។ នៅ​អាស៊ី ព្រះអង្គ​បាន​នាំយក​ជណ្ដើរ​យន្តហោះ​ដោយផ្ទាល់​ចំនួន​២ ប្រើប្រាស់​ឡាន​៥០០​គ្រឿង​សម្រាប់​ប្រតិភូ​ទាំងមូល និង​ត្រូវការ​បន្ទប់​សណ្ឋាគារ​មិនតិចជាង​១០០០​បន្ទប់​ឡើយ​។​

​ងាក​ទៅ​និយាយ​រឿង​ទឹកប្រាក់​ចំនួន​៦៨​លាន​ដុល្លារ​វិញ ទឹកប្រាក់​នេះ គឺជា​ការចំណាយ​របស់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​សុទ្ធសាធ ដោយ​មិន​បូក​បញ្ចូល​ថ្លៃ​ដំណើ​របស់លោក ត្រាំ ដែល​ចេញ​ដោយ​រដ្ឋាភិបាល​អាមេរិក​ឡើយ​។ ពេល​លោក ត្រាំ ធ្វើដំណើរ​ម្ដងៗ រដ្ឋាភិបាល​អាមេរិក​ត្រូវ​ចំណាយ​យ៉ាងច្រើន​ដែរ​ដូច​ជាការ​ការចំណាយ​លើ​យន្តហោះ Air Force 1, ថ្លៃ​ចំណាយ​របស់​ភ្នាក់ងារ​សម្ងាត់​ដែល​ចាំ​ការពារ​ប្រធានាធិបតី និង​ថ្លៃ​ស្នាក់នៅ​របស់​ក្រុមការងារ​ជាដើម​៕


Tag:
 ​អា​រ៉ា​ប៊ី​សា​អូឌីត​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com