អន្តរជាតិ
កូរ៉េខាងជើង បង្ហាញ​ឈ្មោះ​មេខ្លោង​នៅ​ពីក្រោយ​ផែនការ​ធ្វើឃាត​លោក គីម ជុង​អ៊ុន
12, May 2017 , 10:39 pm        
រូបភាព
​រដ្ឋអាជ្ញា​កូរ៉េខាងជើង បានបង្ហាញ​ឈ្មោះ​អ្នករៀបចំ​ផែនការ​ចំនួន​៤​នាក់ ជុំវិញ​ការប៉ុនប៉ង​ធ្វើឃាត​មេដឹកនាំ​កំពូល​របស់ខ្លួន លោក គីម ជុង​អ៊ុន ដែល​កូរ៉េខាងជើង​អះអាងថា នៅ​ពីក្រោយ​ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​កណ្ដាល CIA និង​អង្គភាព​ចារកម្ម​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង បានស្នើ​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង បញ្ជូន​មេខ្លោង​ទាំង​៤ មក​ឲ្យ​ខ្លួន​ដើម្បី​កាត់ទោស​។​



​មនុស្ស​ចំនួន​៤​នាក់ ត្រូវបាន​កូរ៉េខាងជើង​ចោទថា​បានរៀបចំ​ផែនការ​សម្លាប់​លោក គីម ជុង​អ៊ុន ដោយ​ប្រើ​សារធាតុ​គីមី​។ កាលពី​សប្ដាហ៍ កូរ៉េខាងជើង​និយាយថា ភេ​វរ​ករ​មួយក្រុម​ដែល​គាំទ្រ​ដោយ CIA របស់​អាមេរិក និង​អង្គភាព​ចារកម្ម​របស់​កូរ៉េខាងត្បូង បាន​ជ្រៀតចូល​ទឹកដី​របស់ខ្លួន ក្នុង​គោលដៅ​ធ្វើឃាត​លោក គីម ជុង​អ៊ុន​។  

​ការិយាល័យ​រដ្ឋអាជ្ញា​កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន នឹងដាក់​ទោស​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​លើ​មេគំនិត​រៀបចំ​ផែនការ​ធ្វើឃាត ព្រមទាំង​កូនចៅ​របស់​ពួកគេ​ដែរ​។ បើតាម​ទី​ភ្នា​ក់​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ក្នុងចំណោម​មេខ្លោង​ទាំង​៤ ក៏មាន​ឈ្មោះ Lee Byong-ho ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​ដែរ​។ ប៉ុន្តែ​លោក Lee Byong-ho នឹង​ចាក​ចេញពី​តំណែង​នៅពេល​ខាងមុខ ព្រោះ​តំណែង​នេះ​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​លោក Suh Hoon វិញ​។​

​ជាមួយនឹង​ការប្រកាស​ឈ្មោះ​មេគំនិត រដ្ឋអាជ្ញា​កូរ៉េខាងជើង ក៏បាន​ចាប់ផ្ដើម​ដំណើរការ​ក្ដី​ផងដែរ ដោយ​អនុលោម​តាមច្បាប់​ឧក្រិដ្ឋ​របស់ខ្លួន​។ កូរ៉េខាងជើង ក៏​ស្នើ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទាំងអស់​ផងដែរ គឺ​ទាំង​អ្នករៀបចំ​ផែនការ អ្នកចូលរួម​គំនិត​ក្នុង​ផែនការ​ភេរវកម្ម​គាំទ្រ​ដោយ​រដ្ឋ​ប្រឆាំង​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន​។ ប៉ុន្តែ​ការស្នើ​របស់​កូរ៉េខាងជើង ទំនងជា​មិន​ទទួលបាន​ការឆ្លើយតប​វិជ្ជមាន​ឡើយ ហើយ​ទាំង​អាមេរិក ទាំង​កូរ៉េខាងត្បូង មិន​ប្រគល់​មន្ត្រី​របស់ខ្លួន​ឲ្យ​កូរ៉េខាងជើង​ដែរ​។​

​ទាក់ទិន​នឹង​រឿងនេះ កូរ៉េខាងជើង​អះអាងថា អង្គភាព​ចារកម្ម​កូរ៉េខាងត្បូង បានរួម​គំនិត​ជាមួយ CIA និង​បានផ្ដល់​ប្រាក់​ឲ្យ​កម្មករ​កូរ៉េខាងជើង​ធ្វើការ​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​កម្មករ​ដែលមាន​ត្រកូល​គីម ធ្វើ​សកម្មភាព​សម្លាប់​លោក គីម ជុង​អ៊ុន ។ កូរ៉េខាងជើង ក៏​ចោទ​កូរ៉េខាងត្បូង​ថា​បានផ្ដល់​លុយ​ចំនួន​២​ម៉ឺន​ដុល្លារ និង​ឧបករណ៍​ទទួល​ព័ត៌មាន​ពី​ផ្កាយរណប ដើម្បី​ធ្វើឃាត​មេដឹកនាំ​កូរ៉េខាងជើង ដោយ​ប្រើ​សារធាតុ​គីមី​។​

​លើសពីនេះ កូរ៉េខាងជើង ក៏​គំរាម​បើក​យុទ្ធនា​ការប្រឆាំង​ភេរវកម្ម ដែល​ខ្លួន​លើកឡើងថា​ផ្ដូ​ច​ផ្ដើមគំនិត​ដោយ​អាមេរិក និង​កូរ៉េខាងត្បូង​ផ្ទាល់​។ គេ​មិនទាន់​ច្បាស់​ពី​ការ​គំរាម​នេះឡើយ ហើយក៏​មិនដឹងថា​កូរ៉េខាងជើង នឹងធ្វើ​តាម​ការ​គំរាម​របស់ខ្លួន​ដែរ ព្រោះ​កូរ៉េខាងជើង​តែងតែ​គំរាម​របៀបនេះ​រហូតមក​។ យ៉ាងណាក្ដី កូរ៉េខាងជើង​អាច​សងសឹក​តាមរយៈ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​អាមេរិក​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​កូរ៉េខាងជើង​ក៏​ថា​បាន​៕   


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  CIA
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com